ទូតអាម៉េរិក ជំរុញឱ្យកម្ពុជាពិនិត្យលើការប្រើប្រាស់ប្រភេទអាកាសយាន Boeing និងពង្រឹងកិច្ចសហការប្រតិបត្តិការវិស័យអាកាសចរណ៍ស៊ីវិលរវាងប្រទេសទាំងពីរ

AKP ភ្នំពេញ ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០–

ឯកឧត្ដម W Patrick Murphy ឯកអគ្គរដ្ឋទូត សហរដ្ឋអាមេរិក ប្រចាំនៅកម្ពុជាបានជំរុញឱ្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលពិនិត្យថាតើគួរមានការប្រើប្រាស់ប្រភេទអាកាសយាន Boeing នៅក្នុងប្រទេសកម្ពុជា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យអាកាសចរណ៍រវាងប្រទេសទាំងពីរសហរដ្ឋអាមេរិក និងកម្ពុជានាពេលអនាគត។ ការលើកឡើងរបស់ឯកឧត្ដម ឯកអគ្គរដ្ឋទូតនេះ ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម នាយឧត្តម សេនីយ៍ បណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល នាព្រឹកចន្ទ ១២ រោច ខែពិសាខ ឆ្នាំជូត ទោស័កព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០។ នេះបើយោងតាមរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល។

ឯកឧត្ដម W Patrick Murphy បានលើកលើកឡើងនូវការវិវត្តវិស័យអាកាសចរណ៍ស៊ីវិលនៅកម្ពុជា ជាពិសេសក្នុងអំឡុងពេលCovid-19 ការសងសង់អាកាសយានដ្ឋានអន្តរជាតិ និងមានការប្រើប្រាស់ប្រភេទអាកាសយាន Boeing នៅក្នុងប្រទេសកម្ពុជាការផ្តល់សច្ចាប័ននៃការអនុវត្តអនុសញ្ញា Cape Town Convention ដែលជាប្រយោជន៍សម្រាប់ហិរញ្ញប្បទានក្នុងការជួលអាកាសយាន ព្រមទាំងកិច្ចព្រមព្រៀងផ្លូវអាកាសរវាងកម្ពុជានិងអាម៉េរិក។

ជាកាឆ្លើយតប ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រីបណ្ឌិត ម៉ៅ ហាវណ្ណាល់ បានគូសបញ្ចាក់ថា ចំពោះការចង់ឱ្យមានការប្រើប្រាស់ប្រភេទអាកាសយានប៊ូអ៊ីងនៅកម្ពជា ឯកឧត្តមបណ្ដិតសូមស្វាគមន៍ និងសូមឱ្យក្រុមហ៊ុន Boeing មកសហការនិងធ្វើបទបង្ហាញដល់អ្នកប្រើប្រាស់ ហើយឯកឧត្តមបណ្ឌិតផ្ទាល់ក៏ពេញចិត្តធ្វើដំណើរតាមប្រភេទយន្តហោះ Boeing ដែរជាពិសេសប្រភេទយន្តហោះ B777 ដែលផ្តល់ផាសុកភាពក្នុងការធ្វើដំណើរ។

