ប្រភេទសត្វកម្រជាច្រើនត្រូវបានរកឃើញមានវត្តមានក្នុងឧទ្យានជាតិវីរៈជ័យក្នុងខេត្តរតនគិរីតាមរយៈម៉ាស៊ីនថតស្វ័យប្រវត្តិចំនួន ១២ គ្រឿង

AKP ភ្នំពេញ ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២០

ប្រភេទសត្វកម្រជាច្រើនត្រូវបានរកឃើញមានវត្តមានក្នុងឧទ្យានជាតិវីរៈជ័យក្នុងខេត្តរតនគិរីតាមរយៈម៉ាស៊ីនថតស្វ័យប្រវត្តិចំនួន ១២ គ្រឿង ដែលមន្ត្រីឧទ្យានុរក្សបានដាក់ថតតាំងពីខែ​មេសា ឆ្នាំ២០១៩ ដល់ខែមេសា ឆ្នាំ ២០២០។ នេះគឺជាការបញ្ជាក់របស់ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាននៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២០។

ឯកឧត្តម នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា ចាប់ពីថ្ងៃទី០៦ ដល់ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០ មន្រ្តីឧទ្យានុរក្ស បានចុះប្រមូលម៉ាស៊ីនថតស្វ័យប្រវត្តិដែលក្រុមការងារដាក់​ថតវត្ត​មានសត្វព្រៃក្នុងឧទ្យានជាតិវីរៈជ័យ ហើយតាមរយៈរូបភាពដែលត្រូវបានចាប់ដោយម៉ាស៊ីន​ស្វ័យ​ប្រវត្តិ គេទទួលបានលទ្ធផលដ៏មានសារៈសំខាន់ដោយថតបានសត្វព្រៃប្រភេទ​សត្វកម្រ​ជាច្រើនរួមមាន សត្វខ្ទីង ខ្លាពពក ខ្លាភ្ញីថ្មកែវ ប្រើស ឈ្លូស សត្វតេះឬកែះ សត្វសំពោច សត្វ​ជ្រូកព្រៃ ខ្លាឃ្មុំ និងពពួកបក្សីកម្រដូចជាមាន់ទោពណ៌ប្រាក់​និងកេងកងជាដើមដែលចាំ​បាច់​ត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការការពារ និងអភិរក្ស។ ឯកឧត្តមរដ្ឋលេខាធិការបានកត់​សម្គាល់​ថា ​ក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយនេះ វត្តមានសត្វព្រៃមានកំណើនឡើ​ងរួមទាំង​ប្រភេទសត្វ​កម្រ និងជិតផុតពូជមួយចំនួនផងដោយសារតែការខិតខំអភិរក្ស និងការពារជម្រក​សត្ព្រៃរបស់​កម្លាំងមានសមត្ថកិច្ច។

ឯកឧត្តម នេត្រ ភក្ត្រា បានថ្លែងថា វត្តមានសត្វព្រៃទាំងអស់នេះគឺពោរពេញដោយក្តី​សង្ឃឹម​សម្រាប់ប្រជាជនកម្ពុជា និងសម្រាប់ផលប្រយោជន៍ជីវចម្រុះរបស់ពិភពលោកដោយ​សារតែប្រភេទសត្វមួយចំនួនដែជិតផុតពូជពីលើពិភពលោក ប៉ុន្តែមានវត្តមាននៅក្នុងព្រៃនៃ​ប្រទេស​កម្ពុជា។ ឯកឧត្តមរដ្ឋលេខាធិការបានបន្ដថា​ យោងតាមការចាត់ថ្នាក់របស់អង្គ​ការ​សហ​ភាពអន្តរជាតិដើម្បីអភិរក្សធម្មជាតិ(IUCN) ខ្លាពពក ខ្លាឃ្មុំ តេះ ខ្ទីងនិងសត្វកេងកង ដែល​មានវត្តមាននៅក្នុងឧទ្យានជាតិវីរៈជ័យត្រូវបានចាត់ចូលជាប្រភេទ ងាយរងគ្រោះថ្នាក់​(VU) ដែលមានន័យថាវាអាចឈានទៅរកការវិនាសផុតពូជក្នុងព្រៃធម្មជាតិ ខ្លាភ្ញីថ្មកែវ ត្រូវ​បានចាត់ចូលជាប្រភេទរងគ្រោះថ្នាក់(NT) ដែលមានន័យថាវាអាចឈានទៅជាប្រភេទងាយ​រងគ្រោះថ្នាក់ ផងដែរ នៅពេលខាងមុខ និងដោយឡែកឈ្លូស ប្រើស ជ្រូកព្រៃ និងមាន់ទោ​ពណ៌ប្រាក់ ត្រូវបានចាត់ចូលជាប្រភេទ រងគ្រោះថ្នាក់តិចតួច(LC) ដែលមានន័យថាវាមិនទាន់​ត្រូវបានចាត់ចូលជាប្រភេទរងគ្រោះថ្នាក់ដូចខាងលើនៅឡើយ។

