ក្រុមប្រឹក្សាខេត្តកណ្តាល បើកកិច្ចប្រជុំវិសាមញ្ញ អាណត្តិទី៣ ដើម្បីពិនិត្យ និងអនុម័តលើការកែសម្រួលគម្រោងអភិវឌ្ឍន៍ឆ្នាំ២០២០

AKP កណ្តាល ថ្ងៃទី១៩ ខែឧសភា ឆ្នាំ ២០២០–

នៅរសៀលថ្ងៃចន្ទ ១២រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០ ក្រុមប្រឹក្សាខេត្តកណ្តាល បានបើកកិច្ចប្រជុំវិសាមញ្ញ អាណត្តិទី៣ ដោយផ្តោតសំខាន់ទៅលើការពិនិត្យ និងអនុម័ត លើការកែសម្រួលគម្រោងអភិវឌ្ឍន៍ឆ្នាំ២០២០ ប្រើប្រាស់ថវិការបស់ខេត្ត ។

កិច្ចប្រជុំនេះធ្វើឡើងក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម នុត ពុធដារ៉ា អភិបាលរងខេត្ត ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត និងបណ្ដាមន្ទីរនានាជុំវិញខេត្តផងដែរ។

ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ បានមានប្រសាសន៍ថា ដោយសារតែបញ្ហាជំងឺកូវីដ-១៩ បានឆ្លងរីករាលដាលតាមបណ្ដាប្រទេសជាច្រើនក្នុងពិភពលោកមួយរយៈនេះមក វាបានធ្វើឱ្យសេដ្ឋកិច្ចពិភពលោកមានការធ្លាក់ចុះជាលំដាប់ ហើយប្រទេសកម្ពុជា និងប្រទេសនានាជាច្រើនទៀតក៏បានរងឥទ្ធិពលនេះផងដែរ ។ ដោយសារតែបញ្ហាសេដ្ឋកិច្ចនេះហើយ ទើបរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចកាត់បន្ថយនូវថវិកាមួយចំនួន ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ក្នុងការយកទៅអនុវត្តន៍គម្រោងនានា ដែលបានអនុម័តរួចហើយ ដោយមានការព្រួយបារម្ភចំពោះគម្រោងទាំងនោះ មិនអាចអនុវត្តន៍បានជោគជ័យតាមការគ្រោងទុក ក្នុងពេលដែលសេដ្ឋកិច្ចកំពុងតែជួបបញ្ហាដោយសារជំងឺកូវីដ-១៩ ។

ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត បានបញ្ជាក់ថា តាមរយៈការឯកភាពគ្នា រវាងក្រុមប្រឹក្សាខេត្ត និងគណៈអភិបាលខេត្តកណ្ដាល ក្នុងការកែសម្រួលគម្រោង ដែលមិនចាំបាច់នានារបស់ខេត្ត គឺបានសម្រេចជ្រើសរើសយកតែ ៣៨គម្រោង ក្នុងចំណោមគម្រោងសរុបចំនួន ៧៤ គម្រោង។

ចំពោះគម្រោងដែលក្រុមប្រឹក្សាបានអនុម័ត ដកចេញនាពេលនេះគឺមិនមែនជាគម្រោងដែនមិនសំខាន់នោះទេ នៅពេលដែលបញ្ហាជំងឺកូវីដ-១៩ មានភាពធូរស្រាល មានកំណើនសេដ្ឋកិច្ចឡើងវិញនោះ យើងនឹងយកគម្រោងទាំងនោះមកធ្វើការអនុវត្តឡើងវិញបន្តទៀត ៕ ដោយ៖ ណយ នឿន (ប្រភពៈរដ្ឋបាលខេត្តកណ្តាល)