រាជរដ្ឋាភិបាលអនុម័តសេចក្ដីព្រាងច្បាប់ស្ដីពីការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ក្នុងវិស័យ ព្រហ្មទណ្ឌ

AKP ភ្នំពេញ ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២០–

នៅក្នុងសម័យប្រជុំពេញអង្គគណៈរដ្ឋមន្រ្ដី កាលពីថ្ងៃសុក្រ ៩រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០ នៅវិមានសន្តិភាព ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានោះ គណៈរដ្ឋមន្ត្រីបានធ្វើការអនុម័ត ទៅលើសេចក្ដីព្រាងច្បាប់ស្ដីពីការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌ។

ការរៀបចំសេចក្តីព្រាងច្បាប់នេះ គឺមានភាពចាំបាច់ក្នុងការបង្កើតឱ្យមាននីតិវិធីផ្ទៃក្នុងមួយច្បាស់លាស់បំពេញបន្ថែមឱ្យក្រមនីតិវិធីព្រហ្មទណ្ឌ ដើម្បីធានាដល់ការអនុវត្តសំណើសុំជំនួយផ្នែកច្បាប់ និងការអនុវត្តសន្ធិសញ្ញានានាស្តីពីការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌ ព្រមទាំងបង្កើតឱ្យមានមូលដ្ឋានគតិយុត្តមួយដែលបម្រើដល់ការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌ ជាមួយបណ្តាប្រទេសក្នុងតំបន់និងអន្តរជាតិ ដោយឈរលើគោលការណ៍នៃការគោរពអធិបតេយ្យនិងផលប្រយោជន៍គ្នាទៅវិញទៅមក។

សេចក្តីព្រាងច្បាប់ស្ដីពីការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌ ជាបទដ្ឋានគតិយុត្តដ៏មានសារៈសំខាន់ និងចាំបាច់មួយ ដែលកំណត់អំពីការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌរវាងព្រះរាជាណាចក្រកម្ពុជានិងរដ្ឋបរទេស ទាក់ទងនឹងដំណើរការនីតិវិធីនានាពាក់ព័ន្ធនឹងបទល្មើសព្រហ្មទណ្ឌ ព្រមទាំងការបង្កកការចាប់យក និងការរឹបអូសទ្រព្យ ក្នុងគោលបំណងដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការអន្តរជាតិ។

សេចក្តីព្រាងច្បាប់នេះក៏នឹងគាំទ្រដល់ការអនុវត្តយុទ្ធសាស្ត្រជាតិស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្មឆ្នាំ២០១៩-២០២៣ ផងដែរ។ នៅក្នុងកិច្ចប្រជុំនេះដែរ កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីបានសម្រេចបញ្ជូនទៅសុំការអនុម័តយល់ព្រមពីស្ថាប័ននីតិប្បញ្ញត្តិនូវសេចក្ដីព្រាងច្បាប់មួយចំនួន រួមមាន សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្តីពីការលុបបំបាត់ការយកពន្ធត្រួតគ្នាពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល និងការបង្ការ ការគេចវេះពន្ធ និងការចៀសវាងពន្ធ រវាងព្រះរាជាណាចក្រកម្ពុជានិងម៉ាឡេស៊ី។

សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀង ស្តីពីការលុបបំបាត់ការយកពន្ធត្រួតគ្នាពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល និងការបង្ការការគេចវេះពន្ធ និងការចៀសវាងពន្ធ រវាងព្រះរាជាណាចក្រកម្ពុជានិងសាធារណរដ្ឋកូរ៉េ។

ជាមួយគ្នានេះដែរ សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមឱ្យព្រះរាជាណាចក្រកម្ពុជាចូលជាភាគីនៃអនុសញ្ញាទីក្រុងប៊ែន ស្តីពីកិច្ចការពារស្នាដៃអក្សរសាស្ត្រនិងសិល្បៈឆ្នាំ១៨៨៦ និង វិសោធនកម្មឆ្នាំ១៩៧៩៕ ដោយ៖ជឹម ណារី