រដ្ឋបាលខេត្តព្រះសីហនុ ទទួលអំណោយធុងសំរាម ម៉ាស និងកែវទឹក

AKP ព្រះសីហនុ ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០–

នៅសាលាខេត្តព្រះសីហនុ ព្រឹកថ្ងៃច័ន្ទ ១២រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០នេះ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានទទួលអំណោយធុងសំរាមចំនួន ៦០០ធុង ម៉ាស ១០.០០០ និងកែវទឹកចំនួន ១០០ ពីលោក ឡូ ឫទ្ធី អគ្គនាយកក្រុមហ៊ុន អ៊ាម្លូ  និងលោកស្រី ។

ឯកឧត្តម គួច ចំរើន បានថ្លែងអំណរគុណចំពោះលោកប្រធានក្រុមហ៊ុន អ៊ាម្លូ ដែលបាននាំយកអំណោយមានដូចជា ធុងសំរាម ម៉ាស កែវទឹក ឧបត្ថម្ភដល់រដ្ឋបាលខេត្តព្រះសីហនុ សម្រាប់ប្រើប្រាស់ទុកដាក់សំរាមនៅតាមទីធ្លាសាធារណ:ឱ្យមានសណ្តាប់ធ្នាប់ អនាម័យ និងវិធានការបង្ការការពារ ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងនឹងជំងឺCovid-១៩នៅខេត្តព្រះសីហនុ។

ឯកឧត្តមអភិបាលខេត្តព្រះសីហនុ បានធ្វើការសំណូមពរដល់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរ ត្រូវវេចខ្ចប់សំរាមឱ្យបានត្រឹមត្រូវ យកមកដាក់ក្នុងធុងសំរាម ពិសេសត្រូវចូលរួមថែរក្សាធុងសំរាមទាំងនេះទុកជាសម្បត្តិសាធារណ:របស់យើងទាំងអស់គ្នា ។

លោក ឡូ ឫទ្ធី អគ្គនាយកក្រុមហ៊ុន អ៊ាម្លូ បានមានប្រសាសន៍ថា ដោយមើលឃើញខេត្តព្រះសីហនុ កំពុងមានការមមាញឹកក្នុងការរៀបចំហេដ្ឋារចនាសម្ព័ន្ធមានដូចជា ផ្លូវថ្នល់ លូបង្ហូរទឹក ។ ម្យ៉ាងទៀតដោយមានការដឹកនាំពីប្រមុខរាជរដ្ឋាភិបាលកម្ពជា ក៏ដូចជាការដឹកនាំរបស់ឯកឧត្តមអភិបាលខេត្ត ធ្វើឱ្យខេត្តព្រះសីហនុមានការអភិវឌ្ឍយ៉ាងលឿនគួរឱ្យកត់សម្គាល់ ហើយនេះជាការចូលរួមចំណែកក្នុងការគ្រប់គ្រងសំរាម ដោយសារនៅមានការពង្រាយសំរាមនៅតាមទីសាធារណ: ទើបលោកបានបរិច្ចាគ ធុងសំរាម ម៉ាស និង កែវទឹក ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍខេត្តព្រះសីហនុ ។ លោកក៏បានអំពាវនាវដល់បងប្អូនសប្បុរសជនទាំងឡាយ ចូលរួមទាំងអស់គ្នាដើម្បីអភិវឌ្ឍន៍ថែរក្សាបរិស្ថាន ក្រុងព្រះសីហនុ ឱ្យមានភាពស្រស់ស្អាត សោភណភាព និងទាក់ទាញជាងមុនបន្ថែមទៀត ៕ ដោយ៖ ងូ សុមុនី