ប្រទេសនូវែលសេឡង់បន្ធូរបន្ថយវិធានការរិតត្បឹតCOVID-19មួយកម្រិតទៀតបន្ទាប់ពីសភាពការណ៍បានធូរស្រាល

វិទ្យុជាតិកម្ពុជា​៖

ប្រទេសនូវែលសេឡង់នឹងអនុញ្ញាតឲ្យបើកទ្វារដំណើរការឡើងវិញនូវ ជីវកម្ម និងសេវាកម្មមូយចំនួននៅក្នុងប្រទេសឡើងវិញមានដូចជាផ្សារទំនើប រោងភាពយន្ត ហាងកាហ្វេ និងក្លឹបហាត់ប្រាណជាដើមនៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ដែលនេះជាការបន្ថយការរឹតត្បិត COVID-19 មួយកម្រិតទៀត ខណៈអ្នកជំងឺនៅសល់តែ៩០នាក់ប៉ុណ្ណោះ ដែលកំពុងសម្រាកព្យាបាល។នេះបើតាមប្រភពពីសារព័ត៌មានអន្តរជាតិនៅថ្ងៃ ទី ១២ ខែ ឧសភា ឆ្នាំ ២០២០។    រដ្ឋាភិបាលនូវែលសេឡង់បានរបិទប្រទេសទាំងមូលអស់រយៈពេលជាងមួយខែមកហើយក្នុងស្ថានភាពកម្រិតទី៤នៃការរឹតត្បិត ដោយសារតែការរាតត្បាតខ្លាំងនៃជំងឺ COVID-19 ហើយបានបន្ថយមួយដំណាក់មកនៅត្រឹមកម្រិតទី៣ កាលពីចុងខែមេសា។

លោកស្រី  Jacinda Ardern  នាយករដ្ឋមន្រ្តីនូវែលសេឡង់បានអះអាងថាពេលនេះរដ្ឋាភិបាលសម្រេចបន្ថយកម្រិតរឹតត្បិតមួយកម្រិតទៀតគឺទៅកម្រិតទី២ វិញ ដែលស្ថិតក្នុងស្ថានភាពនេះអាចអនុញ្ញាតឲ្យហាងលក់ដូរទំនិញទូទៅ រោងភាពយន្ត ភោជនីយដ្ឋាន ក្លឹបហាត់ប្រាណ និងកន្លែងសាធារណៈមួយចំនួន រួមមានទាំងសួនកម្សាន្តបើកដំណើរការឡើងវិញ។ដោយឡែក សាលារៀន និងរង្គសាលនានាអាចនឹងបើកនាពេលបន្តបន្ទាប់ ប៉ុន្តែលោកស្រី បានព្រមានថា  សម្រាប់ចំនួនមនុស្សជួបជុំគ្នានៅទីសាធារណៈវិញ គឺមិនត្រូវលើសពី១០នាក់ជាដាច់ខាត។

សូមបញ្ជាក់ថា គិតមកទល់នឹងពេលនេះប្រទេសនូវែលសេឡង់មានអ្នកឆ្លងជំងឺ COVID-19 សរុប ១,៤៩៧នាក់ ស្លាប់ចំនួន ២១នាក់ ខណៈនៅសល់អ្នកជំងឺតែ ៩០នាក់ប៉ុណ្ណោះដែលកំពុងសម្រាកទទួលការព្យាបាល៕