រាជរដ្ឋាភិបាល សម្រេចបង្កើតនាយកដ្ឋានកីឡាពីរបន្ថែមទៀត ស្ថិតក្រោមចំណុះអគ្គនាយកដ្ឋានកីឡា

AKP ភ្នំពេញ ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០

រាជរដ្ឋាភិបាលកម្ពុជាបានចេញអនុក្រឹត្យថ្មីមួយ ស្តីពីការបង្កើតនាយកដ្ឋានកីឡាពីរបន្ថែមទៀត ក្រោមចំណុះ​អគ្គនាយកដ្ឋានកីឡានៃក្រសួងអប់រំ យុវជន និងកីឡា ដើម្បីជំរុញគ្រប់គ្រងការប្រកួត និងព័ត៌មាន ត្រៀម​ព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAMES លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ។

យោងតាមអនុក្រឹត្យស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់នាយកដ្ឋានរៀបចំនិងគ្រប់គ្រងព្រឹត្តិការណ៍កីឡា និងមជ្ឈមណ្ឌលជាតិព័ត៌មានវិទ្យា និងស្ថិតិកីឡា ក្រោមចំណុះអគ្គនាយកដ្ឋានកីឡា នៃក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ថា នាយកដ្ឋានរៀបចំ និងគ្រប់គ្រងព្រឹត្តិការណ៍កីឡា មានភារកិច្ចរៀបចំ គ្រប់ គ្រងព្រឹត្តិការណ៍កីឡា និងការប្រកួត សិក្សាស្រាវជ្រាវ វិភាគ វាយតម្លៃ និងរៀបចំយន្តការការប្រកួត និងព្រឹត្តិ ការណ៍កីឡាមានលក្ខណៈជាតិនិងអន្តរជាតិ, រៀបចំគោលការណ៍ និងលិខិតបទដ្ឋានគតិយុត្ត​នៃការប្រកួត​និងព្រឹត្តិការណ៍កីឡា, រៀបចំផែនការប្រកួតនិងព្រឹត្តិការណ៍កីឡា, សហការជាមួយអង្គការសង្គមវិជ្ជាជីវៈកីឡា អង្គការសង្គមកីឡា និងភាគីពាក់ព័ន្ធដើម្បីរៀបចំការប្រកួតនិងព្រឹត្តិការណ៍កីឡា, និងរៀបចំតាមដាន វាយ តម្លៃ ត្រួតពិនិត្យ និងកត់ត្រាគុណផលកីឡា ដើម្បីដាក់ជូនគណៈកម្មការ បច្ចេកទេសជ្រើសរើសកីឡាករ កម្រិតខ្ពស់ ដើម្បីពិនិត្យ និងសម្រេច។

សិក្សារៀបចំយុទ្ធសាស្ត្រនិងស្វែងរកចលនូបត្ថម្ភ ធ្វើរបាយការណ៍ស្តី​ពីសកម្មភាពការងារតាមកាលកំណត់ជូនថ្នាក់ដឹកនាំក្រសួង, ទទួលអនុវត្តន៍ភារកិច្ច ផ្សេងៗទៀតដែលអគ្គ​នាយក​នៃអគ្គនាយកដ្ឋានកីឡាប្រគល់ជូន ខណៈដែលនាយកដ្ឋានរៀបចំនិងគ្រប់គ្រងព្រឹត្តិការណ៍កីឡា ដឹកនាំ​ដោយប្រធានមួយរូបនិងអនុប្រធានមួយចំនួន ជាជំនួយការតាមការចាំបាច់ អនុលោមតាមច្បាប់​និង​បទប្បញ្ញត្តិជាធរមាន។

ដោយឡែក សម្រាប់មជ្ឈមណ្ឌលជាតិព័ត៌មានវិទ្យានិងស្ថិតិកីឡា មានភារកិច្ច ប្រមូលព័ត៌មានពាក់ព័ន្ធនឹងការហាត់ហ្វឹកហ្វឺន ការប្រកួត គុណផលកីឡា និងសុខភាពរបស់កីឡាករ, រៀបចំ​កម្មវិធីតាមប្រព័ន្ធព័ត៌មានវិទ្យា និងវិទ្យាសាស្រ្តកុំព្យូទ័រ ដើម្បីស្រង់ស្ថិតិ គ្រប់គ្រងព័ត៌មាន ទាក់ទងនឹង​ការ​ហាត់កីឡាដើម្បីសុខភាព, រៀបចំផ្សព្វផ្សាយ ព័ត៌មានកីឡាដែលប្រមូលបានពីបណ្តាញផ្សព្វផ្សាយ​ព័ត៌មាន​កីឡា បណ្តាញ គេហទំព័រ និងបណ្តាញទំនាក់ទំនងសង្គមផ្សេងៗទៀតឱ្យបានទូលំទូលាយ, រៀបចំកម្មវិធី​ប្រើ​ប្រាស់វិទ្យាសាស្រ្តកុំព្យូទ័រ ដើម្បីចូលរួមក្នុងការហាត់ហ្វឹកហ្វឺន ការប្រកួតលក្ខណៈជាតិ ឬអន្តរជាតិ, និង​ធ្វើរបាយការណ៍ស្តីពីសកម្មភាពការងារតាមកាលកំណត់ជូនថ្នាក់ដឹកនាំក្រសួងផ្សេងៗទៀតដែលអគ្គនាយក​នៃអគ្គនាយកដ្ឋានកីឡាប្រគល់ជូន។

សម្រាប់មជ្ឈមណ្ឌលជាតិព័ត៌មានវិទ្យានិងស្ថិតិកីឡា ដឹកនាំដោយ​ប្រធានមួយរូបនិងមានអនុប្រធានមួយ ចំនួនជាជំនួយការតាមការចាំបាច់ អនុលោមតាមច្បាប់​និងបទប្បញ្ញត្តិ​ជាធរមាន។ ប្រធានមជ្ឈមណ្ឌលជាតិព័ត៌មានវិទ្យានិងស្ថិតិកីឡាមានឋានៈស្មើប្រធាននាយកដ្ឋាន និងអនុ ប្រធានមជ្ឈមណ្ឌលជាតិព័ត៌មានវិទ្យានិងស្ថិតិកីឡាមានឋានៈស្មើអនុប្រធាននាយកដ្ឋាន។

ក្រោយពីសេចក្ដីសម្រេចរបស់រាជរដ្ឋាភិបាលតាមអនុក្រឹត្យនេះ កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តម អ៊ុក សិទ្ធិជាតិ អគ្គនាយក អគ្គនាយកដ្ឋានកីឡា​បានដឹកនាំកិច្ចប្រជុំជាមួយអង្គភាព​ជំនាញស្តីពី​ការ​រៀបចំនិងការប្រព្រឹត្តទៅរបស់នាយកដ្ឋានថ្មីបន្ថែមទាំងពីរនេះ ដែលមានការអញ្ជើញមកពី២៩ការិយាល័យ​ដើម្បីពិនិត្យតួនាទីនិងភារកិច្ចកុំឱ្យជាន់គ្នា រួចឆ្លងនាយកដ្ឋាននីតិកម្ម ហើយនឹងដាក់ឆ្លងជូនថ្នាក់ដឹកនាំពិនិត្យ និងសម្រេច៕ ដោយ៖ហេង ណាលីន