កិច្ចប្រជុំពិភាក្សាលើរបាយការណ៍សិក្សាអំពីថ្លៃដើមផលិតកម្ម និងនាំចេញអង្ករកម្ពុជា

 

AKP ភ្នំពេញ ថ្ងៃទី១២ ខែ​ឧសភា ឆ្នាំ​២០២០–

កាលពីថ្ងៃចន្ទ ៥រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តម សុខ សុភ័ក្រ្ត រដ្ឋលេខាធិការក្រសួង​ពាណិជ្ជកម្ម​ បានដឹកនាំ​កិច្ចប្រជុំពិភាក្សាលើរបាយការណ៍សិក្សាអំពីថ្លៃដើមផលិតកម្ម និងនាំចេញអង្ករកម្ពុជា (Rice Export Cost Study) នៅទីស្តីការក្រសួង​ ដោយទទួលបាន​ការ​ចូលរួមពីថ្នាក់ដឹកនាំ មន្រ្តីជំនាញក្រសួងពាណិជ្ជកម្ម តំណាងសហព័ន្ធស្រូវ-អង្ករកម្ពុជា និងកម្មវិធីខ្សែសង្វាក់តម្លៃកសិកម្មកម្ពុជា (CAVAC)។

បើតាមការផ្សាយ​របស់ក្រសួង​ពាណិជ្ជកម្មបានឱ្យដឹងថា គម្រោងសិក្សាថ្លៃដើមផលិតកម្ម និងនាំចេញអង្ករកម្ពុជា ត្រូវបានស្នើឡើងដោយក្រសួងពាណិជ្ជកម្ម ក្រោមកិច្ចសហការ និងគាំទ្រផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុពីអង្គការ «កម្មវិធីខ្សែសង្វាក់តម្លៃកសិកម្មកម្ពុជា» ឬ កាវ៉ាក់ (CAVAC) ដែលគម្រោងនេះមានបំណងរកឱ្យឃើញពីបញ្ហាប្រឈម ឧត្ត មភាព ឬលទ្ធភាពពង្រឹងភាពប្រកួតប្រជែងបច្ចុប្បន្នរបស់វិស័យស្រូវ-អង្ករកម្ពុជា។

ប្រភពដដែលបាន​គូសបញ្ជាក់ថា ការសិក្សាបានផ្តោតសំខាន់លើភាពប្រកួតប្រជែងវិស័យស្រូវ-អង្ករកម្ពុជា ដោយវិភាគលើខ្សែសង្វាក់តម្លៃរបស់វិស័យស្រូវ-អង្ករ ចាប់តាំងពីការបង្កបង្កើនផល ការសម្ងួត និងកិន រហូតដល់ការនាំចេញដែលរួមទាំងការដឹកជញ្ជូន និងការរត់ការឯកសារផងដែរ សម្រាប់ការនាំចេញទៅកាន់ប្រទេសគោលដៅ (នាំចូល) នៅសហភាពអឺរ៉ុប និងបណ្តាប្រទេសផ្សេងទៀត។ របាយការណ៍នៃលទ្ធផលសិក្សានឹងផ្សព្វផ្សាយជូនវិស័យឯកជន និងបណ្តាក្រសួងស្ថាប័នពាក់ព័ន្ធ សំដៅដាក់ចេញផែនការ និងគោលនយោ បាយអភិវឌ្ឍន៍វិស័យស្រូវ-អង្ករកម្ពុជា និងឈានទៅចាប់យកទីផ្សារអង្ករក្រៅប្រទេស។

នៅក្នុង​ឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានស្នើឱ្យស្ថាប័នពាក់ព័ន្ធទាំងរដ្ឋ និង ឯកជន បន្តសហការ និងធ្វើការរួមគ្នា ដើម្បីដោះស្រាយបញ្ហាប្រឈមនានាក្នុងវិស័យស្រូវ-អង្ករកម្ពុជា លើតម្លៃអង្ករនាំចេញ។

ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋលេខាធិការក៏បាន​មានប្រសាសន៍ផងដែរថា ឯកឧត្តមនឹងរាយការណ៍អំពីបញ្ហាប្រឈមជូនថ្នាក់ដឹកនាំ និងស្នើសុំសេចក្តីសម្រេចពីថ្នាក់ដឹកនាំ ដើម្បីដោះស្រាយបញ្ហាប្រឈមទាំងនេះ។

ជាមួយគ្នានេះដែរ អង្គប្រជុំបានពិភាក្សាលើផ្នែកពាក់ព័ន្ធសំខាន់ៗដែលប៉ះពាល់ដល់តម្លៃនាំចេញអង្ករកម្ពុជា រួមមាន៖ អគ្គិសនី ថ្លៃដឹកជញ្ជូនពីឃ្លាំងទៅកំពង់ផែ ថ្លៃចំណាយនៅកំពង់ផែ ចំណាយលើការនាំចេញ ថ្លៃដឹកជញ្ជូនពីកំពង់ផែទៅប្រទេសគោលដៅ (នាំចូល) និងចំណាយពាក់ព័ន្ធផ្សេងៗទៀតផងដែរ៕ ដោយ៖ ទេស ច័ន្ទសុធារី