អភិបាលរងខេត្ត ដឹកនាំកិច្ចប្រជុំពិភាក្សា ការរៀបចំសណ្តាប់ធ្នាប់សាធារណៈ នៅជុំវិញផ្សារធំក្រុងបាត់ដំបង

AKP បាត់ដំបង ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០–

នៅព្រឹកថ្ងៃចន្ទ ១២រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០ លោក សឿម ប៊ុនរិទ្ធិ អភិបាលរង ខេត្តបាត់ដំបង បានដឹកនាំកិច្ចប្រជុំពិភាក្សាការរៀបចំសណ្តាប់ធ្នាប់សាធារណៈនៅជុំវិញផ្សារធំ (ផ្សារណាត់) ដែលស្ថិតនៅកណ្តាលក្រុងបាត់ដំបង ខេត្តបាត់ដំបង ដែលកិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពីលោក លោកស្រី នាយក នាយករងរដ្ឋបាលខេត្ត មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត អភិបាលក្រុង តំណាងម្ចាស់ផ្សារណាត់ និង អ្នកពាក់ព័ន្ធមួយចំនួនទៀត។

កិច្ចប្រជុំពិភាក្សានេះធ្វើឡើង ក្រោយពីមានការរិះគន់ពីសំណាក់មហាជន អំពីការកកស្ទះចរាចរណ៍ជុំវិញផ្សារ ការលក់ដូរ ការចតយានយន្តគ្មានសណ្តាប់ធ្នាប់ ដែលធ្វើឱ្យមានការបាត់បង់នូវសោភណភាព និង ធ្វើប៉ះពាល់ដល់ធ្នាប់សាធារណៈ ។

រដ្ឋបាលខេត្តបាត់ដំបង ក៏បានធ្វើការប្រជុំពិភាក្សាគ្នា ដើម្បីធ្វើការរៀបចំសណ្តាប់ធ្នាប់ឡើងវិញជុំវិញផ្សារធំ ក្រុងបាត់ដំបងនេះ និង ស្នើសុំគោលការណ៍ណែនាំបន្ថែមពី ឯកឧត្តម អភិបាលខេត្ត ដើម្បីចុះអនុវត្តន៍ជាក់ស្តែងនៅនឹងកន្លែងតែម្តង ។

បន្ទាប់ពីបញ្ចប់កិច្ចប្រជុំរួចមក លោក សឿម ប៊ុនរិទ្ធិ បានដឹកនាំក្រុមការងារ និង អ្នកវិនិយោគផ្សារ ចុះពិនិត្យទីតាំងផ្សារ ដើម្បីសិក្សាស្វែងរកចំណុចរួមមួយក្នុងការអនុវត្ត និង កែលម្អសណ្តាប់ជុំវិញផ្សារធំនេះ ឱ្យកាន់តែល្អប្រសើរផងដែរ៕ ដោយ៖ ណយ  នឿន (ប្រភពៈរដ្ឋបាលខេត្តបាត់ដំបង)