ក្រសួងទេសចរណ៍ អំពាវនាវដល់ម្ចាស់សណ្ឋាគារ និងផ្ទះសំណាក់ យកឱកាសកូវីដ-១៩ ធ្វើការកែលម្អគុណភាព ឱ្យបានកាន់តែល្អប្រសើរថែមទៀត

AKP ភ្នំពេញ ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០

ក្រសួងទេសចរណ៍បានអំពាវនាវដល់ម្ចាស់សណ្ឋាគារ និងសេវាកម្មស្នាក់នៅទេសចរណ៍ទាំងអស់នៅក្នុងប្រទេសកម្ពុជា ឱ្យយកឱកាសកូវីដ-១៩ ធ្វើការកែលម្អគុណភាពឱ្យប្រសើរឡើង ដើម្បីត្រៀមខ្លួនក្រោយចប់វិបត្តិជំងឺនេះ នៅពេលខាងមុខ។ នេះបើយោងតាមសេចក្ដីអំពាវនាវរបស់ក្រសួងទេសចរណ៍។

ក្នុងសេចក្ដីអំពាវនាវបានបញ្ជាក់ថា ក្រសួងទេសចរណ៍ មានចក្ខុវិស័យសុទិដ្ឋិនិយមថា វិស័យទេសចរណ៍កម្ពុជា នឹងវិលត្រឡប់ទៅរកភាពប្រសើរឡើងវិញ ក្រោយវិបត្តិនៃការរីករាលដាលជាសកល នៃវីរុសកូវីដ-១៩ ស្របតាមយុទ្ធនាការ «Stay Home Today, Travel Tomorrow»។ ក្នុងបរិបទនេះ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ នឹងមានតម្រូវការ កាន់តែខ្ពស់នូវគុណភាពសេវាកម្ម ជាពិសេសការយកចិត្តទុកដាក់ចំពោះអនាម័យ សុវត្ថិភាព សេវាកម្ម និងផលិតផលទេសចរណ៍។

ក្នុងដំណាក់កាលអន្តរកាលនៃ ការរង់ចាំ ស្ថានភាពថយចុះ នៃការរីករាលដាលជាសកល នៃវីរុសកូវីដ-១៩ ក្រសួងទេសចរណ៍ សូម អំពាវនាវដល់ម្ចាស់សណ្ឋាគារ និងសេវាកម្មស្នាក់នៅទេសចរណ៍ទាំងអស់ត្រៀមលក្ខណៈ សម្បត្តិ ដោយពង្រឹងគុណភាពសេវាកម្មរបស់ខ្លួនឱ្យបានកាន់តែប្រសើរជាងមុន និងលើក ទឹកចិត្តដល់ទីតាំងសណ្ឋាគារ និងសេវាកម្មស្នាក់នៅទេសចរណ៍ទាំងឡាយ ដែលបានធ្វើ ប្រតិបតិ្ដការអាជីវកម្មចាប់ពី១០ឆ្នាំឡើងទៅ គួរឆ្លៀតក្នុងឱកាស នៃវិបត្តិជំងឺឆ្លងកូវីដ-១៩នេះ កែលម្អជួសជុល ក្នុងករណីជាយថាហេតុណាមួយ ដើម្បីបង្កើនគុណភាព និងដូចជា លក្ខណៈសម្បត្តិដើម្បីអាចបង្កើនលទ្ធភាពទទួលបានការវាយតម្លៃចំណាក់ថ្នាក់ សណ្ឋាគារ និងសេវាកម្មស្នាក់នៅទេសចរណ៍ ក្នុងកម្រិតប្រសើរជាងមុន (កើនលំដាប់ផ្កាយ)។

ជាមួយគ្នានេះ ម្ចាស់សណ្ឋាគារ និងសេវាកម្មស្នាក់នៅទេសចរណ៍ អាចឈ្វេងយល់អំពីប្រព័ន្ធចំណាត់ថ្នាក់នេះ ព្រមទាំងអាចធ្វើការវាយតម្លៃសាកល្បង (Pre-Assessment) តាមរយៈគេហទំព័រ www.Cambodiatourismrating.org/kh៕ ដោយ រិទ្ធី