យោងតាមរបាយការណ៍ជាតិលើកទី៤ ស្តីពីជីវចម្រុះ ប្រទេសកម្ពុជាជាប្រទេសសម្បូរ​ទៅដោយជីវចម្រុះដែលបានបង្ហាញ វត្តមានប្រភេទថនិកសត្វ ១២៣ ប្រភេទ សត្វស្លាប ៥៤៥ ប្រភេទ ឧរង្គសត្វ ៨៨ប្រភេទ រុក្ខជាតិតូចៗ (vascular plants) ២, ៣០៨ ប្រភេទ  ត្រី ៨៧៤ ប្រភេទ ផ្កាថ្មរឹង ២៤ ប្រភេទផ្កាថ្មទន់ ១៤ ប្រភេទ ស្មៅសមុទ្រ ១០ ប្រភេទ និងថលជលិក ៦៣ ប្រភេទ។ ទន្ទឹមនេះ នៅមានវត្តមានប្រភេទរុក្ខជាតិ និងសត្វមួយ ចំនួន ទៀត ដែលមិនទាន់​សិក្សា​ស្រាវជ្រាវ និងកំណត់អត្តសញ្ញាណនៅទ្បើយ មានប្រភេទរុក្ខជាតិ និងសត្វដែលបាន កំណត់ក្នុងបញ្ជីក្រហមរបស់អង្គការសហភាពអន្តរជាតិ ដើម្បីការអភិរក្សធម្មជាតិ (IUCN) ដូចជា ថនឹកសត្វ ៣៩ ប្រភេទក្នុងនោះប្រភេទសត្វដែលជិតផុតពូជ និងងាយរងគ្រោះរួមមាន​ដំរីអាស៊ី ខ្លាដំបង ខ្លាឃ្មុំធំ ខ្លាពពក ខ្លាត្រី ខ្លាលឿងមាស រមាំង កែះ ប្រើសស្បូវ ខ្ទីង ទន្សោង ពង្រូល ទោចម្កុដ ទោចផ្ពាល់លឿង រញីប្រផេះ ស្វាត្រោស ឆ្កែព្រៃ រីឯសត្វស្លាប ៣៦ ប្រភេទ​ដែលជិតផុតពូជ និងងាយរងគ្រោះរួមមានត្រយងយក្ស ត្រដក់ធំ កេងកងធំ ត្មាតប្រផេះ ត្មោត​ត្នោត ត្មាតភ្លើង ក្រផលក្បាលក្រហម អង្កត់ខ្មៅជាដើម ឧរង្គសត្វ ១៣ ប្រភេទ រុក្ខជាតិតូចៗ (vascular plants) ៣៨ប្រភេទ និង ថលជលិក១២ប្រភេទ។

