អភិបាលខេត្តបាត់ដំបង​អះអាងថា​ សក្តានុពលសេដ្ឋកិច្ចរបស់ខេត្ត គឺពឹងផ្អែកលើវិស័យ កសិកម្ម​ជាចម្បង

AKP ភ្នំពេញ ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០–

ឯកឧត្តម​ ងួន​ រតនៈ​ អភិបាលខេត្តបាត់ដំបង​ បានលើកឡើងថា​ សក្តានុពលសេដ្ឋកិច្ច​របស់ ខេត្តបាត់ដំបង គឺពឹងផ្អែកលើវិស័យកសិកម្មជាចម្បង ដោយសារតែខេត្តមួយនេះ​មាន​កត្តា​អំណោយផលពីធម្មជាតិ អាកាសធាតុ សណ្ឋានដី និងដីដែលមានជីវជាតិខ្ពស់​ និងប្រព័ន្ធ​ស្រោចស្រពសម្បូរបែប។

ថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្តីពីវឌ្ឍនភាពនិងទិសដៅការងារបន្តរបស់រដ្ឋបាល ខេត្ត បាត់ដំបង នាថ្ងៃពុធ​ ទី១៣ ខែឧសភា ឆ្នាំ២០២០នេះ នាទីស្តីការគណៈរដ្ឋមន្ត្រី ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង​បានគូសបញ្ជាក់ថា​ ការអំណោយផល​របស់​ខេត្តលើវិស័យកសិកម្មនេះក៏ដោយសារតែខេត្ត មានប្រភពទឹក​និងប្រព័ន្ធបង្ហូរទឹកជាច្រើន​កន្លែង ដែលជាចំណុចខ្លាំងសម្រាប់វិស័យកសិកម្ម។

ឯកឧត្តម​បន្តថា​ ខេត្ដបាត់ដំបង​ ក៏ជា​ខេត្តដែលឈានមុខគេក្នុងការនាំចេញអង្ករទៅក្រៅប្រទេស ហើយដែលបានរួមចំណែក​បង្កើន​សេដ្ឋកិច្ចជាតិ ពិសេសចូលរួមកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋនៅក្នុងខេត្ត។ ជាក់ស្តែង​ក្នុងឆ្នាំ២០១៩កន្លងទៅនេះផ្ទៃដីអនុវត្តន៍ការដាំដុះស្រូវសរុបមានចំនួនជាង ៣៨ ម៉ឺនហិកតា ទទួលបានទិន្នផលសរុបចំនួនជាង ១លានតោន ស្មើនឹងជាង៣តោន ក្នុង​១ហិកតា។​ នេះបើតាមការអះអាងរបស់ឯកឧត្តម​ ងួន​ រតនៈ៕ដោយ៖ ចាន់ សុធីវង្ស