រាជរដ្ឋាភិបាលកម្ពុជា អនុញ្ញាតឱ្យនាំចេញអង្ករសឡើងវិញ ចាប់ពីថ្ងៃទី២០ ខែឧសភានេះតទៅ

AKP ភ្នំពេញ ថ្ងៃទី ១៣ ខែឧសភា ឆ្នាំ ២០២០

ការនាំចេញអង្ករសនឹងត្រូវអនុញ្ញាតឱ្យមានសកម្មភាពឡើងវិញជាបណ្តើរៗ តាមកិច្ច សន្យាបញ្ជាទិញពីក្រៅប្រទេស ដោយគិតចាប់ពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០ តទៅ។ ការ សម្រេចនេះ ត្រូវបានប្រកាសឱ្យដឹងតាមរយៈលិខិតផ្លូវការរបស់ឯកឧត្តមអគ្គបណ្ឌិត សភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ផ្ញើជូនប្រធាន សហព័ន្ធស្រូវអង្ករកម្ពុជានៅថ្ងៃទី១៣ខែឧសភានេះ។

តាមលិខិតផ្លូវការរបស់ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ផ្ញើជូនប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានបញ្ជាក់ថា តាម សំណើរបស់សហព័ន្ធស្រូវអង្ករកម្ពុជា រាជរដ្ឋាភិបាល សម្រេចផ្តល់ការអនុញ្ញាតឱ្យធ្វើការនាំ ចេញអង្ករសជាបណ្តើរៗឡើងវិញ តាមកិច្ចសន្យាបញ្ជាទិញពីក្រៅប្រទេសដោយគិតចាប់ ពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០ តទៅ។

សូមរម្លឹកថា ដើម្បីធានាដល់ការផ្គត់ផ្គង់ក្នុងស្រុកក្នុងដំណាក់ប្រឈមនឹងការរីក រាលដាលនៃជំងឺកូវីដ-១៩ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ ដាក់ចេញបទបញ្ជាឱ្យផ្អាកនូវការនាំចេញអង្ករស និងស្រូវ ដោយចាប់អនុវត្តន៍ពីម៉ោង ២៣:៥៩នាទី ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២០ ដើម្បីធានានូវសន្តិសុខ ស្បៀងរបស់កម្ពុជា នៅគ្រាដែលកំពុងរងនូវវិបត្តិនៃជំងឺកូវីដ១៩។ ការហាមឃាត់ការនាំចេញ អង្ករនេះ គឺហាមឃាត់ តែអង្ករស និងស្រូវប៉ុណ្ណោះ ចំពោះអង្ករក្រអូប ត្រូវបានអនុញ្ញាត ឱ្យនាំចេញធម្មតា។

គួរបញ្ជាក់ថា គិតត្រឹម៣ខែ ដើមឆ្នាំ២០២០នេះ កម្ពុជាបាននាំចេញអង្ករសរុបទៅកាន់ ទីផ្សារអន្តរជាតិចំនួនជាង២៣ម៉ឺនតោន ខណៈដែលសហព័ន្ធស្រូវអង្ករកម្ពុជា ធ្លាប់បាន បង្ហាញពីក្ដីរំពឹង ចំពោះការនាំចេញអង្កររបស់កម្ពុជា នៅឆ្នាំ២០២០នេះថា អាចនឹងមានការ កើនឡើងដល់ ៨០ម៉ឺនតោន។ កាលពីឆ្នាំ២០១៩ កម្ពុជាបាននាំចេញអង្ករក្នុងបរិមាណសរុប ចំនួន ៦២ម៉ឺនតោន ថយចុះជិត ១ភាគរយ បើធៀបនឹងឆ្នាំ២០១៨ ៕ ដោយ៖ ម៉ៅ ចរិយា