ការសាងសង់មណ្ឌលកីឡាហែលទឹកខេត្តបាត់ដំបង សម្រេចបាន៦០ភាគរយ

AKP ភ្នំពេញ ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០–

អគ្គលេខាធិការ សហព័ន្ធខ្មែរកីឡាហែលទឹកបានបញ្ជាក់ឱ្យដឹងថា ការសាងសង់មណ្ឌលហែលទឹក ស្តង់ដារ​អន្តរជាតិ ស្ថិតក្នុងបរិវេណសាកលវិទ្យាល័យបាត់ដំបង ក្រុងបាត់​ដំបង ខេត្តបាត់ដំបង ដែលមានតម្លៃ​ប្រមាណ​២លានដុល្លារអាម៉េរិកនោះ សម្រេចបាន៦០ភាគរយហើយ។

លោក ហែម គីរី អគ្គលេខាធិការ សហព័ន្ធខ្មែរកីឡាហែលទឹក ដែលចុះពិនិត្យផ្ទាល់នោះបានបញ្ជាក់ថា មណ្ឌលហែលទឹកខេត្តបាត់ដំបង ដែលលទ្ធផល៦០ភាគរយ សម្រេចបានធំៗលើផ្នែកតួអាងទំាង៣ រួម​មានអាងហែល អាងលោត និងអាងកម្តៅសាច់ដុំចេញជារូបរាងហើយ ចំណែកគ្រោងអាគារទំាងអស់​ក៏ធ្វើ​រួចរាល់ហើយដែរ។

លោកបានបន្ដថា គម្រោងសាងសង់ទាំងមូលមានរយៈពេល២៤ខែលើផ្ទៃដីសាងសង់ទំហំ ១១២ម៉ែត្រ គុណនឹង ៦៥ម៉ែត្រ ក្រោមគំនិតផ្ដួចផ្ដើមរបស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ។ ទន្ទឹមនេះ មណ្ឌលកីឡាហែលទឹកនេះនឹងប្រើប្រាស់ ស្របតាមផែនការមេ​របស់​សហព័ន្ធខ្មែរ កីឡា​ហែលទឹក ក្នុងការអភិវឌ្ឍ និងបណ្ដុះបណ្ដាលកីឡាករ-កីឡាការិនីឈុតធំ និងថ្នាលដើម្បី​ត្រៀម​រៀបចំការប្រកួតថ្នាក់ខេត្ត ថ្នាក់ជាតិ និងត្រៀមឆ្ពោះទៅការប្រកួតកីឡា ស៊ីហ្គេម ២០២៣។

សូមបញ្ជាក់ថា មណ្ឌលកីឡា​ហែល​ទឹក​នេះ​បាន​បើក​ការដ្ឋាន​សាងសង់​ កាលពី​ថ្ងៃទី​១៥ ខែសីហា ឆ្នាំ​២០១៩ ដោយ​ស្ថិតនៅ​ទី​រួម​ខេត្តបាត់ដំបង​ក្នុង​បរិវេណ​សាកលវិទ្យាល័យ​បាត់ដំបង ដោយតាមគម្រោង​ការ​សាងសង់រយៈពេល ២ឆ្នាំ ហើយនៅសល់ប្រមាណ១ឆ្នាំ៤ខែទៀត ការសាងសង់នេះនឹងអាចបញ្ចប់ជាស្ថាពរ ដើម្បីបើកឲ្យដំណើរការប្រើប្រាស់ជាប្រយោជន៍ដល់ការបណ្តុបណ្តាល និងការអភិវឌ្ឍវិស័យកីឡាហែល​ទឹក​នៅក្នុងខេត្តមួយនេះកាន់តែប្រសើរ៕ដោយ៖ហេង ណាលីន