មន្រ្ដីជាន់ខ្ពស់ក្រសួងសាធារណការ៖ បច្ចុប្បន្នក្នុង១ថ្ងៃ មានរថយន្ដចូលមកឆៀក​ប្រមាណ​៤,០០០​គ្រឿង ខណៈពេលមុនមានតែ ៨០០គ្រឿងប៉ុណ្ណោះ

AKP ភ្នំពេញ ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០–

ឯកឧត្ដម ឈួន វ៉ន់ អគ្គនាយកនៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក ក្រសួង​សាធា​រ​ណ​ការនិងដឹកជញ្ជូនបានគូសបញ្ជាក់ថា ចាប់តាំងពីមានការពង្រឹងការត្រួតពិនិត្យ​លក្ខណៈ ​បច្ចេកទេស ឬឆៀកនេះមក  គឺ​មានការកើនឡើងរថយន្ដចូលមកធ្វើការឆៀក ១គុណ​នឹង​៤ដងនៅកន្លែងឆៀករថយន្ដ ដោយកាលពីពេលមុនមានរថយន្ដ​ចូល​ឆៀក​ក្នុង១ថ្ងៃ​ប្រមា​ណ​​៨០០គ្រឿងតែប៉ុណ្ណោះ។ តែក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ បន្ទាប់ពីមានការរឹត​បន្ដឹង​ការត្រួត​ពិនិត្យ​លក្ខណៈបច្ចេកទេសនៅតាមដឹងផ្លូវគឺមានរថយន្ដចូលមកឆៀកក្នុង​១​ថ្ងៃ​ កើន​ឡើងរហូតដល់​៤,០០០​គ្រឿង។

ថ្លែងក្នុងសន្និសីទសារព័ត៌មានស្ដីពីការអនុវត្ត ការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក កាលពីរសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០ នៅទីស្ដីការក្រសួងសាធារណការ ឯកឧត្ដម ឈួន វ៉ន់ បានកត់សម្គាល់ឃើញថា ចំពោះរថយន្ដដែលហួសសុពលភាពឆៀកនេះ គឺមាន​រថយន្ដខ្លះមានការហួសសុពលភាពយូរឆ្នាំ និងរថយន្ដខ្លះទៀតអត់ដែលយកមកឆៀកតែ​ម្ដង ដែលធ្វើចរាចរណ៍បើកបរលើដងផ្លូវ។

ឯកឧត្ដមបានបន្ដថា ដោយសារតែបញ្ហានេះ​ហើយ ទើបក្រសួងសា​ធារណការ និងដឹកជញ្ជូនបានពិភាក្សាគ្នាជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុថា ប្រសិន​បើមិនមានការពិន័យលើរថយន្ដដែលហួសសុពលភាពនោះទេ ពេល​ដែលអនុវត្ដន៍ច្បាប់​នៅ​លើដងផ្លូវ​នឹងត្រូវប្រឈមមុខនឹងបញ្ហាហួសសុពលភាពឆៀក​នេះទៀតហើយ។ ឯកឧត្ដមបានបន្ថែមថា បញ្ហា​រថយន្ដដែលមិនទាន់បានមកធ្វើការត្រួត​ពិនិត្យលក្ខណៈបច្ចេកទេស ឬឆៀកនេះ ក្រសួង​សាធារណការទុកពេលវេលាជូនបង​ប្អូន​ប្រជា​ពល​រដ្ឋរហូតដល់ថ្ងៃទី០១ ខែកក្កដា ឆ្នាំ​២០២០ ហើយបើហួសរយៈពេលកំណត់នេះ នឹងត្រូវពិន័យក្នុង១ថ្ងៃ២,០០០រៀល។

ឯកឧត្ដមក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលជាម្ចាស់រថយន្ដត្រូវមានការភ្ញាក់រលឹកមកធ្វើការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ដរបស់ខ្លួនឱ្យបានរួចរាល់ក្នុង រយៈពេលនេះ ដើម្បីធានាសុវត្ថិភាពក្នុងការបើកបរ និងមិនមានការផាកពិន័យរបស់​សមត្ថកិច្ច​​ថែម​ទៀតនៅលើដងផ្លូវ។

ឯកឧត្ដមនាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិបានលើក​ឡើងថា ចំពោះការពិន័យឡានតាមដងផ្លូវ សមត្ថកិច្ចនគរបាលចរាចរណ៍បានធ្វើការពិន័យ​ចំពោះរថយន្ដ​ដែលមិនមានការត្រួតពិនិត្យលក្ខណៈបច្ចេកទេស ឬឆៀក និងចំណុចមួយ​ទៀត​គឺករណី​ប្រើប្រាស់លក្ខណៈបច្ចេកទេសហួសសុពលភាព។

យោងតាមរបាយការណ៍របស់ក្រសួងសាធារណការ និងដឹកជញ្ជូនបានឱ្យដឹងថា យានយន្ដដែលបានចុះបញ្ជីសរុបប្រមាណ ជិត៦លានគ្រឿង ក្នុងនោះប្រមាណ៨០ភាគរយ គឺជាទោចក្រយានយន្ដ(ម៉ូតូ) ហើយ​រថយន្ដប្រមាណជិត១លានគ្រឿង។ ចំពោះរថយន្ដ​ដែល​​​មិនបានមកធ្វើការត្រួតពិនិត្យ​លក្ខណៈបច្ចេកទេស ឬឆៀកគឺមានប្រមាណ៦០​ភាគ​រយ ហើយរថយន្ដដែលមកធ្វើការ​ឆៀកគឺមានប្រមាណតែ៤០ភាគរយប៉ុណ្ណោះ​ នៃ​រថយន្ដ​សរុបដែលបានចុះបញ្ជីរួច៕ ដោយ៖ រិទ្ធី