ខេត្តកំពង់ចាម ធ្វើស្រែវស្សាបានជាង ៣០ភាគរយ នៃផែនការហើយ

AKP កំពង់ចាម ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០–

លោក ស៊ឹម ថាវីរៈ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ចាម បានឱ្យទីភ្នាក់ងារសារព័ត៌មានកម្ពុជា “AKP” ដឹងនៅថ្ងៃច័ន្ទ ១២រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០ថា ដោយមានរបាយទឹកភ្លៀងបានធ្លាក់ជាបន្តបន្ទាប់នៅគ្រប់តំបន់នានាក្នុងខេត្តកំពង់ចាម ធ្វើ ឱ្យប្រជាកសិករមានលទ្ធភាពគ្រប់គ្រាន់ក្នុងការចុះ ភ្ជួរ រាស់ សាបព្រោះស្រូវរដូវវស្សាបាន។

ប្រធានមន្ទីរកសិកម្មខាងលើ បានឱ្យដឹងបន្តថា គិតមកត្រឹមថ្ងៃទី១៣ ឧសភា ឆ្នាំ២០២០នេះប្រជាកសិករនៅតាមបណ្តាមូលដ្ឋាននានាក្នុងខេត្តទាំងមូល សម្រេចធ្វើការភ្ជួរ រាស់លើផ្ទៃដីស្រែបានចំនួន ៣៣.០០០ហិកតា ក្នុងនោះភ្ជួរ រាស់ដោយគ្រឿងយន្តកសិកម្មបានចំនួន ៣១.៧០០ហិកតា និងកម្លាំងអូសទាញគោ ក្របីមានចំនួន ១.៣០០ហិកតា និងបានធ្វើការងារបង្កបង្កើនផលស្រូវបានលើផ្ទៃដីប្រមាណជាង ២៦.៣០០ហិកតា គឺស្មើនឹងជាង ៣០ភាគរយ នៃផែការ៨៦.៤៦១ហិកតា ដែលក្នុងនោះស្រូវស្រាល អនុវត្តន៍បានជាង ១២.០០០ហិកតា ស្រូវកណ្ដាលបានជាង ៧.៤០០ហិកតា និងស្រូវធ្ងន់អនុវត្តន៍បានចំនួនជាង ៦.៩០០ហិកតា។

លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ចាម បានឱ្យដឹងទៀតថា ក្នុងបរិបទដែលពិភពលោក និងប្រទេសជាតិជួបបញ្ហាជំងឺកូវីដ-១៩ ដើម្បីធានាបាននិរន្តរភាពស្បៀងក្នុងស្រុក និងដោយមានការណែនាំពីឯកឧត្តមរដ្ឋមន្ត្រីក្រសួងកសិម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏ដូចជាអភិបាលខេត្តបានជំរុញដល់មន្ទីរកសិកម្មខេត្ត ត្រូវយកចិត្តទុកក្នុងការផ្សព្វ ផ្សាយលើការងារបង្កបង្កើនដល់ប្រជាកសិករ និងជំរុញឱ្យគាត់យកចិត្តទុកដាក់ខ្ពស់ក្នុងការធ្វើស្រូវស្រាល និងជ្រើសរើសពូជមានរយៈពេលដាំដុះខ្លី ទទួលទិន្នផលខ្ពល់ ធន់នឹងអាកាសធាតុហើយមន្ទីរកសិកម្មខេត្ត បាននិងកំពុងយកចិត្តទុកដាក់ខ្ពស់លើបញ្ហានេះ។

លោកបានបន្ថែមទៀតថា បច្ចុប្បន្ននេះបច្ចេសទេសក្នុងវិស័យកសិកម្មបាននិងកំពុងឈានទៅទំនើបកម្មដោយបច្ចុប្បន្នការធ្វើស្រែរបស់ប្រជាកសិករយើងបានធ្វើការ ភ្ជួររាស់ ដោយភាគច្រើនគឺការប្រើប្រាស់គ្រឿងយន្តកសិកម្ម ស្របទៅតាមប្រទេសជាតិមានរីកចម្រើន និងមានការអភិវឌ្ឍនោះ។ តែទោះយ៉ាងណាការភ្ជួរ រាស់ដោយប្រើប្រាស់កម្លាំងអូសទាញដោយ គោ ក្របី នៅតែមានតែត្រូវបានកាត់បន្ថយ ដោយគោ ក្របីក្លាយជាទំនិញទីផ្សារទៅវិញ។

លោក ស៊ឹម ថាវីរៈ បញ្ជាក់ថា ការភ្ជួរ រាស់ព្រោះដោយគ្រឿងយន្តកសិកម្ម វាលឿនស្របតាមបែបវិទ្យាសាស្ត្រទំនើប។ ចំពោះការងារដកស្ទូងដោយដៃត្រូវបានកាត់បន្ថយប្រជាកសិករងាកមកធ្វើស្រែរបៀបស្រូវពង្រោះវិញ ដោយព្រោះស្រូវមិនត្រូវការកម្លាំងពលកម្មច្រើនដូចធ្វើការដកស្ទូងនោះទេ ចំណេញពេលវេលា និងប្រើប្រាស់កម្លាំងពលកម្មតិច។ ដោយកូនចៅរបស់ពួកគាត់ចេញទៅធ្វើការនៅតាមបណ្តារោងចក្រ សហគ្រាស និងមួយចំនួនធ្វើចំណាកស្រុក ដើម្បីយកប្រាក់មកផ្គត់ផ្គង់គ្រួសារ។

លោកប្រធានមន្ទីរកសិកម្ម បានបញ្ជាក់បន្ថែុមថា ក្រោមការណែនាំពីឯកឧត្តមរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏ដូចជាឯកឧត្តមអភិបាលខេត្ត បានជំរុញដល់មន្ទីរកសិកម្មខេត្តត្រូវយកចិត្តទុកក្នុងការផ្សព្វផ្សាយបច្ចេកទេសកសិកម្មដល់ប្រជាកសិករ គឺក្រុមជំនាញបានចុះអប់រំដោយផ្ទាល់ជាមួយប្រជាកសិករ ក្នុងការអនុវត្ត និងណែនាំដល់ពួកគាត់ ឱ្យធ្វើនូវពូជថ្មីដែមានសក្តានុពលសេដ្ឋកិច្ច និងមានទិន្នផលខ្ពស់ មានដូចជា៖ ពូជសែនក្រអូប, ផ្ការំដួល, ពូជ៥០៤,  MO៥១, និងពូជ៥៤, ជាប្រភេទស្រូវស្រាល ហើយការដាំដុះមានរយៈពេលខ្លីស្របនឹងអាកាសធាតុ និងផ្តល់ទិន្នផលខ្ពស់ព្រមទាំងមានទីផ្សារផលិតផលផងដែរ។

ខេត្តកំពង់ចាមមានផ្ទៃដីបង្កបង្កើនផលស្រូវចំនួន ១២៨.៥៤០ហិកតា ក្នុងនោះមានផ្ទៃដីបង្កបង្កើនផលស្រូវវស្សាជិត ៨៦.៥៤០ហិកតា និងផ្ទៃដីស្រូវរដូវប្រាំងមានចំនួន ៤២.០០០ហិកតា ៕ ដោយ៖ឆាយ ម៉ុត