ឯកឧត្តមរដ្ឋលេខាធិការបានបន្ដទៀតថា ប្រភេទសត្វព្រៃ កំពុងទទួលរងការគំរាម​កំហែង​ដោយ ការបរបាញ់ ការដាក់អន្ទាក់ ការបាត់បង់ទីជម្រកបណ្តាលមកពីការ​កាប់ព្រៃ​ខុសច្បាប់ និងការទន្ទ្រានដីព្រៃដើម្បីយកជា​កម្មសិទ្ធិជាដើម ដែលទាមទារឱ្យមាននូវការ​ការពារមួយប្រកបដោយប្រសិទ្ធភាពខ្ពស់។ ហេតុដូចនេះហើយ បានជាក្រុមមន្រ្តីឧទ្យានុរក្ស​នៃតំបន់ការពារធម្មជាតិនានាក្នុងប្រទេសកម្ពុជា បានខិតខំបំពេញការងារចុះល្បាតជាប្រចាំ​នៅតាមចំណុចគោលដៅក្នុងតំបន់ការពារធម្មជាតិ ស្ថិតក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ដែលនេះ​មិនមែនត្រឹមតែជាកាតព្វកិច្ចការងារ តែជាការលះបង់ និងជាវីរភាព ឈរលើស្មារតីទទួល​ខុស​ត្រូវក្នុងការទប់ស្កាត់ បង្ក្រាបបទល្មើស ការពារធនធានធម្មជាតិ និងអភិរក្សជីវៈចម្រុះ ប្រកប​ដោយភាពអត់ធ្មត់ និងប្រុងប្រយ័ត្នខ្ពស់បំផុត ដើម្បីធានាបាននូវការការពារជីវៈចម្រុះ​របស់​ប្រទេសកម្ពុជាទាំងមូល ក៏ដូចជាសម្រាប់ពិភពលោក។

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការបានបន្ថែមថា រាជរដ្ឋាភិបាលកម្ពុជាបានយកចិត្ត​ទុកដាក់ខ្ពស់ក្នុងការថែរក្សានិងអភិរក្សជីវចម្រុះ ជីវិតសត្វនិងរុក្ខជាតិតូចធំនៅក្នុងតំបន់​ការពារ​ធម្មជាតិដើម្បី រក្សាឱ្យបានគង់វង្សសម្រាប់មនុស្សរាប់ជំនាន់ទៅមុខទៀត។ ឯកឧត្តមបានថ្លែង បន្ដថា ក្នុងការសង្គ្រោះសត្វព្រៃ និងអភិរក្សសត្វព្រៃ មន្ត្រីឧទ្យានុរក្សដែលបាន​ឈរជើងការ​ពារតំបន់ការពារធម្មជាតិនានាបានដោះអន្ទាក់ចេញពីក្នុងព្រៃបានចំនួន ១៧, ១៧៥ អន្ទាក់​កាល​ពីឆ្នាំ ២០១៩ កន្លងទៅគឺមាន ការកើនឡើងជាងឆ្នាំ ២០១៨ ចំនួន ៥,០០០ អន្ទាក់។ ខេត្តដែលបានដោះអន្ទាក់បានច្រើនជាងគេគឺខេត្ត កោះកុងដែលមានចំនួន ៧,០៧៤ អន្ទាក់​នៅឆ្នាំ ២០១៩។

ឯកឧត្តមបានថ្លែងបញ្ជាក់ថា “សត្វព្រៃនិងរុក្ខជាតិ ដែលមាននៅលើភពផែនដីនេះ​គឺ​ពិត​ជាមានសារៈប្រយោជន៍មិនអាចកាត់ថ្លែបាន ផ្នែកប្រព័ន្ធអេកូឡូស៊ី ហ្សេនេទិក សង្គម សេដ្ឋកិច្ច វិទ្យាសាស្ត្រ ការអប់រំ វប្បធម៌ ផ្សាភ្ជាប់នឹងជីវិតរស់នៅរបស់មនុស្ស​និងការអភិវឌ្ឍ​ដោយចីរភាពផងដែរ”។ ឯកឧត្តមរដ្ឋលេខាធិការក្រសួងបរិស្ថានបានគូសបញ្ជាក់ទៀតថា សត្វ​ព្រៃនិងសត្វស្លាបមួយចំនួនដែលពិភពលោកជិតផុតពូជ គឺមានវត្ត មាននៅក្នុងប្រទេស​កម្ពុជា។ ជាមួយគ្នានេះ ក្នុងនាមក្រសួងបរិស្ថាន ឯកឧត្តម នេត្រ ភក្ត្រា បានជំរុញឱ្យប្រជា​ពល​រដ្ឋចូលរួមការពារនិងអភិរក្សសត្វព្រៃនៅកម្ពុជា និងបានអំពាវនាវឱ្យប្រជាពល​រដ្ឋបញ្ឈប់ការ​បរបាញ់ សត្វចាប់សត្វព្រៃខុសច្បាប់ដែលត្រូវប្រឈមនឹងច្បាប់។ ឯកឧត្តមរដ្ឋលេខាធិការ​ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋសូមកុំបរិភោគសាច់សត្វព្រៃព្រោះមានមេរោគ និងគ្មានការ​ត្រួតពិនិត្យត្រឹមត្រូវ ដែលធ្វើឱ្យមានការប៉ះពាល់ដល់សុខភាព។ ទន្ទឹមនេះ ក្រោយពីការផ្ទុះ​ជំងឺកូវីដ-១៩ ប្រទេសចិនបានអំពាវនាវដល់ប្រជាពលរដ្ឋ កុំបរិភោគសាច់សត្វព្រៃ និងកុំជួញ​ដូរសត្វព្រៃ។  បើតាមការសិក្សាស្រាវជ្រាវរបស់អ្នកជំនាញ ការបរិភោគសាច់សត្វ ព្រៃមិនមាន​ប្រយោជន៍សម្រាប់សុខភាពទេ ប៉ុន្តែអាចប្រឈមនឹងជំងឺឆ្លងផ្សេងៗ ក៏ដូចជាចម្លងមេរោគផង ដែរ។ ឯកឧត្ដមបានអះអាងថា មន្ត្រីឧទ្យានុរក្ស និងអាជ្ញាធរពាក់ព័ន្ធនៅតាមបណ្តាខេត្ត​នានា​បានចុះពិនិត្យជាប្រចាំនៅ តាមទីផ្សារនានា និងនៅតាមភោជនីយដ្ឋាន មិនអនុញ្ញាតិឱ្យលក់​សាច់សត្វព្រៃឡើយ។ “ខ្ញុំសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ប្រសិនបើឃើញមានការលក់​សាច់សត្វព្រៃ ការបរបាញ់សត្វព្រៃ សូមទាក់ទងមកមន្ត្រីជំនាញដើម្បីចាត់វិធានការ​តាមច្បាប់”។ នេះជាការលើកឡើងបន្ថែមរបស់ឯកឧត្ដម នេត្រ ភក្រ្ដា។

