រដ្ឋមន្រ្ដីក្រសួងយុត្ដិធម៌គូសបញ្ជាក់ថា អ្នកជាប់ឃុំមានប្រមាណ១ម៉ឺន២ពាន់នាក់ ក្នុងសំណុំរឿងជិត៤ម៉ឺនសំណុំរឿង

AKP ភ្នំពេញ ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០

ឯកឧត្ដម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌បានគូសបញ្ជាក់ថា បច្ចុប្បន្ននេះ មានអ្នកកំពុងជាប់ឃុំប្រមាណ១ម៉ឺន២ពាន់នាក់ ក្នុងចំណោមសំណុំសរុបនៅទូទាំងប្រទេស មានជិត ៤ម៉ឺនសំណុំរឿង។

ថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីពីការប្រកាសដោះស្រាយបញ្ហាកកស្ទះសំណុំរឿងនៅតាមសាលាដំបូងរាជធានី ខេត្ត នាព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០ ឯកឧត្ដម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌បានលើកឡើងថា សំណុំនៅនៅទូទាំងប្រទេសមានជិត៤ម៉ឺនសំណុំរឿងក្នុងនោះ បើពិនិត្យអ្នកកំពុងជាប់ឃុំនៅក្នុងពន្ធនាគារមាន១ម៉ឺន២ពាន់នាក់ ក្នុងសំណុំរឿងជិត៤ម៉ឺន សំណុំរឿង។ ឯកឧត្ដមរដ្ឋមន្ត្រីបានលើកឡើងថា យុទ្ធនាការនៃការដោះស្រាយការកកស្ទះសំណុំរឿងតាមសាលាដំបូងរាជធានី ខេត្តនេះ ក្នុងគោលដៅការការ​ពារ​នូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ ជាពិសេសនោះជូនប្រជាពលរដ្ឋបានចាប់ផ្ដើមចេញនូវយុទ្ធនាការប្រយុទ្ធប្រឆាំងមួយចំនួន ក្នុងនោះមានយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងខុសច្បាប់ យុទ្ធនាប្រយុទ្ធប្រឆាំងការកាប់ព្រៃឈើ  ហើយយុទ្ធនាការអនុវត្តន៍ភូមិ ឃុំមានសុវត្ថិភាពផងដែរ។ ឯកឧត្ដមរដ្ឋមន្រ្ដីបានបន្ដថា ក្នុងរយៈពេល២ ឆ្នាំកន្លងមកនេះ ជាមួយនឹងភាពជោគជ័យ និងជាមួយ យុទ្ធនាការបទល្មើសទាំងអស់នោះ ពិសេសយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនគឺបានធ្វើឱ្យមានការកើនឡើងនូវសំណុំរឿងនៅតាមសាលា​ដំបូងរាជធានី ខេត្ត។ ឯកឧត្ដមបានថ្លែងថា “យោងតាមរយៈបាយការណ៍ដែលក្រសួងយុត្តិធម៌ទទួលបានពាក់ព័ន្ធនឹងយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនចាប់ពីឆ្នាំ២០១៦ រហូតដល់ ថ្ងៃទី៣០ខែមេសា ឆ្នាំ២០២០ ឃើញថាសំណុំរឿងគ្រឿងញៀន មានសរុបជិត៣ម៉ឺនសំណុំរឿង មានអ្នកពាក់ព័ន្ធនឹងគ្រឿងញៀនប្រហែល៦ម៉ឺននាក់ ត្រូវបានចាប់ខ្លួន ហើយក្នុងនោះ មួយចំនួនអ្នកប្រើប្រាស់គ្រឿងញៀន ត្រូវបានបញ្ជូនទៅមណ្ឌលអប់រំកែប្រែ និងអ្នកខ្លះបានបញ្ជូនទៅតុលាការដើម្បីចាត់ការតាមនីតីវិធីតាមច្បាប់។ ចំណែកគ្រឿងញៀនដែលបានរឹបអូសមានចំនួន១,៦៥៩គីឡូក្រាម“។ ឯកឧត្ដមបានបន្ដថា នៅពេលធ្វើយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀន និងយុទ្ធនាការផ្សេងៗទៀតបានធ្វើសំណុំរឿងនៅតាមសាលាដំបូង រាជធានី ខេត្តមានការកើនឡើង។ ឯកឧត្ដមបានបន្ថែមថា បើធ្វើការផ្ទៀតផ្ទាត់សំណុំរឿងនៅតាមសាលាដំបូងរាជធានីខេត្ត គិតសំណុំដែលបានកាត់(មិនមែនសំណុំរឿងដែលចាត់ការរួច  មិនមានសាលាក្រម  ឬសាលដីកា ហើយមិនរាប់បញ្ជូលសំណុំរឿងដែលកាត់សេចក្តីបញ្ជូនទៅតុលាការជាន់ខ្ពស់) បើយើងរាប់នៅសំណុំរឿងនៅសាលាដំបូងនៅទូទាំងប្រទេសមានសំណុំរឿងជិត៤ម៉ឺនសំណុំរឿង ក្នុងនោះមានអ្នកជាប់ឃុំនៅសាលាដំបូងរាជធានី ខេត្តមានប្រមាណ១ម៉ឺន២ពាន់នាក់ ក្នុងចំណោម សំណុំ រឿងជិត៤ម៉ឺន។

