ក្រុមប្រឹក្សាខេត្ត ប្រជុំគណ:កម្មាធិការបោះឆ្នោត ដើម្បីជ្រើសរើសប្រធាន អនុប្រធានការិយាល័យប្រជាពលរដ្ឋ ខេត្តកណ្ដាល

AKP កណ្តាល ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០–

ព្រឹក ថ្ងៃអង្គារ ៦រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្ត និង ជាប្រធានគណ:កម្មាធិការបោះឆ្នោត បានដឹកនាំកិច្ចប្រជុំគណ:កម្មាធិការបោះឆ្នោតដើម្បីជ្រើសរើស ប្រធាន អនុប្រធានការិយាល័យប្រជាពលរដ្ឋ ខេត្តកណ្ដាល ។

ក្នុងកិច្ចប្រជុំ ឯកឧត្ដមបណ្ឌិត ម៉ៅ ភិរុណ បានមានប្រសាសន៍ថា ការបោះឆ្នោតជ្រើសរើស ប្រធាន អនុប្រធានការិយាល័យប្រជាពលរដ្ឋខេត្ត ត្រូវបានអនុវត្តន៍តាមនីតិវិធីដូចជា ការប្រកាសជូនដំណឹងស្ដីពីការបោះឆ្នោតជ្រើសរើស ប្រធាន អនុប្រធានការិយាល័យប្រជាពលរដ្ឋខេត្ត ការដាក់ពាក្យ និង ការទទួលពាក្យស្នើសុំឈរឈ្មោះជាបេក្ខជន ការពិនិត្យ និងការសម្រាំងបេក្ខជន និងកិច្ចដំណើរការបោះឆ្នោត។

ការបោះឆ្នោតជ្រើសរើស ប្រធាន អនុប្រធាន ការិយាល័យប្រជាពលរដ្ឋខេត្ត និង លក្ខខណ្ឌការងារ ត្រូវបានធើ្វការផ្សព្វផ្សាយឱ្យបានទូលំទូលាយ ក្នុងរយ:ពេលយ៉ាងតិច៣០ថ្ងៃ គិតពីថ្ងៃចេញសេចក្ដីជូនដំណឹង ដោយមានការបិទផ្សាយនៅលើក្ដារព័ត៌មានរបស់រដ្ឋបាលខេត្ត និង នៅទីសាធារណ:នានា និង ផ្សព្វផ្សាយតាមបណ្ដាញសារព័ត៌មាន គេហទំព័រ បណ្ដាញសង្គម ឬមធ្យោបាយផ្សព្វផ្សាយព័ត៌មាននានា។

ឯកឧត្ដមប្រធានក្រុមប្រឹក្សាខេត្ត បានបន្ថែមថា កិច្ចប្រជុំនាព្រឹកនេះ គឺអនុវត្តន៍តាមនីតិវិធី ដើម្បីធ្វើការផ្សព្វផ្សាយ និងឈានដល់ការសម្រិតសម្រាំងបេក្ខភាព និងកំណត់ការបោះឆ្នោតជ្រើសរើសបេក្ខជន ប្រធាន អនុប្រធានការិយាល័យប្រជាពលរដ្ឋខេត្ត ៕ ដោយ៖ ណយ នឿន (ប្រភពៈរដ្ឋបាលខេត្តកណ្តាល)