ប្រមុខរាជរដ្ឋាភិបាល កោតសរសើរចំពោះក្រសួង ស្ថាប័នពាក់ព័ន្ធដែលបានរួមចំណែកក្នុងការប្រយុទ្ធប្រឆាំងនិងទប់ស្កាត់ការរីករាលជំងឺកូវីដ-១៩នៅកម្ពុជា

AKP ភ្នំពេញ ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២០–

នៅក្នុងសម័ប្រជុំពេញអង្គរបស់ខ្លួន កាលពីថ្ងៃសុក្រ ៩រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០ នៅវិមានសន្តិភាព ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានថ្លែងការកោតសរសើរចំពោះក្រសួង ស្ថាប័នពាក់ព័ន្ធ កងកម្លាំងប្រដាប់អាវុធគ្រប់ផ្នែក រដ្ឋបាលរាជធានី ខេត្តទាំងអស់ ក្រុមគ្រូពេទ្យ និងសាធារណជន ដែលបានខិតខំចាត់វិធានការការពារនិងរួមចំណែកក្នុងការប្រយុទ្ធប្រឆាំងនិងទប់ស្កាត់ការរីករាលជំងឺកូវីដ-១៩នៅកម្ពុជា។

ក្នុងកិច្ចប្រជុំនេះដែរ សម្ដេចតេជោនាយករដ្ឋមន្ត្រីក៏បានស្នើឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិត្រូវចុះត្រួតពិនិត្យអនាម័យនៅតាមភោជនីយដ្ឋាន ហើយត្រូវធ្វើការណែនាំប្រសិនបើមានការខ្វះចន្លោះ។ ក្នុងករណីភោជនីយដ្ឋានណាមួយមិនអនុវត្តន៍ស្របតាមវិធានអនាម័យរបស់ក្រសួងសុខាភិបាលក្នុងការប្រយុទ្ធប្រឆាំង និងទប់ស្កាត់ជំងឺកូវីដ-១៩ ត្រូវផ្អាកអាជីវកម្មជាបណ្តោះអាសន្នរហូតមានការរៀបចំកែលម្អអនាម័យឡើងវិញ ទើបអនុញ្ញាតឱ្យបន្តអាជីវកម្មជាថ្មី។

សម្ដេចតេជោក៏បានគូសបញ្ជាក់ដែរថា ចំពោះសំណើសុំបើកសាលារៀនឡើងវិញ មិនគួរធ្វើឡើងដោយប្រញាប់ពេកនោះទេ ព្រោះអាចបង្កជាហានិភ័យនៃការឆ្លងរីករាលដាលជំងឺកូវីដ-១៩ នៅក្នុងសហគមន៍។

សម្ដេចតេជោបានថ្លែងបន្ថែមថា រាជរដ្ឋាភិបាលនៅតែបន្តអនុវត្តន៍គោលនយោបាយគាំពារសង្គម ដែលរួមមាន ការបន្តយកចិត្តទុកដាក់ឧបត្ថម្ភចំពោះកម្មការីនីដែលជាស្ត្រីមានផ្ទៃពោះ គ្រួសារដែលមានជីវភាពក្រីក្រ និងបង្កើនមូលធនថវិកា «សាច់ប្រាក់ពលកម្ម» ដើម្បីជួយដល់កម្មករនិយោជិតដែលបានព្យួរការងារកំលុងពេលដែលរោងចក្រ សហគ្រាស គ្រឹះស្ថានក្នុងវិស័យកាត់ដេរ និងទេសចរណ៍មួយចំនួនបានផ្អាកដំណើរការ ដោយសាររងផលប៉ះពាល់ធ្ងន់ធ្ងរពីបញ្ហាជំងឺកូវីដ-១៩ ស្របតាមការផ្សព្វផ្សាយរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។

សម្ដេចតេជោ ហ៊ុន សែន ក៏បានថ្លែងក្នុងនាមរាជរដ្ឋាភិបាល សូមក្រាបថ្វាយបង្គំអរព្រះគុណជាអនេក ថ្វាយព្រះកុរណា សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលទ្រង់សព្វព្រះរាជហឫទ័យប្រោសព្រះរាជទាននូវព្រះរាជទ្រព្យដល់រាជរដ្ឋាភិបាលកម្ពុជា និងសូមថ្លែងអំណរគុណចំពោះសប្បុរសជននានាដែលបានចូលរួមឧបត្ថម្ភថវិកា ដើម្បីគាំទ្រដល់ការធ្វើសកម្មភាពប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ នៅកម្ពុជា។

ទន្ទឹមនិងនេះដែរ រាជរដ្ឋាភិបាលសូមថ្លែងអំណរគុណចំពោះមន្ត្រីរាជការគ្រប់ជាន់ថ្នាក់ និងកងកម្លាំងប្រដាប់អាវុធទូទាំងប្រទេស ដែលបានចូលរួមជាវិភាគទាននូវប្រាក់បៀវត្សរ៍និងថវិកាផ្ទាល់ខ្លួន ជូនដល់មូលនិធិប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ របស់រាជរដ្ឋាភិបាល ដែលបច្ចុប្បន្នកើនឡើងរហូតដល់ជាង៧៣,០០០នាក់ ក្នុងទំហំទឹកប្រាក់ជាង ៤០ពាន់លានរៀល៕ ដោយ៖ជឹម ណារី