ឯកឧត្ដមបានថ្លែងថា ក្នុងរយៈពេលចុងក្រោយនេះវិស័យអាកាសចរណ៍ស៊ីវិលកម្ពុជាមានការីកចម្រើនគួរឱ្យកត់សម្កាល់រហូតដល់មានក្រុមហ៊ុនអាកាសចរណ៍ដែលបានបង្កើតឡើងនៅកម្ពជាមានចំនួន៨ ប៉ុន្តែដោយសារវិបត្តិជំងឺរាតត្បាតជាសកល Covid-19 កម្ពុជាក៏ដូចជាប្រទេសជាច្រើនលើពិភពលោកដែលត្រូវបានផ្អាកក្នុងគោលបំណងទប់ស្កាត់ជំងឺនេះ។ ប៉ុន្តែកម្ពុជានៅមានប្រតិបត្តិការខ្លះៗជាធម្មតា ដូចជាការបំពេញភាពជាមនុស្សធម៌ ដឹកអ្នកដំណើរអាម៉េរិក និងជាតិសាសន៍ផ្សេងៗ ទៀតពីកប៉ាល់វេសដាំ និងទំនិញជាដើម។ ឯកឧត្ដមបណ្ឌិតបានបន្ដថា ចំពោះការសាងសង់អាកាសយានដ្ឋានថ្មីគឺដោយសារទី១ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញមានលក្ខណៈតូចចង្អៀត និងមានទីតាំងមិនអំណោយផល ពោលគឺនៅកៀកក្រុងពេក ហើយព្រលានត្រូវវិនិយោគដោយក្រុមហ៊ុនកូនខ្មែរក្នុងស្រុក។ ទី២ អាកាសយានដ្ឋានអន្តរជាតិខេត្តសៀមរាប ក៏មានលក្ខណៈតូចចង្អៀតដែរ ជាពិសេសស្ថិតនៅជិតអង្គរវត្ត ដែលមានការការពារពី អង្គការ UNESCO ហើយអាកាសយានដ្ឋាននេះ វិនិយោគដោយក្រុមហ៊ុនយូណាន មកពីប្រទេសចិន។ អាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុគឺយើងទុកលទ្ធភាពជូនក្រុមហ៊ុន SCA/VINCI ធ្វើការវិនិយោគពង្រីកបន្ថែមកម្រិតថ្នាក់4E ហើយនឹងបញ្ចប់នៅខែតុលា ឆ្នាំ២០២២ខាងមុខ។

ឯកឧត្តមបណ្ឌិតរដ្ឋមន្រ្ដីក៏មិនជំទាស់ចំពោះសំណើគិតគូរអនុសញ្ញាខេបថោន Cap Town Convention តែឯកឧត្តមបណ្ឌិតក៏ស្នើឱ្យឯកឧត្ដម ឯកអគ្គរដ្ឋទូតផ្តល់អ្នកប្រឹក្សា និងជំនួយបច្ចេកទេសក្នុងដំណើរការនេះ។ ដោយឡែកចំពោះកិច្ចព្រមព្រៀងសេវាកម្មដឹក ជញ្ជូនតាមផ្លូវអាកាសវិញ គឺរហូតមកទល់ពេលនេះកម្ពុជាបានចុះហត្ថលេខាទាំងទ្វេភាគី និងពហុភាគីបានចំនួន៤៤ប្រទេសហើយ ក្នុងនោះជាមួយអាស៊ានមានចំនួន៦ កិច្ចព្រមព្រៀងពហុភាគី។ ជាមួយសហរដ្ឋអាមេរិក ភាគីទាំងពីរបានជួយពិភាក្សាគ្នាតាំងពីឆ្នាំ២០១៤មក ហើយក៏មានចំណុចឯកភាពគ្នាច្រើន លើកលែងតែពាក្យនិយមន័យ ទឹកដី និងការស្នើសុំធ្វើសេវាកម្មផ្ទៃដីដោយភាគីអាម៉េរិកផ្ទាល់ខ្លួនឯង។ ចំណុចនេះឯកឧត្តមនឹងពិនិត្យពន្លឿន ហើយសេវាកម្មផ្ទៃដីគួរក្រុមហ៊ុនអាម៉េរិកមកធ្វើការពិភាក្សាផ្ទាល់ជាមួយក្រុមហ៊ុនវិនិយោគអាកាសយានដ្ឋាន BOT អាកាសចរណ៍ស៊ីវិលចាំតែជួយសម្របសម្រួលជូន។

ឯកឧត្តអគ្គរដ្ឋទូតសហរដ្ឋអាមេរិកបានកោតសសើរដល់ការដឹកនាំរបស់ឯកឧត្តមបណ្ឌិតរដ្ឋមន្រ្ដី ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា ហើយឯកឧត្ដមក៏នឹងជំរុញឱ្យក្រុមហ៊ុនអាកាសចរណ៍អាម៉េរិកមកពិភាក្សាដោយផ្ទាល់ជាមួយក្រុមហ៊ុនវិនិយោគអាកាសយានដ្ឋានកម្ពុជាក្រោមកិច្ចសម្របសម្រួលពីរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវីល និងរៀបចំឱ្យមានអ្នកទំនាក់ទំនងមករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល និងជំនួយបច្ចេកទេសសម្រាប់ការផ្តល់សច្ចាប័នអនុសញ្ញាCap Town៕ ដោយ៖រិទ្ធី