លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន៖ ករណីជនជាតិវៀតណាមដែលបានចាកចេញពីកម្ពុជា វិលត្រឡប់ទៅប្រទេសខ្លួនវិញ ពុំមានភស្តុ័តាងជាក់លាក់ថា បានឆ្លងនៅកម្ពុជា ឬវៀតណាមនោះទេ

AKP ភ្នំពេញ ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២០ —

លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានថ្លែងប្រាប់អ្នកសារព័ត៌មានតាមរយៈបណ្តាញតេឡេក្រាម នារសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២០នេះថា ករណីជនជាតិវៀតណាមម្នាក់ ដែលបានចាកចេញពីខេត្តសៀមរាប និងបានទៅដល់ប្រទេសរបស់ខ្លួនវិញ កាលពីថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២០ ហើយត្រូវបានរកឃើញថាវិជ្ជមានវីរុសកូវីដ១៩ ដោយអាជ្ញាធរវៀតណាម នៅថ្ងៃទី១៥ ខែឧសភា គឺពុំមានភស្តុ័តាងជាក់លាក់ណាមួយបង្ហាញថា បានឆ្លងនៅកម្ពុជាឬនៅប្រទេសវៀតណាមនោះទេ ព្រោះបុគ្គលរូបនេះបានទៅដល់ប្រទេសវៀតណាមហួស១៤ថ្ងៃមកហើយ ចំណែកកម្ពុជាវិញក៏ពុំមានករណីវិជ្ជមានថ្មីណាមួយផងដែរ។

លោកជំទាវវេជ្ជបណ្ឌិត បានគូសបញ្ជាក់ថា៖ “ព័ត៌មាននេះមិនមានភាពជាក់លាក់ យើងមិនទទួលបានព័ត៌មានផ្លូវការណាមួយពីភាគីវៀតណាមចំពោះករណីដែលបានលើកឡើងនៅក្នុងសារព័ត៌មានចុះផ្សាយនោះទេ។ ម្យ៉ាងវិញទៀត ក្រុមការងាររបស់ក្រសួងសុខាភិបាល ក៏បានស្រាវជ្រាវដោយយកចិត្តទុកដាក់បំផុត ក៏ប៉ុន្តែមិនទទួលបាននូវព័ត៌មានជាក់លាក់ណាមួយស្ដីអំពីករណីដូចការចុះផ្សាយនោះដែរ។ តាមរយៈការចុះផ្សាយនោះផងដែរ យើងក៏មិនអាចសន្និដ្ឋានបានថា ការចម្លងនោះវាអាចឆ្លងនៅប្រទេសវៀតណាមដែរទេ? ដោយសារការចម្លងវីរុសនេះ វាអាចកើតមានឡើងគ្រប់ទីកន្លែង គ្រប់កាលៈទេសៈ និងគ្រប់ពេលវេលាទាំងអស់ ជាពិសេសទៅទៀតនោះ គឺនៅពេលដែលបុគ្គលធ្វើដំណើរចល័តតែម្តង។ ហើយ គ្រប់ព័ត៌មានដែលទទួលបាន គឺយើងតែងតែធ្វើការស្រាវជ្រាវនៅព្រះរាជាណាចក្រកម្ពុជារបស់យើង ដោយបានធ្វើការរុករកឱ្យអស់លទ្ធភាព ហើយខ្ញុំសូមបញ្ជាក់ថា យើងនៅតែមិនទាន់រកឃើញមានករណីវិជ្ជមានថ្មីណាមួយនោះទេតាមរយៈប្រព័ន្ធស្រាវជ្រាវតាមដានរបស់យើងនៅឡើយទេ នៅថ្ងៃនេះ។”

ករណីជនជាតិវៀតណាមនេះ គឺមិនមានភាពជាក់លាក់ ហើយក៏មិនអាចនឹងវាយតម្លៃថា ការចម្លងនេះ គឺកើតចេញពីព្រះរាជាណាចក្រកម្ពុជាដែរ ដោយសារបុគ្គលនោះបានទៅដល់ប្រទេសវៀតណាម គិតទៅហួសពី១៤ថ្ងៃទៅហើយមកទល់ពេលដែលចុះផ្សាយថារកឃើញវិជ្ជមាននោះ។

ក្រសួងសុខាភិបាល នៅតែប្រកាន់ជំហរសហប្រតិបត្តិការល្អ និងមានតម្លាភាពជានិច្ច ព្រមទាំងបន្តយកចិត្តទុកដាក់ស្រាវជ្រាវ ផ្តល់ព័ត៌មាន នៅពេលមានការវិវឌ្ឍថ្មីណាមួយដែលពាក់ព័ន្ធទៅនឹងជំងឺកូវីដ-១៩នេះ។

គួររម្លឹកថា កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២០នេះម្សិលមិញនេះ សារព័ត៌មាន VN Express និង Vietnam News របស់ប្រទេសវៀតណាម បានផ្សាយថា រកឃើញករណីវិជ្ជមានទី៣១៥ ទៅលើបុរសជនជាតិវៀតណាមម្នាក់ អាយុ៣៩ឆ្នាំ ដែលបានធ្វើដំណើរមកកាន់ប្រទេសកម្ពុជា កាលពីខែមករា និងបានវិលត្រលប់ទៅប្រទេសរបស់ខ្លួនវិញកាលពីថ្ងៃទី០២ ខែឧសភា ហើយអាជ្ញាធរវៀតណាម បានធ្វើតេស្តរកមេរោគកូវីដ១៩ ទៅលើបុរសរូបនេះ នៅថ្ងៃទី០៥ ខែឧសភា ប៉ុន្តែលទ្ធផលគឺអវិជ្ជមាន រហូតដល់ថ្ងៃទី១៥ ខែឧសភា ទើបអាជ្ញាធរវៀតណាម ធ្វើតេស្តលើបុរសនេះម្តងទៀត ហើយលទ្ធផលគឺវិជ្ជមានវីរុសកូវីដ១៩។

ដោយ ផែន រតនៈ