អភិបាលខេត្តបាត់ដំបង ចុះពិនិត្យការស្ថានាផ្លូវបេតុង នៅក្រុងបាត់ដំបង

AKP បាត់ដំបង ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០–

នៅរសៀលថ្ងៃចន្ទ ៥រោច ខែពិសាខ ឆ្នាំជូត ទោស័កព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង ដោយមានការចូលរួម និង អមដំណើរដោយលោកអភិបាលរងខេត្ត លោកអភិ   បាលក្រុង ចៅសង្កាត់ មេភូមិ និងក្រុមហ៊ុនម៉ៅការ បានអញ្ជើញចុះពិនិត្យការស្ថានាផ្លូវបេតុង ១ ខ្សែប្រវែង ៤៩៧ម៉ែត្រ ទទឹង ៦ម៉ែត្រ និងកម្រាស់ ០,១៥ម៉ែត្រ ដែលស្ថិតនៅភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

ឯកឧត្តម ងួន រតនៈ ក៏បានណែនាំដល់ក្រុមហ៊ុន ត្រូវគោរពតាមកិច្ចសន្យា ស្តង់ដារលក្ខណៈបច្ចេកទេសធានាបានគុណផ្លូវ និងណែនាំបន្ថែមការរៀបចំដាក់ប្រព័ន្ធលូកាត់ផ្លូវមួយកន្លែងបន្ថែមទៀតដែរ។ ឆ្លៀតក្នុងឱកាសនោះដែរឯកឧត្តមអភិបាលខេត្ត ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅតាមបណ្តោយផ្លូវសូមមេត្តាចូលរួមថែរក្សាផ្លូវនេះ ដើម្បីប្រើប្រាស់បានយូរអង្វែង និងសម្រាប់បម្រើជាផលប្រយោជន៍សាធារណៈផងដែរ ។ នៅក្នុងគម្រោង និងសមិទ្ធផលថ្មីមួយនេះក៏ទទួលបានការអបអរសាទរពីបងប្អូនប្រជាពលរដ្ឋ ដែលបានឆ្លងកាត់ផ្លូវនេះ ជាពិសេសបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅតាមបណ្តោយផ្លូវនេះ ។

សូមជម្រាបជូនដែរថា ផ្លូវមួយខ្សែនេះ បានស្ថានានៅលើកំណាត់ផ្លូវលេខ ២១២ ចាប់ពីស្តុបរំចេក ដោយតភ្ជាប់ពីផ្លូវច្រមុះជ្រូក ដល់ផ្លូវបំបែកសាលាគរុកោសល្យ (ផ្លូវធីនី) ដែលបានប្រើប្រាស់គម្រោង និងថវិកាអភិវឌ្ឍន៍របស់រដ្ឋបាលខេត្តបាត់ដំបង៕ ដោយ៖ ណយ នឿន (ប្រភពៈរដ្ឋបាលខេត្តបាត់ដំបង)