អាជ្ញាធរខេត្តពោធិ៍សាត់ ជំរុញឱ្យប្រជាកសិករបង្កើន ការដាំបន្លែសរីរាង្គ

AKP ពោធិ៍សាត់ ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០ –​​

ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ បានចុះ​​ពិនិត្យសកម្មភាព និងវឌ្ឍនភាព នៃខ្សែសង្វាក់ផលិតកម្មបន្លែសុវត្ថិភាព (ការដាំ ប្រមូលផល និង​ការប្រមូលទិញតាមកិច្ចសន្យា) ស្ថិតនៅភូមិអូរស្រឡៅ ឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ កាលពីថ្ងៃព្រហស្បតិ៍ ៨រោច ខែពិសាខ ឆ្នាំជូតទោ ស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០។

ឯកឧត្តម ម៉ៅ ធនិន បានមានប្រសាសន៍ថា ការបណ្ដុះបណ្ដាលបច្ចេកទេសបន្ថែម​ដល់ប្រជាកសិករ នៅក្នុងការដាំបន្លែសរីរាង្គ និងបន្លែសុវត្ថិភាព គឺដើម្បីបង្កើនបរិមាណផលិតផល និង​ធានាគុណភាពក្នុងការប្រកួតប្រជែងនៅលើទីផ្សារ និងដើម្បីឆ្លើយតបទៅតាមតម្រូវការរបស់អ្នក​បរិភោគ។

ឯកឧត្តម មានប្រសាសន៍បន្តថា ដោយសារកត្តាសុខសន្តិភាព ស្ថិរភាពនយោបាយ និងសន្តិសុខសង្គម បានធ្វើឱ្យសេដ្ឋកិច្ចកម្ពុជាសម្រេចបានកំណើនលើសពីការរំពឹងទុក ។ ក្នុងបរិ បទកំណើនសេដ្ឋកិច្ចនេះបានទាមទារ និងផ្តល់ឱកាសដល់ប្រជាកសិករយើង កែប្រែទម្លាប់ពីការផលិតសម្រាប់ប្រើប្រាស់ក្នុងគ្រួសារ មកជាការផលិតសម្រាប់ធ្វើពាណិជ្ជកម្ម និងបំពេញតម្រូវការលើទីផ្សារវិញម្តង ។ ការប្រែប្រួលបែបនេះក៏បានធ្វើឱ្យប្រជាពលរដ្ឋយើង មានការផ្លាស់ប្តូរឥរិយាបថ មកបរិភោគចំណីអាហារដែលមានស្តង់ដារប្រកបដោយគុណភាព និងសុវត្ថិភាពខ្ពស់ ជាពិសេសផលិតផលបន្លែ និងផ្លែឈើជាដើម។ រីឯភ្ញៀវទេសចរវិញក៏មានសេចក្តីត្រូវការម្ហូបអាហារដែលមានសុវត្ថិភាពផងដែរ។ ដូច្នេះដើម្បីឆ្លើយតប និងបំពេញនូវសេចក្តីត្រូវការទាំងអស់នេះ តម្រូវឱ្យមានកិច្ចសហការគ្នាយ៉ាងស្អិតល្មួតពីគ្រប់ដៃគូពាក់ព័ន្ធ រួមមាន៖ រដ្ឋ ឯកជន ដៃគូអភិវឌ្ឍន៍ និងសហគមន៍ជាដើម។

ឯកឧត្តមអភិបាលខេត្ត បានលើកឡើងថា បន្លែគីមីនៅលើទីផ្សារ គឺគ្មានលំនឹងនោះទេ ថ្ងៃនេះលក់បានថ្លៃ ថ្ងៃស្អែកអាចនឹងធ្លាក់តម្លៃ ដែលធ្វើឱ្យអ្នកផលិតបន្លែតាមមិនទាន់ទីផ្សារនោះឡើយ ។ ក៏ប៉ុន្តែបើបន្លែសរីរាង្គ ឬបន្លែសុវត្ថិភាព ដែលប្រើប្រាស់ជីធម្មជាតិ ទោះបន្លែគេដទៃធ្លាក់ថ្លៃ ក៏បន្លែសរីរាង្គ ឬបន្លែសុវត្ថិភាពនៅតែរក្សាតម្លៃបានដដែល។ ឯកឧត្តមបានអំពាវនាវដល់​ប្រជា​កសិករ​ឱ្យ​ប្រើប្រាស់​ជីធម្មជាតិ ​សម្រាប់​ដំណាំ​ស្រូវ ឬដំណាំរួមផ្សំផ្សេងៗ ដើម្បី​ទទួល​បាន​ទិន្នផល​ខ្ពស់ និង​តម្លៃ​ថ្លៃ​លើ​ទីផ្សារ។ ជាមួយគ្នានោះ ឯកឧត្តមបានជំរុញឱ្យមន្ទីរជំនាញ និងអាជ្ញាធរមូលដ្ឋាន ត្រូវចលនាប្រជាពលរដ្ឋប្រើប្រាស់ឱ្យអស់លទ្ធភាព ក្នុងការស្តារផ្លូវទឹកធម្មជាតិ «បឹង អូរ ប្រឡាយ ឬស្ទឹង» ដើម្បីយកដី ឬទឹក មកប្រើប្រាស់ក្នុងវិស័យកសិកម្ម និងជីវភាពរស់នៅប្រចាំថ្ងៃ ចៀសវាងទុកឱ្យនៅកកស្ទះ ហើយទិញដីខាងក្រៅមកប្រើប្រាស់។

ឯកឧត្តមបានលើកឡើងទៀតថា ការចុះពិនិត្យជាក់ស្ដែងដល់ទីកន្លែងនេះ គឺដើម្បី​ទាញយកចំណុចខ្លាំង ចំណុចខ្វះខាត និងបញ្ហាប្រឈមនានាដែលអ្នកផលិត ក៏ដូចជាឈ្មួញ ឬក្រុមហ៊ុនប្រមូលទិញកំពុងជួបប្រទះ រួចដាក់ចេញនូវយន្តការដោះស្រាយជាប្រព័ន្ធមួយ​ច្បាស់​លាស់ ទាន់ពេល និងមានប្រសិទ្ធភាព។ ប្រយោជន៍បង្កើតសុខដុមនីយកម្មរវាងអ្នកផលិត និងអ្នកទិញ ធានាបាននូវផលិតភាពផលិតកម្មបន្លែគុណភាព សុវត្ថិភាព និរន្តរភាពនៃ​ការផ្គត់​ផ្គង់ ស្ថិរភាពតម្លៃ ហើយពិតណាស់គឺធានាបាននូវសុខភាពសាធារណ: និងបង្កើនសេដ្ឋកិច្ចគ្រួសារបានល្អប្រសើរ៕ ដោយ៖ បៃ ស៊ីថុន (ប្រភពៈ រដ្ឋបាលខេត្តពោធិ៍សាត់)