សមាជិកព្រឹទ្ធសភាភូមិភាគទី៨ ចែកអំណោយ និងសម្ភារការពារជំងឺកូវីដ-១៩ ដល់ជនចាស់ជរា និង គ្រួសារក្រីក្រ នៅស្រុកកែវសីមា

AKP មណ្ឌលគិរី ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០ —

ដើម្បីឆ្លើយតបតាមតម្រូវការរបស់ប្រជាពលរដ្ឋ ដែលកំពុងជួបការខ្វះខាត ក្នុងកាលៈទេសៈដែលជំងឺកូវីដ-១៩ កំពុងរាតត្បាតនៅលើសកលលោក នាព្រឹកថ្ងៃអង្គារ ៦រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តម ណយ ស្រូន សមាជិកព្រឹទ្ធសភាភូមិភាគទី៨ អមដំណើរដោយ លោក ខឹម ចាន់ផល ប្រធានក្រុមប្រឹក្សាស្រុកកែវសីមា និងថ្នាក់ដឹកនាំមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត, មន្ទីរការងារបណ្តុះបណ្តាល និងវិជ្ជាជីវៈខេត្ត, ក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជាស្រុក(ស.ស.យ.ក), សម្ព័ន្ធយុវជនស្រឡាញ់សន្តិភាពស្រុក, និងអាជ្ញាធរមូលដ្ឋាន បានចុះជួបសំណេះសំណាល និងនាំយកអំណោយ និងសម្ភារការពារការឆ្លងរីករាលដាលនៃមេរោគកូវីដ-១៩ ផ្តល់ជូនជនចាស់ជរា និង គ្រួសារក្រីក្រចំនួន ៥២គ្រួសារ ស្ថិតនៅឃុំស្រែព្រះ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។

ឯកឧត្តម ណយ ស្រូន បានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ប្រមុខរាជរដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរខេត្ត ដែលជានិច្ចកាលតែងតែគិតគូរពី​សុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋទូទាំងខេត្ត ។ ជាពិសេសប្រជាពលរដ្ឋក្រីក្រ ចាស់ជរា ស្រ្តីមេម៉ាយ ក្មេងកំព្រា និងប្រជាពលរដ្ឋរងគ្រោះដោយប្រការផ្សេងៗ ដោយមិនប្រកាន់និន្នាការនយោបាយអ្វីឡើយ។

ឯកឧត្តម បញ្ជាក់ថា ដោយស្ថានភាពបច្ចុប្បន្ននេះ ជំងឺកូវីដ-១៩ កំពុងរីករាលដាលនៅលើសកលលោក ដូច្នេះក៏សូមឱ្យប្រជាពលរដ្ឋទាំងអស់ ត្រូវរស់នៅមានអនាម័យ ដោយត្រូវលាងដៃជាមួយសាប៊ូ និងទឹកស្អាត ឬទឹកអាល់កុល ជែល ជាប្រចាំចៀសវាងការចាប់ដៃគ្នា ត្រូវប្រើកាយវិការសំពះ ត្រូវពាក់ម៉ាសក្នុងទីប្រជុំជន ប្រសិនបើមានអាការៈ ក្អកមិនបាត់ ក្តៅខ្លួនខ្លាំង សូមប្រញាប់ទៅមណ្ឌលសុខភាព និងមន្ទីរពេទ្យ ឬទូរស័ព្ទទៅលេខ ១១៥ ដើម្បីទទួលបានសេវាពិនិត្យសុខភាពឱ្យបានត្រឹមត្រូវ។

សមាជិកព្រឹទ្ធសភាភូមិភាគទី៨ឯកឧត្តម ណយ ស្រូន បានបញ្ជាក់ថា ចំពោះអំណោយដែលផ្តល់ជូនពលរដ្ឋនាពេលនេះ គឺមានការចូលរួមចំណែកពីមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត និងសប្បុរសជននានា ក្នុងការដោះស្រាយនូវការខ្វះខាត បានមួយរយៈពេលខ្លី។ សម្ភារដែលចែកជូនដល់ប្រជាពលរដ្ឋក្រីក្រនៅក្នុងឃុំស្រែព្រះចំនួន ៥២ គ្រួសារ ដោយក្នុង១គ្រួសារៗ ទទួលបាន អង្ករ, ទឹកត្រី, មី, ត្រីខកំប៉ុង, ក្រមា, អាល់កុល, សាប៊ូ, ម៉ាសការពារផងដែរ ៕ ដោយ៖ណយ នឿន (ប្រភពៈមន្ទីរព័ត៌មានខេត្តមណ្ឌលគិរី)