CAMSOC ពិភាក្សាលើស្លាកសញ្ញា និមិត្តសញ្ញា និងបាវចនា ស៊ីហ្គេម ២០២៣

AKP ភ្នំពេញ ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០–

គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ CAMSOC បានពិភាក្សា​បន្ថែម​ទៀតលើស្នាដៃគំនូរស្លាកសញ្ញា (LOGO), និមិត្តសញ្ញា (Mascot) និងបាវចនា ឬពាក្យស្លោកតំណាង​ឱ្យស៊ីហ្គេម ឆ្នាំ២០២៣ ក្រោមវត្តមានឯកឧត្តមបណ្ឌិត ថោង ខុន អនុប្រធានអចិន្ត្រៃយ៍ CAMSOC កាលពីថ្ងៃទី​១៣ ខែឧសភា ឆ្នាំ២០២០ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។

ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC បានមានប្រសាសន៍ថា កិច្ចពិភាក្សាគ្នាលើរបៀបវារៈ​នេះបានពិនិត្យមើលទៅលើនិមិត្តសញ្ញា ដែលយើងបានឯកភាពគ្នាក្នុងជំនាញរួច ហើយស្លាកសញ្ញា នៅតែ​បន្ត​ការកែសម្រួលបន្ថែមទៀត ដើម្បីឈានដល់ការសម្រេចជ្រើសរើសបេក្ខភាព ដែលដាក់ប្រឡងស្នាដៃនោះ មុនពេលដាក់ស្នើសុំការសម្រេចជូនសម្តេចពិជ័យសេនា ទៀ បាញ់ ប្រធាន CAMSOC និងឆ្លងកាត់ថ្នាក់​ដឹកនាំកំពូលជាចុងក្រោយបំផុតពីសម្តេចតេជោនាយករដមន្ត្រី។

ឯកឧត្ដមបានបញ្ជាក់ថា​ ចំពោះបាវចនា ឬពាក្យស្លោកតំណាងឱ្យស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលស្ថិតនៅក្នុងការពិចារណានៅឡើយនោះ មានដូចជាពាក្យ «កីឡាស្ថិតក្នុងសន្តិភាព» ឬ «កីឡារស់ក្នុងសន្តិភាព» Sport Into Peace និង Unity We Win «ឯកភាពគ្នាឈ្នះទាំងអស់គ្នា», «យើងឈ្នះដោយកម្លាំងសាមគ្គី» ឬ «ជោគជ័យបានមកពីសាមគ្គីភាព» និង Unity For Peace and Sport ដែលមានន័យថា «រួមគ្នាដើម្បីសន្តិភាព និងកីឡា ឬ «ឯកភាពគ្នា ដើម្បីសន្តិភាព និង​កីឡា» ជាដើម។

សូមបញ្ជាក់ថា ស្លាកសញ្ញា និមិត្តសញ្ញា និងបាវចនា ឬពាក្យស្លោកតំណាងឱ្យស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ កំពុងបន្តពិនិត្យ និងកែសម្រួល ធ្វើយ៉ាងឱ្យទម្រង់តំណាងស៊ីហ្គេម២០២៣ របស់ព្រះរាជាណាចក្រ​កម្ពុជាកាន់តែមានអត្ថន័យស៊ីជម្រៅ តាមអត្ថន័យ អត្ថរូបតាមប្រពៃណីវប្បធម៌ខ្មែរ ព្រមទាំងបញ្ជាក់អំពី​អត្ថន័យ អត្ថរូបសម្រាប់បណ្តាប្រទេសទាំង១១នៃសមាជិកអាស៊ាន តាមរយៈការប្រើប្រាស់និមិត្ត​សញ្ញាសហ​ព័ន្ធ​កីឡអាស៊ីអាគ្នេយ៍ និងប្រើប្រាស់ពាក្យ ពេចន៍ជាភាសាអង់គ្លេស ដែលមានលក្ខណៈជាសាកលផងដែរ។

គោលដៅនៃកិច្ចពិភាក្សាយ៉ាងយកចិត្តទុកដាក់នេះ គឺដើម្បីច្បាមយកនូវភាពជោគជ័យជាប្រវត្តិសាស្ត្រ នៅ​ក្នុង​ការទទួលរៀបចំទទួលធ្វើជាម្ចាស់ផ្ទះជាលើកដំបូងនៃព្រឹត្តិ ការណ៍កីឡា ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលព្រះរាជាណាចក្រកម្ពុជាកំពុងសម្រួចគោលដៅតាមផែនការមេរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលត្រូវបាន​អនុម័តដោយគណៈរដ្ឋមន្ត្រី ក្នុងសម័យប្រជុំពេញអង្គ កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៦ កន្លងទៅ៕ ដោយ៖ហេង ណាលីន