អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទាត់កម្ពុជា៖ គ្រប់ការប្រកួតបាល់ទាត់ អាចបន្តឡើងវិញអាស្រ័យ​លើការ​ប្រកាសជាថ្មីរបស់រាជរដ្ឋាភិបាល

AKP ភ្នំពេញ ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០–

លោក កែវ សារ៉េត អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទាត់កម្ពុជា FFC បានបញ្ជាក់ថា គ្រប់ការប្រកួត​បាល់​ទាត់​ដូចជាលីគកំពូលកម្ពុជា ពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន និងពានរង្វាន់យុវជនអាយុក្រម១៦ឆ្នាំ​និងពានរង្វាន់យុវជនអាយុក្រោម១៨ឆ្នាំ អាចនឹងត្រូវបន្ដការប្រកួតវិញបាន អាស្រ័យលើប្រកាសចំហឡើង​វិញ​ពីក្រសួងសុខាភិបាល ក៏ដូចជាក្រសួងអប់រំ យុវជន និងកីឡា ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល ក្នុងការបើកឱ្យមានការជួបជុំជាចំហឡើងវិញ។

លោកអគ្គលេខាធិការរូបនេះអះអាងថា គណៈកម្មការប្រតិបត្តិ​តែងតែប្រជុំជាឯកច្ឆ័ន្ទជុំវិញការបើកការប្រកួតពានរង្វាន់ផ្សេងៗ គឺរង់ចាំការបើកឱ្យ​មានការជួបជុំជាចំហ​វិញ​នៅពេលណា បន្ទាប់ពីស្ថានភាពជំងឺកូវីដ-១៩ មានសភាពធូរស្រាលច្រើន។

ការប្រកួតនេះត្រូវរង់ចាំលើការ​ចង្អុលបង្ហាញពីក្រសួងសុខាភិបាល ហើយស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងអប់រំ យុវជន និងកីឡាយើងក៏​រង់ចាំពិនិត្យស្ថានភាពរបស់ក្រសួងអប់រំដែរ តើសិស្សានុសិស្សត្រឡប់មកចូលរៀននៅពេលណា តើការធ្វើ​ដំណើរជាទូទៅចំហពេលណា ពេលនោះទើបគ្រប់ការប្រកួតបាល់ទាត់ទាំងអស់អាចនឹងចាប់ផ្ដើមឡើងវិញ។

លោក កែវ សារ៉េត បានបន្ថែមថា យើងមិនមែនប្រងើយកន្តើយ គិតតែខ្លួនឯង នៅតែក្នុងប្រទេស​នោះទេ គឺយើងកំពុងតាមដានស្ថានការណ៍ជុំវិញដែរ ដូចជានៅសិង្ហបុរី នៅថៃ នៅវៀតណាម ឬក៏នៅ​ប្រទេសណាដែលនៅអាស៊ានដូចគ្នា ថាតើគេចាប់ផ្ដើមពេលណាដែរ។

គួរម្លឹកផងដែរថា ការប្រកួតលីគកំពូលកម្ពុជា និងពានសម្ដេចតេជោ ហ៊ុន សែន ថ្នាក់ខេត្ត ព្រមទាំង​លីគយុវជនអាយុក្រោម១៦ឆ្នាំ និងអាយុក្រោម១៨ឆ្នាំត្រូវបានផ្អាកការប្រកួតព្រមៗគ្នា កាលពីពាក់កណ្ដាល​ខែមីនា ឆ្នាំ២០២០ កន្លងទៅ បន្ទាប់ពីមានការរីករាលដាលនៃជំងឺកូវីដ-១៩។

ចំពោះលីគកំពូលកម្ពុជាបាន​ដំណើរ​ការប្រកួត៥សប្ដាហ៍ មុនសម្រាក ដោយក្លិបភ្នំពេញក្រោន ឈរកំពូលតារាងមាន ១៣ពិន្ទុស្មើក្រុម​ការ​ពារ​ជើងឯកព្រះខ័នរាជស្វាយរៀង ក្រោយឆ្លងកាត់ ៥ប្រកួត ឈ្នះ៤ និងស្មើ១ ដូចគ្នា។ ចំពោះពានរង្វាន់​សម្តេចតេជោ ហ៊ុន សែន បានសម្រេចផ្អាកការប្រកួតបណ្តោះអាសន្ន ត្រឹមវគ្គជម្រុះក្នុងពូល ថ្នាក់ខេត្ត៕ ដោយ៖ ហេង ណាលីន