អភិបាលខេត្តបាត់ដំបង ចុះពិនិត្យការជីកបឹងស្តុបទឹកប្រើប្រាស់ក្នុងរដូវប្រាំង នៅស្រុកគាស់ក្រឡ ជាអំណោយសម្តេចក្រឡាហោម ស ខេង

AKP ខេត្តបាត់ដំបង ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០–

នៅថ្ងៃចន្ទ ៥រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង អមដំណើរដោយអភិបាលរងខេត្ត និងមន្ត្រីជំនាញបានអញ្ជើញចុះពិនិត្យការជីកបឹងមួយកន្លែង ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋ  មន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្រាប់ស្តុបទឹកប្រើប្រាស់នារដូវប្រាំង នៅក្នុងស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។

លោក ម៉ៅ សុចាន់ អភិបាលស្រុក គាស់ក្រឡ បានឱ្យដឹងងថា នៅក្នុងស្រុកគាស់ក្រឡ មានឃុំចំនួន៦ ក្នុងនោះឃុំចំនួន ៥ ឱ្យតែដល់រដូវប្រាំង តែងរងនូវការខ្វះខាតទឹកប្រើប្រាស់។ ឃុំទាំង៥នោះមាន ឃុំហប់ ឃុំឆ្នាមាន់ ឃុំដូនបា ឃុំគាស់ក្រឡ និង ឃុំព្រះផុស ដោយឃុំចំណោមនេះ ក៏មានឃុំពិបាកក្នុងការនាំទឹកតាមប្រព័ន្ធប្រឡាយ ដើម្បីឱ្យពលរដ្ឋបានប្រើប្រាស់ផងដែរ គឺត្រូវតែបូមបន្តព្រោះតែឃុំទាំងនោះ នៅក្នុងតំបន់មានទួលខ្ពស់ ។ បញ្ហាខ្វះខាតទឹកនេះ ក្រៅពីការនាំទឹកពីប្រភពផ្សេងៗ នៅតាមឃុំមួយចំនួន ក៏មានជីកស្រះធំៗបន្ថែម ដើម្បីមានទឹកទុកឱ្យពលរដ្ឋបានប្រើប្រាស់។ ជាក់ស្ដែងសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានផ្ដល់អំណោយជាការជីកបឹងសម្រាប់ស្តុបទឹកដែលមានទទឹង ១០០ម៉ែត្រ បណ្ដោយ ៣០០ម៉ែត្រ ជម្រៅ ៥ម៉ែត្រ ដែលមានផ្ទៃសរុប ១៥០.០០០ម៉ែត្រគុប ស្ថិតនៅឃុំព្រះផុស ដែលទឹកបឹងនេះនឹងអាចជួយឱ្យប្រជាពលរដ្ឋចំនួន ២ឃុំ ស្មើនឹង ១០ភូមិ មានទឹកប្រើប្រាស់ និង បានប្រសិទ្ធនាម ហៅថា បឹងសម្តេចក្រឡាហោម ស ខេង ។

ឆ្លៀតក្នុងឱកាសចុះពិនិត្យការជីកបឹង ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចក្រឡា ហោម ស ខេង នោះដែរ ឯកឧត្តម ងួន រតនៈ ក៏បានជំរុញឱ្យអាជ្ញាធរស្រុកគាស់ក្រឡ ពន្លឿនការជីកស្រះទឹកនេះឱ្យឆាប់បានចប់រួចរាល់ក្នុងខែមិថុនា ឆ្នាំ២០២០នេះ ។ ដើម្បីនាំទឹកភ្លៀងរដូវវស្សាចូលក្នុងបឹងសម្តេចក្រឡាហោម ផ្ទុកសម្រាប់ប្រើប្រាស់នៅរដូវប្រាំងឆ្នាំខាងមុខ ដើម្បីជាប្រយោជន៍ដល់ប្រជាពលរដ្ឋ ឆាប់បានទឹកប្រើប្រាស់ប្រចាំថ្ងៃ កុំឱ្យពួកគាត់មានការលំបាកដូចសព្វដង ។

បន្ទាប់ពីចុះពិនិត្យការជីកបឹងរួច អភិបាលខេត្តបាត់ដំបង និង ប្រតិភូអមដំណើរ ក៏បានបន្តដំណើរចុះពិនិត្យការអនុវត្តការងារ របស់ក្រុមការងារវាស់វែងផ្ទៀងផ្ទាត់ទិន្នន័យដីធ្លីដែលមានបញ្ហាវិវាទគ្នា ដើម្បីជាមូលដ្ឋានក្នុងការដោះស្រាយបញ្ចប់បញ្ហាវិវាទដីធ្លី នៅឃុំឆ្នាល់មាន់ និង ឃុំព្រះផុស ផងដែរ ៕ ដោយ៖ ណយ នឿន (ប្រភព រដ្ឋបាលខេត្តបាត់ដំបង)