ក្រសួងយុត្តិធម៌ ចាប់ផ្ដើមបើកយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿង​នៅតាមសាលា​ដំបូងរាជធានី ខេត្ត

AKP ភ្នំពេញ ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០–

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានប្រកាសចាប់ផ្ដើមបើកយុទ្ធនាការដោះស្រាយការកកស្ទះ​សំណុំ​រឿង​នៅតាមសាលាដំបូងរាជធានីខេត្ត ដោយមានការចូលរួមពីតំណាងប្រធានតុលាការ ព្រះ​រាជអាជ្ញា អយ្យការនៅតាមបណ្តារាជធានី ខេត្តសរុប១៧០នាក់។ បន្ទាប់ពីប្រកាសបើក យុទ្ធនាការនេះរួច នាព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០ នៅទីស្ដីការក្រសួងយុត្ដិធម៌ ឯកឧត្ដម កើត រិទ្ធ រដ្ឋមន្រ្ដីក្រសួងយុត្ដិធម៌នឹងធ្វើសន្និសីទសារព័ត៌មាន​ក្នុងគោលបំណងដោះស្រាយ​ការកកស្ទះសំណុំរឿងដែលមាននៅតាមសាលាដំបូងរាជធានី ខេត្ត ក៏ដូចជាដើម្បីចូលរួម​ចំណែកដោះស្រាយការចង្អៀតណែននៃអ្នកជាប់ពន្ធនាគារ  ព្រមទាំងលើកកម្ពស់សមត្ថភាព​ស្ថាប័ន​តុលាការក្នុងការផ្តល់សេវាយុត្តិធម៌ ជូនប្រជាពលរដ្ឋឱ្យបានកាន់តែប្រសើរ តាមរយៈ​ការពន្លឿនចំណាត់ការសំណុំរឿង។ ជាមួយគ្នានេះ ក្រសួងយុត្តិធម៌ ក៏នឹងប្រកាសបើកយុទ្ធ​នា​ការដោះស្រាយ​កាតកកស្ទះសំណុំរឿងនៅតាមសាលាដំបូងរាជធានី ខេត្ត ដោយចាប់ផ្ដើម​នៅថ្ងៃទី១៨​ ខែឧសភានេះតទៅ។

សូមជម្រាបផងដែរថា បច្ចុប្បន្នសំណុំរឿងនៅតាមសាលារាជធានី ខេត្តមានការកក​ស្ទះជាច្រើន ហើយក្រសួងយុត្តិធម៌បានសម្រេចបង្កើតគណៈកម្មការថ្មីមួយ  ដើម្បីដឹកនាំ យុទ្ធ​នា​ការដោះស្រាយការកកស្ទះ សំណុំរឿងនៅតាមសាលាដំបូងរាជធានី-ខេត្ត ខណៈអ្នកជាប់ ឃុំ  នៅតាមពន្ធនាគារ កំពុងមានភាពចង្អៀតណែន ពិសេសអ្នកជាប់ឃុំរឿងគ្រឿងញៀន។ ប្រធានគណៈកម្មការនេះ  គឺ ដឹកនាំ ដោយ  ឯកឧត្ដម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌  ដែល​ទើបឡើងកាន់តំណែងថ្មី និងមានអនុប្រធានចំនួន២រូប ព្រមទាំងសមាជិក ៥រូប បន្ថែមទៀត ដែលជារដ្ឋលេខាធិការ។ ចំពោះរដ្ឋលេខាធិការម្នាក់ៗ គឺត្រូវដឹកនាំក្រុមការងារមួយ  ដែលមាន សមាជិកជាង១០រូបផ្សេងទៀត។

យោងតាមការចាត់តាំងរបស់ ឯកឧត្ដម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួង យុត្តិធម៌ ឯកឧត្ដម គឹម សន្តិភាព  ត្រូវដឹកនាំក្រុមការងារទីមួយ ដែលគ្របដណ្តប់លើសាលាដំបូងចំនួន៤ គឺ រាជ​ធានីភ្នំពេញ កណ្តាល ព្រៃវែង និងស្វាយរៀង។ ចំណែក  ឯកឧត្ដម ឡុង នរិន្ទ  ត្រូវដឹកនាំ ក្រុម ការងារ ទីពីរ ដែលគ្រប់ដណ្តប់ លើសាលាដំបូង ចំនួន៨ គឺ កំពង់ចាម កំពង់ធំ រតនគិរី មណ្ឌលគិរី ព្រះវិហារ ស្ទឹងត្រែង  ក្រចេះ និងត្បូងឃ្មុំ។ រីឯ ក្រុមការងារ ទី៣ គឺ ដឹកនាំ ដោយ ឯកឧត្ដម ជីវ សុងហាក់ ដែលគ្រប់ដណ្តប់ លើសាលាដំបូង ចំនួន៧ គឺ សៀមរាប បាត់ដំបង បន្ទាយមានជ័យ កំពង់ឆ្នាំង ពោធិ៍សាត់ ឧត្តរមានជ័យ និងប៉ៃលិន។ ដោយឡែក  ក្រុម ការងារ​ទីបួនចុង ក្រោយគឺ ដឹកនាំដោយឯកឧត្ដម ជិន ម៉ាលីន ដែលគ្រប់ដណ្តប់លើសាលាដំបូង ចំនួន៥ គឺ កោះកុង ព្រះសីហនុ កំពត តាកែវ និងកំពង់ស្ពឺ។

សម្រាប់គណៈកម្មការថ្មីនេះ មានភារៈកិច្ច ដឹកនាំ និងសម្របសម្រួលការងាររួមលើ​ការអនុវត្តយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងនៅតាមសាលាដំបូង និងអយ្យការ អមសាលាដំបូងរាជធានី-ខេត្ត។  នេះគឺជាយុទ្ធនាការមួយ ដើម្បីលើកម្ពស់សមត្ថភាព ស្ថាប័ន​ក្នុងការបម្រើសេវាយុត្តិធម៌ឱ្យបានល្អ ជាពិសេសកាត់បន្ថយភាពចង្អៀតណែននៅពន្ធនាគារ។

បើយោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានពន្ធនាគារ ក្រសួងមហាផ្ទៃបាន​ឱ្យដឹង​ថា បច្ចុប្បន្ននៅកម្ពុជាមានអ្នកកំពុងជាប់ឃុំ សរុប ជិត៤ ម៉ឺននាក់ (៣៨.៩១១)  ក្នុងនោះ ១ភាគ ៣  គឺជាអ្នកជាប់ឃុំ ដែលពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន៕ដោយ ប៊ុនរិទ្ធ