សាខាកាកបាទក្រហមខេត្តព្រះសីហនុ នាំយកអំណោយសង្គ្រោះ ចែកជូនប្រជាពលរដ្ឋខ្វះខាតស្បៀងនៅសង្កាត់លេខ១ ក្រុងព្រះសីហនុ

AKP ព្រះសីហនុ  ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០

លោកស្រី ហៀក ហ៊ីមុល្លី អនុប្រ ធានគណៈកម្មាធិការសាខាកាក បាទក្រហមកម្ពុជា តំណាងឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តព្រះសីហនុ និងមន្ត្រីសាខាអនុសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមឧបត្ថម្ភ ជូនដល់ប្រជាពលរដ្ឋ ងាយរងគ្រោះ មានជំងឺរ៉ាំរ៉ៃ និងគ្រួសារទើបសម្រាលកូនដោយវះកាត់ ស្ថិតនៅភូមិ២ សង្កាត់ លេខ១ ក្រុងព្រះសីហនុ នាព្រឹកថ្ងៃចន្ទ ៥រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០។

លោកស្រី ហៀក ហ៊ីមុល្លី  បានពាំនាំប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ និងក្ដីនឹករលឹកយ៉ាង ជ្រាលជ្រៅ ពីឯកឧត្តមប្រធានគណៈកម្មាធិការសាខា ពិសេសសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សម្ដេចតែងតែគិតគូរអំពីសុខទុក្ខ បងប្អូនប្រជាពល រដ្ឋក្រីក្រ មានទុក្ខលំបាក ជនរងគ្រោះ ជនងាយរងគ្រោះ ចាស់ជរា ក្មេងកំព្រានៅទូទាំង ប្រទេសដោយមិនមានការរើសអើង ប្រកាន់វណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬមាននិន្នាការ នយោបាយ គឺយើងធ្វើយ៉ាងណាជួយប្រជាពលរដ្ឋរបស់ យើងឱ្យបានទាន់ពេលវេលា មិនត្រូវ ទុកឱ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយសារខ្វះខាតស្បៀងអាហារឡើយ។

លោកកស្រីក៏បានធ្វើការណែនាំ ឱ្យប្រជាពលរដ្ឋ ត្រូវចូលរួមអនុវត្តន៍វិធានការរបស់ ក្រសួងសុខាភិបាល ដោយលាងសម្អាតដៃ ជាមួយសាប៊ូ ជែល និងអាល់កុល ជាប់ជាប្រចាំ ត្រូវពាក់ម៉ាស់នៅពេលមានជួបជុំ រក្សាគម្លាត ដើម្បីធានាបានថា មិនមានការឆ្លងវីរុស Covid-១៩ នៅក្នុងក្រុមគ្រួសារ និងក្នុងសហគមន៍របស់យើង ព្រោះជំងឺ Covid-១៩ បានឆ្លងរីករាល ដាលពាសពេញសកលលោក ប្រសិនបើយើងមិនមានវិធានការទប់ស្កាត់បានទាន់ពេលវេលា នោះទេ។

អំណោយដែលផ្ដល់ជូនប្រជាពលរដ្ឋទាំង៣គ្រួសារនោះ ដោយក្នុងមួយគ្រួសារទទួល បាន អង្ករ ២៥គីឡូ ក្រាមមី ១កេស ទឹកស៊ីអ៊ីវ ០១យួ ត្រីខ ០១យួ កន្ទេល ១ និងឃីត ១កញ្ចប់ (ក្រមា០១ សារុង០១ មុង០១ និងភួយ០១) អាវយឺត០៥ និងថវិកាចំនួន ១០ម៉ឺនរៀល៕ ដោយ៖ងូ សុមុនី