សាខាកាកបាទក្រហមកម្ពុជាខេត្តមណ្ឌលគិរី ចែកអំណោយដល់ប្រជាពលរដ្ឋ រងគ្រោះដោយខ្យល់កន្រ្តាក់នៅ ស្រុកកែវសីមា

 

AKP មណ្ឌលគិរី ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០–

នារសៀលថ្ងៃចន្ទ ៥រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០ លោកស្រី វិន ស៊ីធួន អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តមណ្ឌលគិរី រួមទាំងសមាជិក សមាជិកា អនុសាខាស្រុក និងសហការី បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះដោយសារខ្យល់កន្រ្តាក់ខូចខាតផ្ទះសម្បែងចំនួន ០៥គ្រួសារ ស្ថិតនៅក្នុងភូមិហ្គាទី ឃុំស្រែព្រះ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី កាលពីថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២០ កន្លងទៅថ្មីៗនេះ។

លោកស្រី វិន ស៊ីធួន បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែយកចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ។ ជាក់ស្តែង គ្រួសាររងគ្រោះដោយខ្យល់កន្រ្តាក់ខូចខាតផ្ទះសម្បែងនាពេលនេះ ទទួលបានអំណោយមនុស្សធម៌មួយចំនួន ដើម្បីជួយសម្រាលទុក្ខលំបាករបស់បងប្អូនបានមួយកម្រិត ។

នេះក៏ជាការបង្ហាញនូវការយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋគ្រប់រូបពីសំណាក់ថ្នាក់ដឹកនាំ ពិសេស គឺកាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន។ លោកស្រី ក៏បានផ្សព្វផ្សាយដល់ប្រជាពលរដ្ឋទាំងអស់ ឱ្យមានការចូលរួមអនុវត្តន៍វិធានការការពារ និងកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ- ១៩ ដោយអនុវត្តន៍ឱ្យបានត្រឹមត្រូវតាមសារអប់រំនានារបស់ក្រសួងសុខាភិបាល ក្នុងការបង្ការ ទប់ស្កាត់ ការរីករាលដាល នៃជំងឺកូវីដ-១៩។

អំណោយដែលផ្តល់ជូនប្រជាពលរដ្ឋដែលរងគ្រោះដោយខ្យល់កន្រ្តាក់ចំនួន ០៥គ្រួសារនាពេលនេះ ដោយក្នុង១គ្រួសារៗទទួលបាន អង្ករ ២៥គីឡូក្រាម, ទឹកត្រី, ទឹកស៊ីអ៊ីវ, ត្រីខកំប៉ុង, មី, ឃីត១កញ្ចប់, សាប៊ូលាងដៃ, ម៉ាស់ការពារ, និងថវិកា ៥ម៉ឺនរៀល ។ ដោយឡែក គ្រួសាររងគ្រោះធ្ងន់មួយគ្រួសារទទួលបានថវិកាបន្ថែមចំនួន ៤០ម៉ឺនរៀលផងដែរ៕ ដោយ៖ ណយ នឿន (ប្រភពៈមន្ទីរព័ត៌មានខេត្តមណ្ឌលគិរី)