ក្រសួងសុខាភិបាល ទទូចសូមឱ្យប្រជាពលរដ្ឋបន្តអនុវត្តវិធានគម្លាតសង្គម និងគម្លាតបុគ្គល ដើម្បីចៀសវាងរលកទី២ នៃជំងឺកូវីដ១៩

 

AKP ភ្នំពេញ ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០ —

ឯកឧត្តមវេជ្ជបណ្ឌិត លី សូវ៉ាន់ ប្រធាននាយកដ្ឋានប្រយុទ្ធជំងឺឆ្លង និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានអំពាវនាវសារជាថ្មី និងដ៏ទទូច សូមឱ្យប្រជាពលរដ្ឋទាំងអស់ មេត្តាបន្តអនុវត្តវិធានគម្លាតសង្គម និងគម្លាតបុគ្គល ដោយមិនត្រូវធ្វេសប្រហែសម្តងណាទេ បើទោះបីជាជាងបួនសប្តាហ៍មកហើយ ដែលកម្ពុជាពុំមានរកឃើញករណីវិជ្ជមានកូវីដ១៩ ថ្មីណាមួយនោះ។

ថ្លែងប្រាប់អ្នកយកព័ត៌មាន ទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) នៅរសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០នេះ ឯកឧត្តមវេជ្ជបណ្ឌិត បានមានប្រសាសន៍ថា៖ “ក្រសួងសុខាភិបាល សូមអំពាវនាវដ៏ទទូច ឱ្យប្រជាពលរដ្ឋបន្តការប្រុងប្រយ័ត្នខ្ពស់ជាប់ជានិច្ច និងអនុវត្តនូវវិធានគម្លាតសង្គម និងគម្លាតបុគ្គល។ ខ្ញុំក៏សូមសំណូមពរដល់អាជ្ញាធរដែនដីទាំងអស់ ដែលមានប្រជាពលរដ្ឋអញ្ជើញទៅដើរលេងកម្សាន្តនៅដែនដីរបស់ខ្លួន ត្រូវជួយសម្រួល និងណែនាំឱ្យប្រជាពលរដ្ឋ កុំឱ្យជួបជុំគ្នាច្រើន និងរក្សាគម្លាតសុវត្ថិភាពជាប្រចាំ ទាំងការឈរ ឬអង្គុយ ឬប្រាស្រ័យទាក់ទងគ្នា។ល។ ព្រោះថាការធ្វេសប្រហែសណាមួយរបស់បងប្អូនប្រជាពលរដ្ឋនៅពេលនេះ នឹងអាចនាំទៅការវ៉ៃលុកនូវរលកកូវីដ លើកទី២ ដែលជាធម្មតារលកទី២នេះ ប្រាកដណាស់នឹងធ្ងន់ធ្ងរជាងរលកទី១ ដែលកម្ពុជាបានឆ្លងកាត់ដោយជោគជ័យមកហើយ ហើយក្នុងករណីដែលមានរលកទី២កើតមាន វិធានការតឹងរឹងបន្ថែមទៀត នឹងត្រូវដាក់ចេញមិនខាន ដូចជាការរិតត្បិតការធ្វើដំណើរជាដើម។ ហេតុដូច្នេះ សូមបន្តអនុវត្តនូវវិធានការដែលដាក់ចេញដោយក្រសួងសុខាភិបាល ដើម្បីកុំឱ្យកម្ពុជាមានរលកទី២ឱ្យសោះ។”

ការលើកឡើងដូច្នេះ បន្ទាប់ពីមានការសង្កេតឃើញថា តាមរមណីយដ្ឋាន ឬកន្លែងកម្សាន្តនានា បានកកកុញទៅដោយមនុស្សនាចុងសប្តាហ៍កន្លងទៅនេះ ជាពិសេសនៅខេត្តជាប់មាត់សមុទ្រ គឺមានបងប្អូនប្រជាពលរដ្ឋទៅលេងច្រើន កាលពីថ្ងៃអាទិត្យម្សិលមិញនេះ។

ដោយឡែកករណីអ្នកជំងឺកូវីដ១៩ ដែលនៅសេសសល់ទាំងពីរនាក់ ហើយដែលបានសម្រាកព្យាបាលអស់រយៈពេលយូរដែរនោះ ឯកឧត្តមអ្នកនាំពាក្យបានគូសបញ្ជាក់ថា៖ “តាមពិតទៅករណីអ្នកជំងឺទាំងពីរនាក់នេះ ពុំទាន់យូរដល់ករណីអ្នកជំងឺជនជាតិបារាំងនោះទេ ព្រោះថាអ្នកជំងឺជនជាតិបារាំងម្នាក់បានសម្រាកព្យាបាលប្រមាណ ២ខែឯណោះ ទំរាំជាសះស្បើយ ហើយចំពោះបុរសជនជាតិខ្មែរនៅខេត្តកំពង់ឆ្នាំង និងស្ត្រីនៅខេត្តបន្ទាយមានជ័យនេះវិញ គឺទើបតែបានជាងមួយខែប៉ុណ្ណោះ ដែលពេលនេះត្រូវបានក្រសួងសុខាភិបាល ក្រោមការចង្អុលបង្ហាញរបស់ ឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានសម្រេចយកមកសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ព្រោះបុរសនៅខេត្តកំពង់ឆ្នាំងរូបនេះ គាត់មានអាយុចាស់ហើយ (៧៥ឆ្នាំ) ព្រមជាមួយនឹងជំងឺទឹកនោមផ្អែម ដែលធ្វើឱ្យភាពស៊ាំនៅក្នុងខ្លួនរបស់គាត់ខ្សោយ ចំណែកឯអ្នកជំងឺជាស្ត្រី គឺគាត់មានជំងឺផ្លូវចិត្ត និងគេងមិនលក់ ប៉ុន្តែបន្ទាប់ពីចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យនៅភ្នំពេញ ខ្ញុំជឿជាក់ថា ក្រុមគ្រូពេទ្យនឹងពិនិត្យព្យាបាលទាំងជំងឺកូវីដ១៩ ទាំងសុខភាពផ្លូវចិត្ត ថែទាំ និងព្យាបាលជំងឺរ៉ាំរ៉ៃនានា ដែលមាននៅក្នុងខ្លួនអ្នកជំងឺទាំងពីរនាក់នេះ ហើយខ្ញុំនៅតែជឿជាក់ថាអ្នកទាំងពីរនាក់នេះ នឹងជាសះស្បើយក្នុងពេលឆាប់ៗនេះ” ។

គួររម្លឹកថា ក្រសួងសុខាភិបាលប្រកាសពុំមានរកឃើញករណីវិជ្ជមានកូវីដ១៩ ថ្មី ចំនួន២៩ថ្ងៃជាប់គ្នាមកហើយ ចំណែកករណីកំពុងព្យាបាលគឺនៅសល់តែ០២នាក់ចុងក្រោយនេះប៉ុណ្ណោះ ក្នុងចំណោមករណីសរុបទូទាំងប្រទេសចំនួន ១២២ករណី៕ ដោយ៖ ផែន រតនៈ