សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាមទទួលបានថវិកាជាង ២៦ម៉ឺនដុល្លារអាម៉េរិកពី សប្បុរសជននានា សម្រាប់ខួបលើកទី១៥៧ ទិវាកាកបាទក្រហម អឌ្ឍចន្ទក្រហម

AKP កំពង់ចាម ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០–់

នៅស្នាក់ការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម រសៀលចន្ទ ១២រោច ខែពិសាខ ឆ្នាំជូតទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត និងជាប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម បានទទួលអំណោយមនុស្សធម៌ពីសប្បុរសជននានា មានទឹកប្រាក់ប្រមាណជាង ២៦ម៉ឺនដុល្លារអាម៉េរិក ក្នុងឱកាសខួបលើកទី១៥៧ ទិវាកាកបាទក្រហម អឌ្ឍចន្ទក្រហម ក្រោមប្រធានបទ ” ខ្ញុំស្រឡាញ់សន្តិភាព និងកាកបាទក្រហមកម្ពុជា “។

ឯកឧត្តម អ៊ុន ចាន់ដា បានថ្លែងអំណរគុណចំពោះ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី ដែលបានចូលរួមវិភាគទានជួយទ្រទ្រង់ដល់សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម សម្រាប់ខួបលើកទី១៥៧ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ក្រោមប្រធានបទ “ ខ្ញុំស្រឡាញ់សន្តិភាព និងកាកបាទក្រហមកម្ពុជា ” ។ ការបរិច្ចាគទាំងនេះពិតជាបានរួមចំណែកក្នុងជួយគាំទ្រពីសប្បុរសជនគ្រប់មជ្ឈដ្ឋានដល់សាខាកាកបាទក្រហមខេត្ត ឱ្យមានធនធានអាចធ្វើប្រតិបត្តិការមនុស្សធម៌របស់ខ្លួនដោយពុំមានការរើសអើងសំដៅរួមចំណែកក្នុងការជួយសង្គ្រោះជីវិតមនុស្ស ការកសាងភាពធន់ទៅនឹងគ្រោះមហន្តរាយផ្សេងៗ ការកាត់បន្ថយអត្រាឈឺ និងស្លាប់នៃមាតា និងទារក កាត់បន្ថយគ្រោះថ្នាក់ចរាចរ ការលើកកម្ពស់ គោលការណ៍គ្រឹះនៃតម្លៃមនុស្សធម៌ សេចក្តីថ្លៃថ្នូររបស់មនុស្សជាតិ និងវប្បធម៌អហិង្សា។

ឯកឧត្តម អ៊ុន ចាន់ដា បានបញ្ជាក់ថា ក្នុងស្ថានភាពពិភពលោក ក៏ដូចជាព្រះរាជាណាចក្រកម្ពុជា កំពុងខិតខំប្រឹងប្រែងបង្ការ ការពារ ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩យើងមិនអាចរៀបចំប្រារព្ធពិធីអបអរសាទរខួបលើកទី១៥៧ ទិវាកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ក្រោមប្រធានបទ “ ខ្ញុំស្រឡាញ់សន្តិភាព និងកាកបាទក្រហមកម្ពុជា” ឱ្យបានអធឹកអធមឡើយ គឺយើងគ្រាន់តែបានធ្វើការអំពាវនាវដល់សប្បុរសជន ឯកឧត្តម លោកជំទាវលោកឧកញ៉ា លោក លោកស្រី បន្តជួយឧបត្ថម្ភគាំទ្រដល់សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម សំដៅរួមចំណែកក្នុងការជួយសង្គ្រោះជីវិតមនុស្ស ដែលរងគ្រោះមហន្តរាយផ្សេង ៗ ដូចជាការជួយសម្រាលទុក្ខលំបាករបស់ជនរងគ្រោះ និងជនងាយរងគ្រោះរួមមាន ជនពិការ ចាស់ជរាគ្មានទីពឹង កុមារកំព្រា ស្ត្រីមេម៉ាយមានកូនច្រើន និងអ្នកមានជំងឺរ៉ាំរ៉ៃ នៅទូទាំងខេត្ត បានទាន់ពេលវេលា ដោយពុំមានការរើសអើងពូជសាសន៍ ជំនឿសាសនា ឬនិន្នាការ​នយោបាយ៕ ដោយ៖ ឆាយម៉ុត