ជាមួយគ្នានោះដែរ ឯកឧត្ដមរដ្ឋមន្ត្រីក៏បានលើកយកករណីសាលាដំបូងរាជធានីភ្នំពេញមកបញ្ជាក់ថា សំណុំរឿងដែលនៅសល់ពីចំណាត់ការឆ្នាំ២០១៩ (មានន័យថាសល់ពីឆ្នាំ២០១៧ និងឆ្នាំ ២០១៨) គឺមានចំនួន១ម៉ឺន២ពាន់សំណុំរឿងហើយសំណុំរឿងចូលថ្មីមានប្រមាណ៧០០សំណុំរឿង ទៅ ៩០០រឿងក្នុងមួយខែ។  ក្នងរយៈពេល១ឆ្នាំ ចៅក្រមមួយរូប បានចាត់ការសំណុំរឿងបាន១២៩រឿង  ឬធម្យមដែលជាទិន្នផលខ្ពស់ជាងគេក្នុងចំណោមសាលាដំបូងរាជធានី ខេត្ត ផ្សេងទៀត។  ប៉ុន្តែដោយសារសំណុំរឿងមានការកើនឡើង​យ៉ាងកំហុក ហើយមានការខ្វះខាត ទាំងផ្នែកធានមនុស្ស និងសម្ភារមិនអាចដោះស្រាយបាននោះទេ។ ឯកឧត្ដមបានបន្ដថា ក្នុងស្ថានភាពបច្ចុប្បន្ន ដែលមិនអាចដោះស្រាយបាននោះ នឹងធ្វើឱ្យសំណុំចាស់កប់ជ្រៅទៅដែលធ្វើឱ្យយឺតយ៉ាវសំណុំរឿង។

ឯកឧត្ដមរដ្ឋមន្ត្រីបានលើកឡើងទៀតថា ក្រសួងយុត្តិធម៌គឺជាសេនាធិការមួយក្នុងការជួយដោះស្រាយដល់សាលាដំបូងរាជធានី ខេត្តដូច្នេះការដាក់ចេញយុទ្ធនាការមួយបានក្លាយជារឿងមួយដែលចាំបាច់បំផុតដើម្បីបម្រើគោលបំណងចំនួន៣យ៉ាង ទី១.ការកាត់បន្ថយការកកស្ទះសំណុំរឿងនៅសាលាដំបូងក្នុងគោលដៅដើម្បីពន្លឿនការរកយុត្តិធម៌ជូនប្រជាពលរដ្ឋឱ្យបានឆាប់រហ័ស។ ទី២. ការផ្តល់សេវាយុត្តិធម៌ឱ្យបានឆាប់រហ័សជាងមុន។ ទី៣. ការកាត់បន្ថយការកកស្ទះនេះ មានការបច្ច័យក្នុងការរួមចំណែកដល់ការកាត់បន្ថយការចង្អៀតណែននៅតាមពន្ធនាគារផងដែរ។

ឯកឧត្ដមរដ្ឋមន្ត្រីបានបញ្ជាក់បន្ថែមថា “ខ្ញុំចង់បញ្ជាក់ថា ការដាក់យុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងនៅតាមតុលាការដំបូងរាជធានី ខេត្តគឺជាការចាំបាច់  ហើយជាផ្នែកមួយនៃទិសដៅក្នុងការធ្វើកំណែទម្រង់របស់ក្រសួងយុត្តិធម៌ ដែលនឹងក្លាយជាមូលដ្ឋានក្នុងការធ្វើកំណែរទម្រង់នៅពេលអនាគត់”៕ដោយ ប៊ុនរិទ្ធ