NPCC បញ្ជាក់ជុំវិញម្ចាស់ផ្ទះហ៊្វីលីពីន លុបចោលអាស៊ានប៉ារ៉ាហ្គេម លើកទី១០

AKP ភ្នំពេញ ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០–

ឯកឧត្តម យី វាសនា អគ្គលេខាធិការគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា (NPCC) បានបញ្ជាក់នៅព្រឹកសុក្រ ៩រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០នេះ ជុំវិញករណីដែលម្ចាស់ផ្ទះហ៊្វីលីពីនលុបចោលការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១០ ដែលបន្តពន្យាពេល នាខែតុលា ឆ្នាំ២០២០។

កន្លងមកថ្មីៗនេះមានសារព័ត៌មានមួយចំនួន បានផ្សព្វផ្សាយអំពីការលុបចោលនេះទាំងស្រុងរបស់ម្ចាស់ផ្ទះ ហ៊្វីលីពីន នៃព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម ដែលជាការប្រកួតពហុកីឡាជនពិការ ក្រោយព្រឹត្តិការណ៍ស៊ីហ្គេម ១ខែ ដែលបញ្ចប់កាលពីខែធ្នូ ឆ្នាំ២០១៩។ ប៉ុន្តែដោយសារការពន្យាពេលរបស់ម្ចាស់ផ្ទះ ហ៊្វីលីពីន ហើយចូលដល់វិបត្តិជំងឺកូវីដ-១៩នេះបានធ្វើឱ្យព្រឹត្តិការណ៍ថ្នាក់តំបន់មួយនេះត្រូវបានបន្តពន្យាជាច្រើនលើក និងគ្រោងរៀបចំនាខែតុលា ឆ្នាំ២០២០។ ប៉ុន្តែចុងក្រោយនេះត្រូវបានសារព័ត៌មាននានាបានចេញផ្សាយថា ព្រឹត្តិការណ៍នេះត្រូវបានលុបចោលតែម្តង។

ឯកឧត្តម យី វាសនា បញ្ជាក់ជូនថា នៅក្នុងលិខិតឆ្លើយឆ្លងរបស់គណៈកម្មការកីឡាប្រទេសហ៊្វីលីពីន និងគណៈកម្មាធិការរៀបចំការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមហ៊្វីលីពីន នៅក្នុងខ្លឹមសារនេះបានប្រើប្រាស់ត្រឹមពាក្យថា នឹង ឬអាច នឹងលុបចោល មិនទាន់ច្បាស់ថា លុបចោល១០០ភាគរយនោះនៅឡើយទេ។ ដោយគ្រោងនឹងពិភាក្សាឡើងវិញនាខែកក្កដា ឆ្នាំ២០២០នេះថា តើត្រូវលុបចោលទាំងស្រុង ឬយ៉ាងណានោះទេ។ ដូច្នេះហើយទើបគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា មិនទាន់ចេញលិខិតផ្លូវការសម្រាប់កម្ពុជានៅឡើយដែរ ដោយរង់ចាំពិនិត្យមើលនិតីវិធី និងការសម្រេចចុងក្រោយរបស់ម្ចាស់ផ្ទះ ហ៊្វីលីពីន។

ឯកឧត្តម បានសម្តែងការសោកស្តាយចំពោះការខិតខំប្រឹងប្រែងរបស់កីឡាករ កីឡាការិនីពិការ ដ៏ដូចជាគណៈកម្មការគ្រប់ផ្នែកទាំងអស់របស់កម្ពុជា ដែលបានត្រៀមចូលរួមប្រកួតប្រជែង នៅក្នុងព្រឹត្តិការណ៍នេះ។ បច្ចុប្បន្នក្រុមអត្តពលិកពិការទាំងអស់ នៅតែបន្តការហ្វឹកហាត់នៅតាមផ្ទះយ៉ាងសកម្ម។ ទោះយ៉ាងនេះក្តី ក៏ឯកឧត្តមរំពឹងទុកថា ការហ្វឹកហាត់នេះនៅតែមានផលប្រយោជន៍សម្រាប់ការប្រកួតអន្តរជាតិផ្សេងៗទៀត ឬត្រៀមការប្រកួតអាស៊ានប៉ារ៉ាហ្គេម លើកទី១១ នៅប្រទេសវៀតណាម ព្រមទាំងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ នៅកម្ពុជា ។ ដែលយើងត្រូវតែកសាងសក្តានុពល សមត្ថភាពអត្តពលិកពិការកម្ពុជាឱ្យបានខ្លាំងក្លាបំផុត ដើម្បីត្រៀមដណ្តើមមេដាយឱ្យបានច្រើន នៅឆ្នាំបន្តបន្ទាប់ទៀត។

ឯកឧត្តម បានលើកឡើងបន្ថែមថា «ខ្ញុំនឹងធ្វើសេចក្តីប្រកាសឆាប់ៗនេះ ដោយនៅក្នុងលិខិតរបស់ហ៊្វីលីពីន លើចំណុច៣ និងចំណុច៤ ពាក់ព័ន្ធគ្នា ដែលពិនិត្យទៅស្ទើរតែ៩០ភាគរយ ដែលមានទំនោរឈានទៅរកការលុបចោលនោះដោយរង់ចំាមើលថា តើអាស៊ានប៉ារ៉ាហ្គេម លើកទី១០នេះ លើកទៅឆ្នាំ២០២១ ឬត្រូវគេលុបចោលទាំងស្រុងតែម្តង ឬត្រូវម្ចាស់ផ្ទះវៀតណាមត្រូវទទួលយកនូវ ព្រឹត្តិ ការណ៍លើកទី១០នេះ ឬលើកទី១១។ នេះជាគឺជាប្រវត្តិសាស្ត្រមួយ ដែលជាគ្រោះថ្នាក់មួយនៃវិបត្តិជំងឺឆ្លងកូវីដ-១៩នេះ ដែលធ្វើឱ្យម្ចាស់ផ្ទះ ហ៊្វីលីពីនខ្វះខាតក្នុងការប្រើប្រាស់ថវិកា ហើយបានបង្វែរថវិកាកីឡានេះទៅប្រើប្រាស់ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ នេះផងដែរ »៕ ដោយហេង ណាលីន