ក្រុមការងារចុះជួយខេត្តព្រះសីហនុ នាំយកអំណោយសប្បុរសធម៌ ទៅប្រគល់ជូនបងប្អូនខ្មែរឥស្លាម ក្នុងពិធីបួសរ៉ាម៉ាឌន

AKP ព្រះសីហនុ ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០–

នាព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០ ក្រុមការងារចុះជួយខេត្តព្រះសីហនុ ដឹកនាំ ដោយ ឯកឧត្ដម សេន ណាស៊ី ប្រធានក្រុមការងារចុះជួយមូលដ្ឋានខ្មែរឥស្លាម ខេត្ត ព្រះសីហនុ រួមដំណើរដោយ ឯកឧត្ដម សុះ ហ្វាស៊ី ឯកឧត្ដម កៅ អ៊ីមរ៉ន និងឯកឧត្ដម ពាស់ មុស្លិម អនុប្រធានក្រុមការងារ បាននាំយកអំណោយសប្បុរសធម៌របស់ប្រធានក្រុមការងារ រាជរដ្ឋាភិបាលចុះជួយខេត្តព្រះសីហនុ ប្រគល់ជូនបងប្អូនឥស្លាមសាសនិក ក្នុងពិធីបួស រ៉ាម៉ាឌនមាន អង្ករ៦៨០០គីឡូក្រាម ផ្តល់ជូនតាមព្រះវិហារ និងភូមិចំនួន១៧ទូទាំងខេត្ត។ រីឯដំណាប់ល្ម៉ើចំនួន៧៤៤គីឡូក្រាម ដែលជារបស់សប្បុរសជនអារ៉ាប់រួម បានផ្តល់តាម រយៈអង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា ក៏បានប្រគល់ជូនបងប្អូនឥស្លាមសាសនិកក្នុង ពិធីបួសរ៉ាម៉ាឌននាពេលនោះផងដែរ។

ជាមួយគ្នានោះផងដែរ ក្រុមការងារក៏បានយកអំណោយសប្បុរសធម៌របស់អង្គការ Muslim Aid,Cambodia ផ្តល់ជូនអ្នកខ្វះខាតចំនួន៣០គ្រួសារ ដោយក្នុង១គ្រួសារ ទទួលបានអង្ករ១០គីឡូក្រាម មី១កេស ដំណាប់ល្ម៉ើ១គីឡូក្រាម។

ក្នុងឱកាសនោះដែរ ឯកឧត្ដម សេន ណាស៊ី ប្រធានក្រុមការងារចុះជួយមូលដ្ឋាន ខេត្ដព្រះសីហនុ បានកោតសរសើរដល់បងប្អូនឥស្លាមសាសនិក ដែលសម្រាប់ពិធី បុណ្យ រ៉ាម៉ាឌន ហើយបងប្អូនក៏បានអនុវត្តន៍ខ្ជាប់ខ្ជួននូវតាមការណែនាំរបស់រាជរដ្ឋាភិបាល និង ក្រសួងសុខាភិបាល ក្នុងការបង្ការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩៕ ដោយ៖ សួស សំរិត