ឯកឧត្តម នេត្រ ភក្ត្រា បានគូសបញ្ជាក់សាជាថ្មីនូវការតាំងចិត្តខ្ពស់របស់ព្រះរាជា​ណា​ចក្រកម្ពុជាក្នុងការចូលរួមប្រយុទ្ធប្រឆាំងនឹងការជួញដូរសត្វព្រៃខុសច្បាប់។ ឯកឧត្ដមបាន​បញ្ជាក់ផងដែរថា “កម្ពុជាក្នុងនាម​ជា​សមាជិកអង្គការសហប្រជាជាតិគឺត្រៀមខ្លួនក្នុងការសហ​ការជាលក្ខណៈអន្តរជាតិជាមួយប្រទេសទាំងអស់ក្នុងការអភិរក្សធនធានធម្មជាតិ និងទប់ស្កាត់ ក៏ដូចជាប្រឆាំងនឹងការជួញដូរ​សត្វ​ព្រៃខុសច្បាប់”។ លើសពីនេះទៀត កម្ពុជាបាន និងកំពុង​ចូលរួមយ៉ាងសកម្មក្នុងការការប្រយុទ្ធប្រឆាំងនឹងការជួញដូរសត្វព្រៃខុសច្បាប់ ហើយកម្ពុជា​ក៏បានសហការក្នុងនាម ជាដៃគូអន្តរជាតិជាមួយប្រទេសអង់គ្លេសក្នុងការទប់ស្កាត់ បង្ការ និងបង្ក្រាបការជួញដូរសត្វព្រៃខុសច្បាប់ដែរនៅលើពិភពលោក។

ឯកឧត្តមឱ្យដឹងទៀត​ថា កម្ពុជាបានរៀបចំយន្តការ ក៏ដូចជាមានច្បាប់ និងអនុវត្តន៍ជា​ប្រចាំដើម្បីបង្ការ ទប់ស្កាត់ និងប្រឆាំងការជួញដូចសត្វព្រៃខុសច្បាប់នេះ ហើយបានបង្ក្រាប​លើបទល្មើសជាច្រើន ហើយរំដោះសត្វព្រៃជាច្រើនពីក្រញាំដៃនៃក្រុមជនល្មើស ព្រមទាំងបាន​ចាប់ខ្លួន បញ្ជូនសំណុំរឿងទៅតុលាការផ្តន្ទាទោសតាមច្បាប់ ក៏ដូចជាការផាកពិន័យជាប្រាក់ និងការធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពជាដើម៕ ដោយ រិទ្ធី