អ្នកនាំពាក្យក្រសួងសុខាភិបាល៖ យើងបានត្រៀមលក្ខណៈគ្រប់គ្រាន់ ដើម្បីទប់ទល់ក្នុងករណីមានរលកទី២ នៃវីរុសកូវីដ១៩ ដែលអាចកើតឡើងជាយថាហេតុ

AKP ភ្នំពេញ ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២០ —

ឯកឧត្តមវេជ្ជបណ្ឌិត លី សូវ៉ាន់ ប្រធាននាយកដ្ឋានប្រយុទ្ធជំងឺឆ្លង និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានថ្លែងប្រាប់ទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) តាមបណ្តាញតេឡេក្រាម នាព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២០នេះថា ក្រសួងសុខាភិបាល បានត្រៀមលក្ខណៈគ្រប់គ្រាន់ ដើម្បីទប់ទល់ក្នុងករណីមានរលកទី២ នៃវីរុសកូវីដ១៩ ដែលអាចកើតឡើងជាយថាហេតុ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តមវេជ្ជបណ្ឌិតបានគូសបញ្ជាក់ថា៖ “គិតត្រឹមថ្ងៃនេះ យើងពិតជារីករាយមែនទែន ដែលកម្ពុជាយើងលែងមានករណីអ្នកជំងឺកូវីដ១៩ទៀតហើយ ប៉ុន្តែយើងនៅតែប្រឈមខ្ពស់នៅឡើយ ចំពោះការនាំចូលជំងឺនេះពីប្រទេសជិតខាង ក៏ដូចជាប្រទេសនានានៅក្នុងពិភពលោកនេះ ព្រោះករណីនេះពុំទាន់មានសញ្ញាថមថយខ្លាំងនៅឡើយនោះទេ ហេតុដូច្នេះហើយ យើងត្រូវតែបន្តអនុវត្តនូវវិធានការនានា ដែលបានដាក់ចេញរួចមកហើយ ក្នុងនោះយើងក៏បានត្រៀមលក្ខណៈគ្រប់គ្រាន់ផងដែរ តាមរយៈប្រព័ន្ធតាមដានជំងឺ វិធានការការពារ និងទប់ស្កាត់ ។ល។ ដើម្បីឆ្លើយតបទៅនឹងរលកទី២នៃវីរុសកូវីដ១៩ ដែលអាចកើតឡើងជាយថាហេតុណាមួយ នៅក្នុងព្រះរាជាណាចក្រកម្ពុជាយើង ព្រោះបើតាមបទពិសោធន៍នៃការរាតត្បាតជំងឺឆ្លងនានានៅក្នុងពិភពលោក គឺតែងតែមានរលកបីដង គឺរលកទី១ រលកទី២ និង រលកទី៣ អញ្ចឹងហើយទើបយើងមិនអាចធ្វេសប្រហែសបានជាដាច់ខាត”។

ជាទូទៅ រលកទី២ នៃការរីករាលដាលនៃជំងឺឆ្លង គឺតែងតែកើតឡើង ព្រោះបន្ទាប់ពីរលកទី១ជោគជ័យ ប្រជាពលរដ្ឋតែងតែមានការធ្វេសប្រហែស ដែលនេះហើយគឺជាឱកាសរបស់រលកទី២ វាយមកលើប្រទេសនីមួយៗ ហើយការវាយជាលើកទី២នេះ គឺប្រាកដណាស់នឹងធ្ងន់ធ្ងរជាងរលកទី១ ដូចនេះទើបរាជរដ្ឋាភិបាល ក៍ដូចជាក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា នៅតែបន្តអំពាវនាវដ៏ទទូច សូមឱ្យប្រជាពលរដ្ឋបន្តអនុវត្តវិធានអនាម័យជាប់ជាប្រចាំ ដើម្បីការពាររលកទី២នេះ។

សូមបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី១៦ ខែឧសភា នេះ អ្នកជំងឺកូវីដ១៩ សរុបទាំងអស់ ១២២នាក់ នៅកម្ពុជា ត្រូវបានព្យាបាលជាសះស្បើយដោយជោគជ័យ បន្ទាប់ពីករណីដំបូងត្រូវបានរកឃើញលើបុរសអ្នកទេសចរជនជាតិចិន នៅខេត្តព្រះសីហនុ កាលពីចុងខែមករា ឆ្នាំ២០២០៕ ដោយ៖ ផែន រតនៈ