ឯកឧត្តម គួច ចំរើន ទទួលអំណោយមនុស្សធម៌ក្នុងទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ខួបលើកទី១៥៧

AKP ព្រះសីហនុ ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០

ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ  អញ្ជើញទទួលអំណោយមនុស្សធម៌ពីសប្បុរសជន នៅស្នាក់ការសាខាកាក បាទក្រហមកម្ពុជាខេត្តព្រះសីហនុ នៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ នាព្រឹកថ្ងៃអង្គារ ៦រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០។

ឯកឧត្តម គួច ចំរើន បានមានប្រសាសន៍ថ្លែងអំណរគុណដល់សម្តេច ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី ទាំងក្នុងវិស័យសាធារណៈ និងវិស័យឯកជន ដែលបានចូលរួមវិភាគទាន ជួយទ្រទ្រង់ដល់សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុក្នុងទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម  ខួបលើកទី១៥៧ ក្រោមប្រធានបទ “ខ្ញុំស្រឡាញ់សន្តិភាព និងកាកបាទក្រហមកម្ពុជា” ។

ឯកឧត្តមបន្តថា មូលនិធិដែលសាខាកាកបាទក្រហមទទួលបានពីសប្បុរសជន សម្រាប់ធ្វើប្រតិបត្តិការមនុស្សធម៌របស់ខ្លួនដោយពុំមានការរើសអើងសំដៅចូលរួមចំណែកក្នុងការជួយសង្គ្រោះជីវិតមនុស្ស ការកសាងភាពធន់ទៅនឹងគ្រោះមហន្តរាយផ្សេងៗ ការកាត់ បន្ថយការឈឺ និងស្លាប់នៃមាតា និងកុមារ កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ការលើកកម្ពស់ គោលការណ៍គ្រឹះ នៃតម្លៃមនុស្សធម៌ សេចក្តីថ្លៃថ្នូររបស់មនុស្សជាតិ និងវប្បធម៌អហិង្សា ជួយសម្រាលទុក្ខលំបាករបស់ជនរងគ្រោះ និងជនងាយរងគ្រោះ រួមមានអ្នករងគ្រោះដោយ គ្រោះមហន្តរាយផ្សេងៗ ជនពិការ ចាស់ជរាគ្មានទីពឹង កុមារកំព្រា ស្ត្រីមេម៉ាយមានកូនច្រើន និងអ្នកមានជំងឺរ៉ាំរ៉ៃ នៅទូទាំងខេត្តព្រះសីហនុ បានឆាប់រហ័ស និងទាន់ពេលវេលាដោយ ពុំមានការរើសអើង ពូជសាសន៍ជំនឿសាសនា ឬនិន្នាការនយោបាយ។

ក្នុងឱកាសនោះដែរ លោក សូ សុរិយ៉ា តំណាងលោកឧកញ៉ា សេង ចាយ នាយកក្រុមហ៊ុន ហេង ហេង ចិញ្ចឹមបង្គារ ស្ថិតនៅភូមិតាសេក (ប៉ុលឌែ២) ឃុំអូរឧកញ៉ា ហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ក៏បាននាំយកថវិកាចំនួន២០លានរៀល ឧបត្ថម្ភដល់ សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ ក្នុងទិវាកាកបាទក្រហម អឌ្ឍចន្ទក្រហម ខួបលើកទី១៥៧៕ ដោយ ងូ សុមុនី