អភិបាលខេត្តឧត្តរមានជ័យ៖​ ខេត្តបានពង្រីកការតភ្ជាប់បណ្ដាញអគ្គិសនី ឱ្យបានទូលំទូ​លាយ​គ្រប់​ភូមិទូទាំងខេត្ត ក្នុងពេលបច្ចុប្បន្ននេះ

AKP ភ្នំពេញ ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០–

ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្តឧត្ដរមានជ័យ បានអះអាងថា​ បច្ចុប្បន្ននេះ​រដ្ឋបាល​ខេត្តបានពង្រីកការតភ្ជាប់បណ្ដាញអគ្គិសនីឱ្យបានទូលំទូលាយគ្រប់ភូមិទូទាំងខេត្ត ក្នុង​នោះ​ក្រុងសំរោង ភ្ជាប់បណ្ដាញអគ្គិសនីពីប្រទេសថៃមកប្រើប្រាស់។ ឯកឧត្ដមបានបញ្ជាក់ ថា​ ចំពោះស្រុក០៤ផ្សេងទៀត កំពុងប្រើប្រាស់បណ្ដាញអគ្គិសនី ដែលវិនិយោគដោយ​វិស័យឯកជន។

ថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្ដីពី «វឌ្ឍនភាព និងទិសដៅបន្ដរបស់រដ្ឋបាលខេត្ត​ឧត្តរ​មានជ័យ» ដែលរៀបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នាព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តម ប៉ែន កុសល្យ​ បានគូសបញ្ជាក់ថា​ បច្ចុប្បន្នអគ្គិសនីកម្ពុជា បានតបណ្ដាញខ្សែចរន្ដសម្រាប់មកផ្គត់ផ្គង់នៅស្រុកបន្ទាយអំពិល ស្រុកចុងកាល់ និងមួយ​ផ្នែក នៃក្រុងសំរោង ដោយបានដាក់ឱ្យដំណើរការក្នុងតំបន់ទាំងនោះជាបណ្ដើរៗហើយ។

ឯកឧត្តម​អភិបាលខេត្ដបានបន្តថា​ ទន្ទឹមនេះ រោងចក្រអគ្គិសនីដើរដោយថាមពលធ្យូងថ្ម កំពុងដំណើរការសាងសង់នៅស្រុកត្រពាំងប្រាសាទ ដែលនឹងផ្គត់ផ្គង់ថាមពល បាន២៦៣​គីឡូវ៉ាត។

ដោយឡែកចំពោះវិស័យកសិកម្ម​ និងឧស្សាហកម្មវិញ​ ឯកឧត្តម​បានបន្ថែមថា​ ខេត្តបានលើកកម្ពស់​ និងកៀរគរក្រុមហ៊ុនវិនិយោគនានា មកវិនិយោគក្នុងខេត្តលើដំណាំ​កៅស៊ូ ស្វាយ ស្រូវ ពោត ម្រេច និងដំឡូងមីជាដើម ដែលរួមចំណែកជួយស្វែងរកការងារ​ជូន​ប្រជាពលរដ្ឋ កាត់បន្ថយចំណាកស្រុក និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជា​ពលរដ្ឋ៕ ដោយ៖ ចាន់ សុធីវង្ស