សប្បុរសជន នាំយកថវិកាឧបត្ថម្ភដល់សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុសម្រាប់ខួបលើកទី១៥៧ ទិវាកាកបាទក្រហម អឌ្ឍចន្ទក្រហម

AKP ព្រះសីហនុ ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០

នៅព្រឹកថ្ងៃពុធ ៧រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តម គួច ចំរើន ប្រធានគណ:កម្មាធិការសាខាកាកបាទក្រហម កម្ពុជាខេត្តព្រះសីហនុ  អញ្ជើញទទួលអំណោយមនុស្សធម៌ពីសប្បុរសជននៅស្នាក់ការសាខា កាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ នៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ។

ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះ សីហនុ មានប្រសាសន៍ថា ក្នុងស្ថានភាពពិភពលោក ក៏ដូចជាព្រះរាជាណាចក្រកម្ពុជា កំពុងខិតខំប្រឹងប្រែងបង្ការ ការពារ ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ យើងមិនអាច រៀបចំប្រារព្ធពិធីអបអរសាទរខួបលើកទី១៥៧ ទិវាកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ក្រោមប្រធានបទ ” ខ្ញុំស្រឡាញ់សន្តិភាព និងកាកបាទក្រហមកម្ពុជា ” ទើបយើងរៀបចំ ទទួលថវិកាពីសប្បុរសជននៅស្នាក់ការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ។ សាខា កាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ បន្តទទួលមូលនិធិ និងការស្វាគមន៍ ការចូលរួមវិភាគ ទានពីសំណាក់សម្ដេច ឯកឧត្ដម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា លោក លោកស្រី ជាសប្បុរសជនទាំងក្នុងវិស័យសាធារណៈ និងវិស័យឯកជន។

មូលនិធិ ដែលសាខាទទួលបានពីសប្បុរសជនគ្រប់មជ្ឈដ្ឋានបានជួយឱ្យសាខាមាន ធនធានអាចធ្វើប្រតិបត្តិការមនុស្សធម៌របស់ខ្លួនដោយពុំមានការរើសអើង សំដៅរួមចំណែក ក្នុងការជួយសង្គ្រោះជីវិតមនុស្ស ការកសាងភាពធន់ទៅនឹងគ្រោះមហន្តរាយផ្សេងៗ ការកាត់ បន្ថយអត្រាឈឺ និងស្លាប់នៃមាតា និងទារក កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ការលើកកម្ពស់ គោលការណ៍គ្រឹះ នៃតម្លៃមនុស្សធម៌ សេចក្តីថ្លៃថ្នូររបស់មនុស្សជាតិ និងវប្បធម៌អហិង្សា។

ឯកឧត្តមប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ បាន ថ្លែងអំណរគុណចំពោះ ឯកឧត្តម លោក ជំទាវ លោកឧកញ៉ា លោក លោកស្រី ទាំងក្នុងវិស័យសាធារណៈ និងវិស័យឯកជន ដែលបានចូលរួមវិភាគទានជួយទ្រទ្រង់ដល់ សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ សម្រាប់ខួបលើកទី១៥៧ ទិវាពិភពលោកកាក បាទក្រហម អឌ្ឍចន្ទក្រហម ក្រោមប្រធានបទ “ខ្ញុំស្រឡាញ់សន្តិភាពនិងកាកបាទ ក្រហមកម្ពុជា” ។

ឯកឧត្តម គួច ចំរើន ក៏បានធ្វើការអំពាវនាវសល់សប្បុរសជន ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី បន្តជួយឧបត្ថម្ភគាំទ្រដល់សាខាកាកបាទក្រហម ខេត្តព្រះសីហនុ សំដៅរួមចំណែកក្នុងការជួយសង្គ្រោះជីវិតមនុស្ស នឹងគ្រោះមហន្ត រាយផ្សេងៗ ដូចជាការជួយសម្រាលទុក្ខលំបាករបស់ជនរងគ្រោះ និងងាយរងគ្រោះរួមមាន ជនពិការ ចាស់ជរាគ្មានទីពឹង កុមារកំព្រា ស្ត្រីមេម៉ាយមានកូនច្រើន និងអ្នកមានជំងឺរ៉ាំរ៉ៃ នៅទូទាំងខេត្តបានទាន់ពេលវេលា ដោយពុំមានការរើសអើងពូជសាសន៍ ជំនឿសាសនា ឬនិន្នាការនយោបាយ។

ឯកឧត្តមសង្ឃឹមថា និងមានសប្បុរសជន ឯកឧត្តម លោក ជំទាវ លោកឧកញ៉ា លោក លោកស្រី និងបន្តជួយឧបត្ថម្ភគាំទ្រទាំងសម្ភារ ថវិកា ដល់សាខាកាកបាទក្រហមជាបន្ត បន្ទាប់នាពេលខាងមុខ ហើយសាខានឹងរង់ចាំទទួលអំណោយមនុស្សធម៌គ្រប់ពេលវេលា៕  ដោយ៖ ងូ សុមុនី