គ្រួសារក្រីក្រ និងចាស់ជរាគ្មានទីពឹង ទទួលអំណោយពីសាខាកាកបាទក្រហមកម្ពុជាខេត្តពោធិ៍សាត់

AKP ពោធិ៍សាត់ ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០–

កាលពីថ្ងៃអង្គារ ៦រោច ខែពិសាខ ឆ្នាំជូតទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី១២ ខែមេសា ឆ្នាំ២០២០ នៅទីតាំងស្នាក់ការសាលាខេត្តពោធិ៍សាត់ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ បាននាំយកអំណោយរបស់សាខាកាកបាទក្រហមកម្ពុជាខេត្តពធិ៍សាត់  និងសួរសុខទុក្ខជនចាស់ជរាគ្មានទីពឹង និងគ្រួសារក្រីក្រខ្វះខាតស្បៀង ស្ថិតនៅសង្កាត់រលាប ក្រុងពោធិ៍សាត់ និង ប្រមូលប្រជាពលរដ្ឋក្រីក្រ រស់នៅតាមចឹញ្ចើមថ្នល់នានាជុំវិញខេត្តដែលមិនមានទីលំនៅច្បាស់លាស់សរុបចំនួន ៥០០គ្រួសារដើម្បីផ្ដល់ការអប់រំ វិលត្រឡប់ទៅលំនៅឋានដើមរបស់ខ្លួនវិញ និងផ្ដល់អំណោយមួយចំនួនផងដែរ។

ឯកឧត្តម ម៉ៅ ធនិន បានលើកឡើងថា គ្រឿងឧបភោគបរិភោគ ដែលយកមកផ្តល់ជូននាពេលនេះ គឺជាការគិតគូរយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល និងបានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចកិតិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្ដេចតែងតែគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋដែលងាយរងគ្រោះ។ ពិសេសមនុស្សចាស់ជរាគ្មានទីពឹង ជនពិការ កុមារកំព្រា អ្នករស់នៅជាមួយ​មេរោគអេដស៍ជាដើម ដែលជានិច្ចកាល សម្តេចតែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋគ្រប់ពេលវេលា ។ ទោះបី ជាអំណោយទាំងនេះមានតិចតួចក្តី ប៉ុន្តែក៏អាចជួយសម្រាលការលំបាកបានមួយកម្រិត ក្នុងកាលៈទេសៈប្រទេសជាតិកំពុងទទួលរងគ្រោះ ដោយការរាលត្បាតពីជំងឺកូវីដ-១៩ ។

ឯកឧត្តម បានបន្ដថា បើទោះជាតួលេខដែលបង្ហាញដោយក្រសួងសុខាភិបាល បានបញ្ជាក់ពីការថយចុះ និងការព្យាបាលជា បានជាច្រើនករណីយ៉ាងណាក្តី តែជំងឺនេះមិនទាន់ផុតរលត់ពីផែនដីនៅឡើយទេ។ រីឯវ៉ាក់សាំងការពារក៏ពុំទាន់មានការបញ្ជាក់យ៉ាងណានោះដែរ ។ ដូចនេះយើងត្រូវមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់គ្រប់ក្រុមគ្រួសារ និងរួមគ្នាបង្ការ ទប់ស្កាត់ជំងឺនេះ ដោយអនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការ សារាចរណែនាំជាច្រើនរបស់រាជរដ្ឋាភិបាលកម្ពុជា។

ឯកឧត្តអភិបាលខេត្ត ក៏បានសំណូមពរដល់ប្រជាពលរដ្ឋ ត្រូវផ្តោតការយកចិត្តទុកដាក់ រក្សាទឹកទុក និងសន្សំសំចៃទឹក ក្នុងផលិតកម្ម និងការប្រើប្រាស់ ដើម្បីទប់ទល់ទៅនឹងបម្រែបម្រួលអាកាសធាតុនាពេលបច្ចុប្បន្ន ហើយទីតាំងដែលយើងប្រើប្រាស់ជាប្រចាំថ្ងៃ ត្រូវឆ្លៀតដាំដំណាំសរីរាង្គ ដើម្បីកាត់បន្ថយការចំណាយ និងទទួលបានបន្លែសុវត្ថិភាពសម្រាប់ទទួលទានក្នុងក្រុមគ្រួសារ។

ក្នុងឱកាស់នោះដែរ ឯកឧត្តមអភិបាល  និងក្រុមការងារអមដំណើរ បានផ្ដល់អំណោយជូនជនចាស់ជរាគ្មានទីពឹង និងគ្រួសារក្រីក្រខ្វះខាតស្បៀង ចំនួន៥០០គ្រួសារ ដោយក្នុងមួយគ្រួសារៗទទួលបាន អង្ករ១០គីឡូក្រាម, ក្រមា១, ថ្នាំសង្កូវ និងឃីត១កញ្ចប់ ផងដែរ៕ ដោយ៖ បៃ ស៊ីថុន (ប្រភពៈ រដ្ឋបាលខេត្តពោធិ៍សាត់)