ក្រសួងពាណិជ្ជកម្ម រៀបចំកិច្ចប្រជុំពិភាក្សាលើរបាយការណ៍សិក្សាអំពីថ្លៃដើមផលិតកម្ម និងនាំចេញអង្ករកម្ពុជា

AKP ភ្នំពេញ ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០

ក្រសួងពាណិជ្ជកម្ម រៀបចំកិច្ចប្រជុំពិភាក្សាលើរបាយការណ៍សិក្សាអំពីថ្លៃដើម ផលិតកម្ម និងនាំចេញអង្ករកម្ពុជា ដើម្បីរកឱ្យឃើញពីបញ្ហាប្រឈមឧត្តមភាព ឬលទ្ធភាព ពង្រឹងភាពប្រកួតប្រជែងបច្ចុប្បន្នរបស់វិស័យស្រូវ-អង្ករកម្ពុជា។

កិច្ចប្រជុំនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម សុខ សុភ័ក្ត្រ រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃចន្ទ ៥រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងរសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០ និងមានការចូលរួមពីថ្នាក់ដឹកនាំ-មន្រ្តីជំនាញ ក្រសួងពាណិជ្ជកម្ម តំណាងសហព័ន្ធស្រូវអង្ករកម្ពុជា ព្រមទាំងកម្មវិធីខ្សែច្រវាក់ តម្លៃកសិកម្ម កម្ពុជា(CAVAC) នៅទីស្តីការក្រសួងពាណិជ្ជកម្ម។

គម្រោងសិក្សាថ្លៃដើមផលិតកម្មនិងនាំចេញអង្ករកម្ពុជានេះ ត្រូវបានស្នើឡើងដោយ ក្រសួងពាណិជ្ជកម្មក្រោមកិច្ចសហការ និងគាំទ្រផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុពីអង្គការ «កម្មវិធីខ្សែច្រវាក់តម្លៃកសិកម្មកម្ពុជា» ឬកាវ៉ាក់(CAVAC) ដែលគម្រោងនេះមានបំណងរកឱ្យ ឃើញពីបញ្ហាប្រឈមឧត្តមភាពឬលទ្ធភាពពង្រឹងភាពប្រកួតប្រជែងបច្ចុប្បន្នរបស់វិស័យស្រូវ-អង្ករកម្ពុជា។ ការសិក្សាបានផ្តោតសំខាន់លើភាពប្រកួតប្រជែងវិស័យស្រូវ-អង្ករកម្ពុជាដោយ វិភាគលើខ្សែច្រវាក់តម្លៃរបស់វិស័យស្រូវ-អង្ករ ចាប់តាំងពីការបង្កបង្កើនផលការសម្ងួត និងកិន រហូតដល់ការនាំចេញដែលរួមទាំងការដឹកជញ្ជូន និងការរត់ការឯកសារផងដែរ សម្រាប់ ការនាំចេញទៅកាន់ប្រទេសគោលដៅ(នាំចូល) នៅសហភាពអឺរ៉ុប  និងបណ្តាប្រទេស ផ្សេងទៀត។ របាយការណ៍នៃលទ្ធផលសិក្សានេះនឹងផ្សព្វ ផ្សាយជូនវិស័យឯកជន និងបណ្តាក្រសួងស្ថាប័នពាក់ព័ន្ធសំដៅដាក់ចេញ ផែនការនិងគោលនយោបាយអភិវឌ្ឍន៍ វិស័យស្រូវ-អង្ករកម្ពុជា និងឈានទៅចាប់យកទីផ្សារអង្ករក្រៅប្រទេស។

អង្គប្រជុំបានពិភាក្សាលើផ្នែកពាក់ព័ន្ធសំខាន់ៗដែលប៉ះពាល់ដល់តម្លៃនាំចេញអង្ករ កម្ពុជារួមមាន៖ អគ្គិសនីដឹកជញ្ជូនពីឃ្លាំងទៅកំពង់ផែថ្លៃចំណាយ នៅកំពង់ផែចំណាយ លើការនាំចេញថ្លៃដឹកជញ្ជូនពីកំពង់ផែទៅប្រទេសគោលដៅ(នាំចូល) និងចំណាយពាក់ ព័ន្ធផ្សេងៗទៀត។

ឯកឧត្តម សុខ សុភ័ក្ត្រ រដ្ឋលេខាធិការ និងជាប្រធានអង្គប្រជុំបានស្នើឱ្យស្ថាប័នពាក់ព័ន្ធ ទាំងរដ្ឋ និងផ្នែកឯកជនបន្តសហការនិងធ្វើការរួមគ្នាដើម្បីដោះស្រាយបញ្ហាប្រឈមនានា ក្នុងវិស័យស្រូវ-អង្ករកម្ពុជាលើតម្លៃអង្ករនាំចេញ។ ឯកឧត្តម នឹងរាយការណ៍អំពីបញ្ហាប្រឈម ជូនថ្នាក់ដឹកនាំ និងស្នើសុំសេចក្តីសម្រេចពីថ្នាក់ដឹកនាំដើម្បីដោះស្រាយ បញ្ហាប្រឈមទាំងនេះ៕ ដោយ ម៉ៅ ចរិយា