អ្នកជំងឺកូវីដ១៩ចុងក្រោយ ដែលបានព្យាបាលជាសះស្បើយ បានចាកចេញពីមន្ទីរពេទ្យហើយ ក្រោមការសាទរយ៉ាងកក់ក្តៅពីគ្រប់ភាគីពាក់ព័ន្ធ

AKP ភ្នំពេញ ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២០ —

អ្នកជំងឺទី១២២ ដែលជាអ្នកជំងឺចុងក្រោយនៅកម្ពុជា បានជាសះស្បើយពីជំងឺកូវីដ១៩ ហើយ និងបានចាកចេញពីមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នាព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២០នេះ ក្រោមការសាទរយ៉ាងកក់ក្តៅពីគ្រប់ភាគីពាក់ព័ន្ធ។

ឯកឧត្តមវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល លោកស្រីវេជ្ជបណ្ឌិត Li Ailan តំណាងអង្គការសុខភាពពិភពលោក ប្រចាំកម្ពុជា និងតំណាងស្ថាប័នពាក់ព័ន្ធជាច្រើនទៀត បានជូនដំណើរអ្នកជាសះស្បើយចុងក្រោយគេនេះ ដែលជាស្ត្រីខ្មែរអាយុ ៣៦ឆ្នាំ មកពីក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ឯកឧត្តមរដ្ឋមន្រ្តីក្រសួងសុខាភិបាល បានសម្តែងការអបអរសាទរចំពោះអ្នកជំងឺដែលបានជាសះស្បើយនេះ និងបានចាត់ទុកថា ជោគជ័យរបស់ប្រទេសកម្ពុជាក្នុងការបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩នេះ គឺដោយសារតែការចាត់វិធានការទាន់ពេលវេលា និងការចូលរួមយ៉ាងសកម្មពីគ្រប់ភាគីពាក់ព័ន្ធ រួមទាំងសាធារណជនទូទៅ។

ក្នុងនោះ ឯកឧត្តមវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង ក៏បានក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវតែបន្តអនុវត្តវិធានការការពារឱ្យបានម៉ឺងម៉ាត់បន្ថែមទៀត បើទោះបីកម្ពុជាមិនមានរកឃើញករណីឆ្លងថ្មី អស់រយៈពេលជាងមួយខែកន្លងមកនេះ ដើម្បីបង្ការការឆ្លងរីករាលដាលរលកទី២។

លោកស្រីវេជ្ជបណ្ឌិត Li Ailan បានថ្លែងកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់បុគ្គលិកសុខាភិបាលទាំងអស់ និងក្រសួងសុខាភិបាល និងបានវាយតម្លៃខ្ពស់ចំពោះការឆ្លើយតបយ៉ាងឆាប់រហ័ស និងប្រកបដោយប្រសិទ្ធភាពរបស់រាជរដ្ឋាភិបាលកម្ពុជាចំពោះជំងឺរាតត្បាតនេះ។

លោកស្រីបានគូសបញ្ជាក់ថា៖ “ខណៈពេលដែលយើងកំពុងប្រយុទ្ធប្រឆាំងនឹងវីរុសថ្មីនៅពេលនេះ យើងក៏កំពុងប្រយុទ្ធប្រឆាំងនឹងព័ត៌មានមិនពិតផងដែរ។ ព័ត៌មានមិនពិតគឺជាបញ្ហាប្រឈមមួយផ្សេងទៀតសម្រាប់ប្រទេសកម្ពុជា ក៏ដូចជាប្រទេសដទៃទៀត។” លើសពីនេះ លោកស្រីក៏បានជំរុញឱ្យសាធារណជនតាមដានប្រភពផ្លូវការ ដើម្បីទទួលបានព័ត៌មានពិតអំពីជំងឺកូវីដ១៩។

ក្នុងទឹកមុខប្រកបដោយក្តីរីករាយ អ្នកជម្ងឺដែលបានជាសះស្បើយ បានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅដល់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាល ដែលបានយកចិត្តទុកដាក់ដល់សុខមាលភាពប្រជាជន និងបានកោតសរសើរដល់ក្រុមគ្រូពេទ្យកម្ពុជាដែលមានសមត្ថភាព និងវិជ្ជាជីវៈខ្ពស់។

សូមបញ្ជាក់ថា ប្រទេសកម្ពុជាពុំរកឃើញករណីឆ្លងថ្មី នៃជំងឺកូវីដ១៩ ក្នុងរយៈពេល ៣៤ថ្ងៃជាប់ៗគ្នា។ ករណីវិជ្ជមានសរុបទូទាំងប្រទេសមានចំនួន ១២២នាក់ ក្នុងនោះមានជនជាតិខ្មែរ ៥១នាក់ បារាំង ៤០នាក់ ម៉ាឡេស៊ី ១៣នាក់ អង់គ្លេស ៥នាក់ ចិន ៣នាក់ វៀតណាម ៣នាក់ អាមេរិក ២នាក់ ឥណ្ឌូណេស៊ី ២នាក់ កាណាដា ២នាក់ និង បែលហ្ស៊ិកម្នាក់ ក្នុងនោះករណីភាគច្រើន គឺជាករណីនាំចូលពីក្រៅប្រទេស។

ចាប់តាំងពីករណីដំបូងដែលត្រូវបានគេរកឃើញនៅខេត្តព្រះសីហនុ លើបុរសជនជាតិចិន កាលពីចុងខែមករាកន្លងមក ជំងឺកូវីដ១៩នេះ បានរាលដាលដល់រាជធានី-ខេត្ត ចំនួន១៣ នៅក្នុងព្រះរាជាណាចក្រកម្ពុជា៕