ក្លិបបាល់ទាត់អង្គរថាយហ្គឺរ រៀបចំកម្មវិធីចែកអង្ករដល់គ្រួសារក្រីក្រនៅខេត្តសៀមរាប

AKP ភ្នំពេញ ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០–

ក្លិបបាល់ទាត់អង្គរថាយហ្គឺរ បានជ្រើសរើសយកខែឧសភា មិថុនា និងខែកក្កដា ឆ្នាំ២០២០នេះ ជារយៈពេលពិសេស សម្រាប់កម្មវិធីចែកអង្ករដល់ ៤០០គ្រួសារ ដែលមានភាពក្រីក្រ ខ្វះខាតស្បៀង នៅខេត្តសៀមរាប ក្នុងគោលបំណងសម្រួលជីវភាពអំឡុងការផ្ទុះជំងឺកូវីដ-១៩។

លោក Yusuke Shinoda អ្នកចាត់ការក្លិបអង្គរថាយហ្គឺរ បានបញ្ជាក់នៅព្រឹកសុក្រ ៩រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០នេះថា សម្រាប់កម្មវិធីចែកនៅខែឧសភានេះ មានចំនួន០៣ថ្ងៃ គឺថ្ងៃទី១៤, ១៥ និង១៦ ចាប់ពីម៉ោង០៩ដល់ម៉ោង១១ព្រឹក ដោយមួយគ្រួសារៗទទួលបានអង្ករ ២០គីឡូក្រាម។

សៀមរាបជាតំបន់ទេសចរណ៍ដ៏ពិសេសលើពិភពលោក និងបានផ្ដល់កិត្តិយសដល់ជនជាតិខ្មែរទាំងអស់។ «បច្ចុប្បន្ននេះដោយសារជំងឺ COVID-19 សៀមរាបបានរងផលប៉ះពាល់យ៉ាងខ្លាំងជាពិសេសដល់ចំណូលប្រជាពលរដ្ឋ។ អង្គរថាយហ្គឺរ មានមូលដ្ឋាននៅខេត្តសៀមរាបផ្ទាល់តែម្ដង ហើយបេសកកម្មរបស់យើងគឺផ្ដល់សង្ឃឹម និងក្ដីស្រមៃតាមរយៈក្លិបរបស់យើង ក៏ដូចជាកីឡាបាល់ទាត់ ។

យើងក៏បានចូលរួមប្រកួតថ្នាក់ជាតិតាំងពីឆ្នាំ២០១៥ ដោយសារតែមានការគាំទ្រពីអ្នកគាំទ្រទាំងឡាយ។ មិនតែប៉ុណ្ណោះក្រោយពីផ្លាស់មកកាន់ខេត្តសៀមរាប យើងទទួលបានពានកិត្តិយសសម្រាប់ក្លិបដែលមានអ្នកគាំទ្រច្រើនជាងគេដល់ទៅពីរដង ហើយពួកគេក៏បានផ្ដល់កម្លាំងចិត្តដល់យើងជាហូរហែរ។ ដូច្នេះនេះជាពេលដែលយើងត្រូវជួយពួកគេវិញ ពេលកំពុងជួយការលំបាកបែបនេះ។ ដោយសារតែមនោសញ្ចេតនាបែបនេះ ទើបលោកប្រធានក្លិបរបស់យើងសម្រេចរៀបចំកម្មវិធីនេះឡើង ហើយម្ចាស់ឧបត្ថម្ភរបស់យើងក៏បានចូលរួមផងដែ។»

គួររម្លឹកផងដែរថា ការប្រកួតបាល់ទាត់ក្របខ័ណ្ឌ លីគកំពូលកម្ពុជា និងពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន រដូវកាល២០២០ ដែលត្រូវបានផ្អាកដោយសារការរីករាលដាលជំងឺ COVID 19 តាំងពីពាក់កណ្ដាលខែមីនា មកនោះ មិនទាន់ដំណើរការឡើងវិញនៅឡើយទេ៕ ដោយ៖ ហេង ណាលីន