ប្រទេសចិន ចួលរួមអបអរកម្ពុជា ដែលជោគជ័យក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩

AKP ភ្នំពេញ ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២០ —

សាធារណរដ្ឋប្រជាមានិតចិន បានសម្ដែងនូវការអបអរសាទរយ៉ាងកក់ក្តៅ ចំពោះព្រះរាជាណាចក្រកម្ពុជា ដែលបានទទួលជោគជ័យក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ១៩ ។

ស្ថានទូត នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំកម្ពុជា បានសរសេរនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួននាថ្ងៃនេះថា៖ “សូមអបអរសាទរ! ស្ថិតក្រោមម្លប់ដ៏ត្រជាក់ត្រជំរបស់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និង សម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ និងស្ថិតក្រោមការដឹកនាំដ៏ពិតប្រាកដរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា វិធានការទប់ស្កាត់ការរីករាលដាលវីរុសកូវីដ១៩ របស់រាជរដ្ឋាភិបាលកម្ពុជា ទទួលបានសមិទ្ធផលប្រកបដោយមោទនភាពជាខ្លាំង” ។

ស្ថានទូតចិនបានបន្តទៀតថា រហូតដល់ថ្ងៃទី១៦ ខែឧសភា អ្នកផ្ទុកវីរុសកូវីដ១៩ បានធ្លាក់ដល់ “កម្រិតសូន្យ” អត្រានៃការព្យាបាលជាសះស្បើយ ចំនួន១០០ភាគរយ ហើយចំនួន៣៥ថ្ងៃជាប់ៗគ្នា គ្មានករណីឆ្លងនោះទេ។

ស្ថានទូតចិនក៏បានជូនពរប្រជាជនកម្ពុជា ដែលមានមនោសញ្ចេតនាមិត្តភាពដ៏សែនជ្រាលជ្រៅ មានជីវភាពកាន់តែល្អប្រសើរពីមួយថ្ងៃទៅមួយថ្ងៃ។

គួររម្លឹកថា ប្រទេសកម្ពុជាបានផ្តល់ការគាំទ្រយ៉ាងម៉ឺងម៉ាត់ដល់ប្រទេសចិនក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ១៩ ខណៈពេលដែលប្រទេសចិនបានបញ្ជូនក្រុមវេជ្ជសាស្ត្រមកប្រទេសកម្ពុជា និងបានផ្តល់នូវសម្ភារ បរិក្ខារឆ្លើយតបជាបន្ទាន់ ដើម្បីទប់ស្កាត់ការរាតត្បាតនៃជំងឺនេះ ដែលកាយវិការនេះបានបង្ហាញពីប្រពៃណីមិត្តភាព នៃការគាំទ្រ និងការជួយគ្នា ទៅវិញទៅមករវាងប្រទេសទាំងពីរ។

ដោយ នីកា