សម្ដេចតេជោ ហ៊ុន សែន៖ ការអនុវត្តច្បាប់ចរាចរណ៍មិនត្រូវពន្យារពេលដោយសារតែបញ្ហានៃការឆ្លងរីករាលដាលជំងឺកូវីដ-១៩នោះទេ

AKP ភ្នំពេញ ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២០–

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា ការអនុវត្តច្បាប់ចរាចរណ៍មិនត្រូវពន្យារពេលដោយសារតែបញ្ហានៃការឆ្លងរីករាលដាលជំងឺកូវីដ-១៩នោះទេ ហើយត្រូវតែបន្តធ្វើដោយគ្មានការដកថយ ដោយទន់ភ្លន់ និងដោយម៉ឺងម៉ាត់ ដើម្បីការពារសុខសុវត្ថិភាពនិងអាយុជីវិតរបស់ប្រជាជន។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មាន ស្ដីពីលទ្ធផលនៃសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នំា២០២០។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា មន្ត្រីនគរបាលចរាចរណ៍ត្រូវបន្តរឹតបន្តឹងការផាកពិន័យចំពោះយានយន្តណាដែលបានប្រព្រឹត្តល្មើសនឹងបទល្មើសចំនួន១៦ចំណុច ដោយក្នុងនោះ៧ចំណុចអនុវត្តន៍ចំពោះទោចក្រយានយន្តនិងត្រីចក្រយានយន្ត(ម៉ូតូ ឬរ៉ឺម៉កកង់បី) និង៩ចំណុច ចំពោះរថយន្តធុនស្រាល និងធុនធ្ងន់។ នៅក្នុងកិច្ចប្រជុំនេះដែរ គណៈរដ្ឋមន្ត្រីក៏បានសម្រេចឱ្យលេខាធិការដ្ឋាន និងសមាជិក សមាជិកា នៃឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ ត្រូវបំពេញភារកិច្ចដូចជា ក-មិនអនុញ្ញាតឱ្យចុះដោះស្រាយរាល់ទំនាស់ទាំងឡាយណាដែល សម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រី បានដោះស្រាយបញ្ចប់ និងមានសេចក្តីជូនដំណឹងរបស់ទីស្តីការគណៈរដ្ឋមន្ត្រី(សជណ) រួចហើយនោះទេ។ ខ-មិនអនុញ្ញាតឱ្យដោះស្រាយទំនាស់ដីធ្លីដែលកំពុងដំណើរការតាមនីតិវិធីរបស់តុលាការ។ គ-មិនអនុញ្ញាតឱ្យចុះដោះស្រាយរាល់ទំនាស់ទាំងឡាយណា ដែលបានដោះស្រាយបញ្ចប់ ដោយស្ថាប័នតុលាការ ដែលមានសាលក្រម ឬសាលដីកាស្ថាពររួចហើយ។ ឃ-លេខាធិការដ្ឋាននៃឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ ត្រូវពិនិត្យគោលដៅ និងកម្មវត្ថុដែលសមាជិកនិងសមាជិកានៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ បម្រុងចុះទៅដោះស្រាយ ដោយមិនត្រូវចេញលិខិតបេសកកម្មជូនក្នុងករណីដូចបានរៀបរាប់នៅក្នុងចំណុច «ក» «ខ» និងចំណុច «គ» ខាងលើឡើយ។ ទន្ទឹមនេះ ក៏មិនត្រូវបញ្ជូនសំណុំរឿងវិវាទដីធ្លីរវាងបុគ្គលនិងបុគ្គល ជូនមកសម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រី ដើម្បីធ្វើការដោះស្រាយដែរ។

ជាងនេះទៀតនៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនេះ រាជរដ្ឋាភិបាលសម្រេចផ្ដល់ការអនុញ្ញាតឱ្យធ្វើការនាំចេញស្រូវ អង្ករស និងត្រី ទៅក្រៅប្រទេសឡើងវិញ ចាប់ពីថ្ងៃទី២០ ខែ ឧសភា ឆ្នាំ២០២០ នេះតទៅ ដូចមុនពេលប្រកាសបិទ ដោយផ្អែកលើតុល្យភាពស្បៀងសម្រាប់តម្រូវការក្នុងប្រទេស បន្ទាប់ពីត្រូវបានផ្អាកការនាំចេញនាពេលកន្លងមក៕ ដោយ៖ ជឹម ណារី