គណៈប្រតិភូរាជរដ្ឋាភិបាល ចុះពិនិត្យមើលសកម្មភាពការងារស្ថាបនាផ្លូវ និងលូ ក្នុងក្រុងព្រះសីហនុ

AKP ព្រះសីហនុ ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២០–

ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តព្រះសីហនុ និងឯកឧត្តម គួច ចំរើន អភិបាល នៃ គណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញចុះពិនិត្យសកម្មភាពការងារស្ថាបនាផ្លូវ ៣៤ខ្សែ ក្នុងក្រុងព្រះសីហនុ និងពិនិត្យមើលប្រព័ន្ធលូបង្ហូរទឹក និងហេដ្ឋារចនាសម្ព័ន្ធបំពាក់តាមដងផ្លូវ ដែលកំពុងស្ថាបនាយ៉ាងមមាញឹកក្នុងខេត្តព្រះសីហនុ ។

ការអញ្ជើញចុះពិនិត្យមើលនេះគឺជាសមិទ្ធផលថ្មីមួយ ដែលរាជរដ្ឋាភិបាលកម្ពុជា បានផ្តល់មកដល់ខេត្តព្រះសីហនុ ក្នុងការស្ថាបនាផ្លូវ-លូ ដើម្បីបញ្ចៀសការកកស្ទះចរាចរណ៍ក្នុងក្រុងព្រះសីហនុ ហើយក៏ជាគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ បម្រើឱ្យការងារទេសចរណ៍ និងការអភិវឌ្ឍនានា មានដូចជា សណ្ឋាគារ និងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ដែលរាជរដ្ឋាភិបាលចាត់ទុកខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណងតែមួយសម្រាប់កម្ពុជា ។

សូមរម្លឹកថា ផ្លូវទាំង ៣៤ខ្សែខាងលើនេះ បាន បើកសម្ពោធបើកការដ្ឋានកាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩កន្លងមក ក្រោមអធិបតីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ៕ ដោយ ងូ សុមុនី