អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា អំពាវនាវឱ្យប្រជាពលរដ្ឋ ដែលទៅទស្សនាអង្គរវត្ត យករថយន្តទៅចតនៅចំណតដែលអាជ្ញាធរបានរៀបចំរួចដោយឥតគិតថ្លៃ

AKP សៀមរាប ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០

លោក ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា បានឱ្យដឹងនៅព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០នេះថា ដើម្បីធ្វើឱ្យបរិវេណមុខប្រាសាទអង្គរវត្តមាន​សោភណភាពស្អាត និងមានសណ្តាប់ធ្នាប់របៀបរៀបរយល្អ អាជ្ញាធរជាតិអប្សរាបាន​កំពុងតែមមាញឹកក្នុងការកែ លម្អនៅតំបន់នេះ ទាំងហេដ្ឋារចនាសម្ព័ន្ធ ភាពបៃតង ចំណតរថយន្ត និងមជ្ឈមណ្ឌល បដិសណ្ឋារកិច្ច ដែលការងារទាំង​នេះ តាមផែនការគ្រោងឱ្យរួចរាល់នៅចុងឆ្នាំ២០២០។

ប៉ុន្តែ សម្រាប់​ចំណតរថយន្តនៅបរិវេណមុខអង្គរ អាជ្ញាធរ​ជាតិ​អប្សរា​បាន​រៀប​ចំរួចរាល់ ហើយ ដោយបានកំណត់ឱ្យរថយន្តចូលចតតាមប្រភេទផងដែរ គឺរថយន្តតូចតាមកន្លែង រថយន្តតូចធំតាមធំ និងរ៉ឺម៉ក និងម៉ូតូតាមកន្លែងម៉ូតូ។ លោកថា ការដែលកំណត់បែបនេះ គឺចង់ឱ្យនៅក្នុងចំណត់ដែលទើបរៀបចំរួចនេះ មាន​សណ្តាប់ធ្នាប់របៀបរៀបរយល្អ ជាពិសេស នៅពេលមេរោគកូវីដ-១៩នៅលើពិភពលោកស្ងប់ស្ងាត់ អ្នកទេសចរចាប់មកលេងអង្គរគេ និងឃើញអ្វីៗនៅមុខបរិវេណប្រាសាទអង្គរប្លែកនិងចាប់អារម្មណ៍ជាងមុន។

លោក ឡុង កុសល បាន​អំពាវនាវឱ្យប្រជាពលរដ្ឋដែលទៅទស្សនាអង្គរ យករថយន្ត ទៅចតនៅចំណត ដែលអាជ្ញាធរបានរៀបចំរួចដោយឥតគិតថ្លៃទៅតាមលំដាប់លំដោយតាម ស្លាកសញ្ញាដែលអាជ្ញាធរជាតិអប្សរាបាន​រៀបចំរួច ឱ្យមានរបៀបរៀបរយ សូមកុំទៅចតតាម ចញ្ចឹមផ្លូវផ្តេសផ្តាសដែលធ្វើឱ្យមានភាពរញ៉េរញ៉ៃ ប៉ះពាល់សណ្តាប់ធ្នាប់៕ ដោយ៖ឃុត សៅ