សម្តេចប្រធានព្រឹទ្ធសភា ចុះសាកសួរសុខទុក្ខមន្ត្រី និងអាជ្ញាធរសង្កាត់ប្រទះឡាង ក្នុងខណ្ឌកំបូល រាជធានីភ្នំពេញ

AKP ភ្នំពេញ  ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០–

សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចុះសាកសួរសុខទុក្ខ មន្ត្រី និងអាជ្ញាធរ ក្នុងសង្កាត់ប្រទះឡាង ខណ្ឌកំបូល រាជធានីភ្នំពេញ ដើម្បីស្តាប់របាយការណ៍ស្តីពីសភាពការណ៍សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ការងារបម្រើសេវាសាធារណៈរបស់មន្ត្រី កងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរសង្កាត់។ ក្នុងការអញ្ជើញសាកសួរសុខទុក្ខនេះ បានធ្វើឡើង នាព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០។

សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានសាកសួររអំពីសភាពការណ៍ និងការអប់រំផ្សព្វផ្សាយអំពីបណ្តាវិធានការទប់ស្កាត់ និងការពារជំងឺកូវីដ-១៩ នៅក្នុងមូលដ្ឋាន និងបានជម្រាបជូនអំពីស្ថានភាពនៃការរីករាតត្បាតរបស់វីរុសកូវីដ-១៩ នៅបណ្តាប្រទេសជុំវិញពិភពលោកព្រមទាំងផលប៉ះពាល់លើគ្រប់ផ្នែកគ្រប់វិស័យដែលបង្ករឡើងដោយសារជំងឺនេះ។

ជាមួយគ្នានេះ ជំងឺរាតត្បាតដ៏កាចសាហាវ និងងាយចម្លងបំផុតនេះគឺបង្ករមកពីវីរុសកូវីដ-១៩ ដែលជាវីរុសប្រភេទថ្មី ហើយដែលមិនទាន់មានការស្រាវជ្រាវបែបវិទ្យាសាស្រ្តណាមួយបញ្ជាក់ឱ្យច្បាស់លាស់ និងរកឃើញថ្នាំព្យាបាលប្រកបដោយប្រសិទ្ធភាព ឬបង្កើតបាននូវវ៉ាក់សាំង សម្រាប់ការពារនៅឡើយ។ សម្ដេចវិបុលសេនាភក្ដីបានបន្ដថា ដោយឡែកនៅកម្ពុជាយើងអាស្រ័យដោយរាជរដ្ឋាភិបាល និងក្រសួងជំនាញពាក់ព័ន្ធទាំងអស់ ក្តាប់ជាប់ និងគ្រប់គ្រងសភាពការណ៍បានល្អ ហើយបានត្រៀមលក្ខណៈទុកជាមុន និងបានដាក់ចេញនូវបណ្តាវិធានការទប់ស្កាត់ការពារបានល្អ ឆាប់រហ័ស និងទាន់ពេលវេលា។

ម្យ៉ាងទៀត កងកម្លាំង អាជ្ញាធរគ្រប់ថ្នាក់ប្រជាពលរដ្ឋគ្រប់រូបម្នាក់ៗសុទ្ធតែមានការភ័យខ្លាច មានការយល់ដឹង និងចូលរួមសហការអនុវត្តន៍យ៉ាងសស្រាក់សស្រាំ នោះទើបស្ថានភាពនៃជំងឺនេះមានភាពធូរស្រាលច្រើន ហើយ ការចម្លងក៏មិនមានរីករាលដាលដល់ក្នុងសហគមន៍។ សម្ដេចវិបុលសេនាភក្ដីបានបន្ថែមថា ក្នុងរយៈពេលជាងមួយខែមកនេះ គឺមិនមានករណីឆ្លងថ្មីៗទៀត ហើយក៏នៅមិនទាន់មានអ្នកស្លាប់ និងការព្យាបាលបានជាសះស្បើយមានចំនួន១២១នាក់ ក្នុងចំណោមអ្នករកឃើញវិជ្ជមានសរុប១២២នាក់គឺនៅសល់តែអ្នកជំងឺ១នាក់ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។

សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានលើកឡើងថា បញ្ហានេះមិនមែនមានន័យថា មិនអាចកើតមាននូវរលកទី២ នៃការចម្លងជំងឺកូវីដ-១៩ ជាថ្មីទៀតនោះដែរ ហេតុនេះទើបត្រូវតែបន្តប្រុងប្រយ័ត្ន និងការពារទប់ស្កាត់តទៅទៀត។ ចំពោះមុខយើងត្រូវខិតខំផ្សព្វផ្សាយអប់រំដល់ប្រជាពលរដ្ឋយើងឱ្យប្រុងប្រយ័ត្ន និងអនុវត្តន៍ខ្ជាប់ខ្ជួននូវបណ្តាវិធានការនានា ដែលរាជរដ្ឋាភិបាល និងក្រសួងជំនាញបានណែនាំ ដោយត្រូវអនុវត្តន៍អនាម័យខ្លួនប្រាណ និងហាត់ប្រាណ ការអនុវត្តគម្លាតសុវត្ថិភាព ហើយស្ថិតនៅក្នុងផ្ទះឱ្យបានច្រើន ពិសេសត្រូវពាក់ម៉ាស់ការពារក្នុងករណីចាំបាច់ និងនៅទីកន្លែងដែលមានមនុស្សច្រើនៗ។

សម្ដេចវិបុលសេនាភក្ដីបានថ្លែងទៀតថា ក្នុងករណីមានការសង្ស័យ អំពីអាការៈមិនស្រួលខ្លួនដែលអាចពាក់ព័ន្ធនឹងជំងឺនេះត្រូវប្រញាប់ទៅជួបគ្រូពេទ្យជំនាញ ឬទាក់ទងផ្តល់ព័ត៌មានទៅខ្សែទូរស័ព្ទ១១៥ជាបន្ទាន់។ សម្ដេចវិបុលសេនាភក្ដីក៏បានណែនាំដល់ប្រជាពលរដ្ឋម្នាក់ៗ ត្រូវបង្កើនការប្រុងប្រយ័ត្ន និងចេះការពារខ្លួនដោយខ្លួនឯង គឺដើម្បីការពារខ្លួនយើងផ្ទាល់ ការពារក្រុមគ្រួសារ មនុស្សជាទីស្រឡាញ់របស់ខ្លួន និងការពារសហគមន៍ និងសង្គមជាតិទាំងមូលផងដែរ៕ ដោយ៖រិទ្ធី