សម្តេចក្រឡាហោម ស ខេង៖ កូវីដ-១៩ បានធ្វើឱ្យសកម្មភាព និងផែនការមួយចំនួន​មិនអាចសម្រេចទៅបានតាមការគ្រោងទុក

AKP ភ្នំពេញ ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០–

សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានលើកឡើងថា ដោយសារជំងឺកូវីដ-១៩ បានធ្វើឱ្យសកម្មភាព និងផែនការមួយចំនួនដែលមានការគ្រោង​ទុក មិនអាចសម្រេចទៅបាន។

ថ្លែងក្នុងកិច្ចប្រជុំពិភាក្សាពីផែនការសកម្មភាពឆ្នាំ២០២០ របស់អគ្គនាយកដ្ឋានអត្ត សញ្ញាណកម្ម នាព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០ នៅទីស្ដីការក្រសួងមហាផ្ទៃ សម្ដេច​ក្រឡាហោម ស ខេង បានលើកឡើងថា នេះគឺជាការបន្តកិច្ចពិភាក្សាដើម្បីឆ្លងផែនការ​សកម្មភាពប្រចាំឆ្នាំរបស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បន្ទាប់ពីក្រសួងក៏ទើបតែបាន​ឆ្លង និងអនុម័តផែនការសកម្មភាពប្រចាំឆ្នាំរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ និងអគ្គ​នាយកដ្ឋានមួយចំនួនរួចមកហើយ ដើម្បីជំរុញ និងបង្កើនប្រសិទ្ធភាពក្នុងការចាត់ចែង​ការ​ងារ និងតួនាទីរបស់អគ្គនាយកដ្ឋាននីមួយៗ។

សម្ដេចក្រឡាហោមបានគូស​បញ្ជាក់ថា “នៅ ឆ្នាំ២០២០នេះ ថ្វីត្បិតថាយើងគ្រប់គ្នាបានដឹងរួចមកហើយនូវការ​ប្រឈមមុខនឹងវិបត្តិ​ជំងឺ កូវីដ-១៩ ដែលអាចធ្វើឱ្យផែនការសកម្មភាពមួយចំនួនមិនអាចសម្រេចទៅបានតាមការ គ្រោងទុក ប៉ុន្តែការដាក់ចេញនូវផែនការជាក់លាក់ គឺជាកិច្ចការដ៏មានសារៈសំខាន់ និងក៏ ជាមូលដ្ឋានគ្រឹះសម្រាប់ការរៀបចំផែនការសកម្មភាពឆ្នាំ២០២១ និងឆ្នាំបន្តបន្ទាប់ទៀត​ដែរ”។

សម្ដេចក្រឡាហោម បានជំរុញឱ្យអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មបន្ត​ពន្លឿនការ​ឈាន​ទៅបញ្ចប់សេចក្ដីព្រាងច្បាប់ ការខិតខំជំរុញការងារអត្តសញ្ញាណកម្មទៅក្នុងសេវា ច្រកចេញ-ចូលតែមួយដែលពេលនេះកំពុងអនុវត្តន៍សាកល្បង និងការកសាងប្រព័ន្ធផ្ទុក គ្រប់គ្រងទិន្នន័យ និងធនធានមនុស្ស។ សម្ដេចក្រឡាហោមបានបន្ដថា ផែនការសកម្មភាព ឆ្នាំ២០២០ របស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្មមានសារៈសំខាន់ណាស់ ដើម្បីឱ្យ​មាន​ភាពជាក់លាក់ ហើយងាយស្រួលដល់ការសម្របសម្រួលថវិកា ដើម្បីបម្រើការងារ ក៏ដូច​ជាបង្កើនប្រសិទ្ធភាព នៃការចាត់ចែងការងារនៅក្នុងតួនាទី នៅអគ្គនាយកដ្ឋាននីមួយៗ។

សម្ដេចក្រឡាហោមបានបន្ដទៀតថា រហូតដល់ពេលនេះ បានឆ្លងអនុម័ត ផែនការ​សកម្មភាពនេះ ទៅដល់អគ្គនាយកដ្ឋានមួយចំនួនហើយដែរ ដូចជា អគ្គស្នងការដ្ឋាននគរ​បាលជាតិ បណ្ឌិត្យសភានគរបាលជាតិកម្ពុជា អគ្គនាយកដ្ឋានអន្ដោប្រវេសន៍​ជាដើម។ ជាមួយគ្នានេះដែរ សម្ដេចក្រឡាហោមក៏បានស្នើឱ្យអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ត្រូវ​ពន្លឿនការងារនេះបន្ថែមទៀត។

ឯកឧត្ដម នាយឧត្តមសេនីយ៍ កង សុខន អគ្គនាយក នៃអគ្គនាយកដ្ឋានអត្ត​សញ្ញាណកម្ម បានឱ្យដឹងថា ផែនការសកម្មភាពឆ្នាំ២០២០ របស់អគ្គនាយកដ្ឋាន អត្ត​សញ្ញាណកម្ម ត្រូវបានរៀបចំឡើងយោងតាមអនុសាសន៍ដឹកនាំរបស់សម្ដេចក្រឡាហោម ស ខេង ក្នុងពិធីបិទសន្និបាតកាលពី ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២០ និង យោងតាមផែនការ​យុទ្ធ​សាស្ដ្រជាតិស្ដីពីអត្តសញ្ញាណកម្ម ឆ្នាំ២០១៧ ដល់២០២៦ និងយោងតាមផែនការយុទ្ធ​សាស្ដ្រ៥ឆ្នាំ របស់អគ្គនាយកដ្ឋាន អត្តសញ្ញាណកម្ម។

ឯកឧត្ដម នាយឧត្តមសេនីយ៍បានបន្ដថា ការគ្រប់គ្រងអត្តសញ្ញាណបុគ្គល គឺមាន​សារៈ​សំខាន់ ជាគន្លឹះ និងជាមូលដ្ឋានគ្រឹះនៃកិច្ចការអាទិភាពជាច្រើនរបស់រាជរដ្ឋាភិបាល ដូចជាការគ្រប់គ្រងរដ្ឋបាលដែនដី ការថែរក្សាសន្ដិសុខសណ្ដាប់ធ្នាប់សាធារណៈ ការធានា នូវ​សិទ្ធផល ប្រយោជន៍ស្រប់ច្បាប់មូលដ្ឋានរបស់បុគ្គល ការលើកកម្ពស់ផ្ដល់សេវា​សាធា​រ​ណៈ និងការជំរុញអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ ជាដើម។

ឯកឧត្ដម នាយឧត្តមសេនីយ៍បន្ត​ទៀត​ថា ដើម្បីពង្រឹងក្នុងការគ្រប់គ្រងអត្ត​សញ្ញាណ​បុគ្គល រាជរដ្ឋាភិបាលកម្ពុជាបានបង្កើត អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម កាល​ខែមេសា ឆ្នាំ២០១៤ ក្នុងគោលដៅពង្រឹងប្រសិទ្ធភាពលើការគ្រប់គ្រង និងផ្ដល់សេវាសាធា រណៈ អត្តសញ្ញាណកម្មជូនប្រជាពលរដ្ឋ៕ ដោយ៖ ប៊ុនរិទ្ធ