ជម្រើសជាតិថ្នាលទោចក្រយានកម្ពុជា យឹង ចាន់ណុង រក្សាបានប្រសិទ្ធផលដូចការប្រមូលផ្តុំដែរ

AKP ភ្នំពេញ ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០

ជម្រើសជាតិថ្នាលទោចក្រយានកម្ពុជា កីឡាការិនី យឹម ចាន់ណុង បានអះអាងថា ខ្លួននៅតែអាចរក្សាបាន​នូវប្រសិទ្ធផលល្អដូចការហ្វឹកហាត់ប្រមូលផ្តុំ ​នៅក្នុងពេលហ្វឹកហាត់នៅតាមផ្ទះ។ នេះបើតាមការ របស់​កីឡាការិនី យឹម ចាន់ណុង នៅថ្ងៃទី១២ ខែខសភា ឆ្នាំ២០២០ តាមរយៈសារអេឡិចត្រូនិក។

កីឡាការិនី យឹម ចាន់ណុង ដែលជាម្ចាស់ជាជើងឯកកីឡាទោចក្រយានថ្នាក់ជាតិ ឆ្នាំ២០១៩​បាន​លើកឡើងថា ការហ្វឹកហាត់ដោយខ្លួនឯងនៅឯស្រុកកំណើតខេត្តសៀមរាប គឺអាចរក្សាបានល្អថាមពល​កម្លាំង និងប្រសិទ្ធផលបានល្អប្រសើរ ដូចការហ្វឹកហាត់ក្នុងជំរុំប្រមូលផ្តុំរបស់ក្រសួងអប់រំ យុវជន និង​កីឡាដែរ ដោយកីឡាការិនីរូបនេះបានហ្វឹកហាត់តាមកម្មវិធីណែនាំរបស់គ្រូបង្វឹកតាមអនឡាញ ដូចជាហ្វឹក​ហាត់​​ពង្រឹងកាយសម្បទា និងជិះកង់ចម្ងាយពី៣០គីឡូម៉ែត្រ ទៅ៤០គីឡូម៉ែត្រ ឬហាត់ពី២ម៉ោង ទៅ៣ម៉ោង ក្នុងមួយថ្ងៃៗ។ នៅក្នុងពេលរំសាយ និងហ្វឹកហាត់នៅតាមផ្ទះនេះ ក្រុមជម្រើសជាតិថ្នាលមានចំនួន០៨នាក់ ដែលកំពុងស្ថិតក្រោមសហព័ន្ធខ្មែរកីឡាទោចក្រយាន។

ក្រោយពេលប្រកាសរំសាយនូវការប្រមូលផ្តុំជាបណ្តុះអាសន្ន ដោយក្រសួងអប់រំ យុវជន និងកីឡា កាលពីខែមេសា កន្លងទៅនេះ ក្រុមជម្រើសជាតិគ្រប់ប្រភេទកីឡាទាំងអស់បានងាកទៅហ្វឹកហាត់​ដោយខ្លួន​ឯង នៅតាមផ្ទះរៀងៗខ្លួន ក្រោមការពិនិត្យមើលសកម្មភាពហ្វឹកហាត់របស់គ្រូបង្វឹកតាមសហព័ន្ធ​កីឡាជាតិ​នានា ដើម្បីរក្សាបាននូវគុណភាព កម្លាំងកាយ ប្រសិទ្ធផលរបស់កីឡាករ កីឡាការិនីជម្រើសជាតិមិនឱ្យ​ធ្លាក់​ចុះខ្លាំងពេក។

សូមបញ្ជាក់ថា កីឡាការិនី យឹម ចាន់ណុង ជាជើងឯកកីឡាទោចក្រយានថ្នាក់ជាតិ កាលពីឆ្នាំ២០១៩​កន្លងទៅ ហើយក៏ធ្លាប់ចូលរួមប្រជែងដណ្តើមបានពានពីការប្រកួតលក្ខណៈអន្តរជាតិ នៅប្រទេសថៃផងដែរ។ កីឡាការិនី យឹម ចាន់ណុង គឺជាកីឡាការិនីឆ្នើម និងជាក្តីសង្ឈឹមរបស់កម្ពុជា ត្រៀមប្រជែងដណ្តើមមេដាយ​ជូនកម្ពុជា នាស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣ នៅកម្ពុជា។ បច្ចុប្បន្ន កីឡាការិនីវ័យ១៩ឆ្នាំរូបនេះ​កំពុង​បង្កើនការហ្វឹកហាត់ នៅឯខេត្តសៀមរាប ដោយសារក្រសួងអប់រំយុវជន និងកីឡា ប្រកាសរំសាយ ដើម្បី​ចូលរួមបង្ការការរីករាលដាលនៃការឆ្លងជំងឺកូវីដ-១៩៕ដោយ ហេង ណាលីន