សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ ទទួលថវិកាក្នុងទិវាកាកបាទក្រហម អឌ្ឍចន្ទក្រហម ខួបលើកទី១៥៧

AKP ព្រះសីហនុ ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០—

នៅព្រឹកថ្ងៃអង្គារ ១៣រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហម កម្ពុជាខេត្តព្រះសីហនុ អញ្ជើញទទួលថវិកាមនុស្សធម៌ពីសប្បុរសជន ក្នុងឱកាសខួបលើក ទី១៥៧ ទិវាកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ឧសភា ឆ្នាំ២០២០ ក្រោមប្រធានបទ ” ខ្ញុំ ស្រឡាញ់សន្តិភាព និងកាកបាទក្រហមកម្ពុជា ” នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ មានទីតាំងស្ថិតនៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ។

ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តព្រះសីហនុ បានថ្លែងអំណរគុណការចូលរួមវិភាគទានពីសម្ដេច ឯកឧត្ដម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី ជាសប្បុរសជនទាំងក្នុងវិស័យសាធារណៈ និងវិស័យឯកជន ដែលបាន ចូលរួមវិភាគទានជាមួយសាខាកាកបាទក្រហមខេត្តព្រះសីហនុ។

ឯកឧត្តមថ្លែងថា មូលនិធិដែលសាខាទទួលបានពីសប្បុរសជនក្នុងទិវាកាក បាទក្រហម អឌ្ឍចន្ទក្រហម ៨ឧសភា ឆ្នាំ២០២០នេះ បានជួយឱ្យសាខាមានធនធាន អាចធ្វើប្រតិបត្តិការការងារមនុស្សធម៌ ដោយពុំមានការរើសអើងសំដៅរួមចំណែកជួយ សង្គ្រោះជីវិតមនុស្ស ការកសាងភាពធន់ទៅនឹងគ្រោះមហន្តរាយផ្សេងៗ ការកាត់បន្ថយ អត្រាឈឺ និងស្លាប់នៃមាតា និងទារក កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ការលើក កម្ពស់គោល ការណ៍គ្រឹះនៃតម្លៃមនុស្សធម៌ សេចក្តីថ្លៃថ្នូររបស់មនុស្សជាតិ និងវប្បធម៌ អហិង្សានានានៅ ក្នុងខេត្តព្រះសីហនុ។

ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ សង្ឃឹមនឹងជឿជាក់ថា សប្បុរសជន និងបន្តចូលរួមវិភាគទានបន្តទៀត ដើម្បី ទ្រទ្រង់ដល់សាខាកាកបាទក្រហមខេត្តព្រះសីហនុ សាខានឹងនៅរង់ចាំទទួលអំណោយ មនុស្សធម៌ពីបងប្អូនប្រជាពលរដ្ឋ សប្បុរសជន អាជីវករ ពាណិជ្ជករគ្រប់ពេលវេលា៕ ដោយ៖ ងូ សុមុនី