តំណាងរាស្រ្តមណ្ឌលបន្ទាយមានជ័យ ផ្តាំដល់ពលរដ្ឋត្រូវខិតខំបង្កបង្កើនផលកសិកម្ម ដើម្បីផ្គត់ផ្គង់គ្រួសារ អំឡុងពេលមានវិបត្តិជំងឺកូវីដ១៩

AKP បន្ទាយមានជ័យ ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០

តំណាងរាស្ត្រមណ្ឌលបន្ទាយមានជ័យឯកឧត្តម គោស៊ុំ សារឿត ជាអនុប្រធានក្រុមការ ងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ បានផ្តាំផ្ញើដល់ពលរដ្ឋត្រូវខិតខំបង្កើន ការងារ បង្កបង្កើនផលកសិកម្ម គ្រប់ប្រភេទ ដើម្បីផ្គត់ផ្គង់ក្នុងជីវភាពគ្រួសារ កំលុងពេលដែលកម្ពុជា និងពិភពលោកទាំងមូលកំពុងមានវិបត្តិជំងឺកូវីដ១៩នោះ។

ក្នុងឱកាសការចុះសួរសុខទុក្ខ និងនាំយកអំណោយឯកឧត្តមឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន និងលោកជំទាវ ទៅចែកជូនដល់ប្រជាពលរដ្ឋជួបការខ្វះខាតចំនួន២២០គ្រួសារ ក្នុងស្រុកមង្គលបូរីខេត្តបន្ទាយមានជ័យកាលពីព្រឹកថ្ងៃចន្ទ ៥រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស២៥៦៤​ ត្រូវនឹងថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០នេះ តំណាងរាស្ត្រមណ្ឌលបន្ទាយមានជ័យ ឯកឧត្តម គោស៊ុំ សារឿត បានបន្ថែមទៀតថា សូមផ្តាំផ្ញើដល់ពលរដ្ឋត្រូវហូបចុកឱ្យមាន អនាម័យល្អលាងដៃនឹងសាប៊ូ ឬជែល ឱ្យបានញឹកញាប់ ហើយស្តាប់ការណែនាំរបស់ ក្រសួងសុខាភិបាល ទោះបីប្រទេសយើងពុំទាន់មានអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ថែមទៀតក៏ដោយ។

ឯកឧត្តមតំណាងរាស្ត្រ គោស៊ុំ សារឿត បានលើកឡើងថា ដោយមើលឃើញពីការ លំបាករបស់ប្រជាពលរដ្ឋទាំង២២០គ្រួសារដែលមានជីវភាពខ្វះខាត មកពីឃុំឬស្សីក្រោក ​,គយមែង ,តាឡំ និង បន្ទាយនាងក្នុងស្រុកមង្គលបូរី ឯកឧត្តមរួមនឹងក្រុមការងារបាន នាំយក អំណោយ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំង គ្រឿង ញៀនជាប្រធានក្រុម​ការងារចុះជួយខេត្តបន្ទាយមានជ័យមកចែកជូន ដល់បងប្អូន ដោយក្នុង១ គ្រួសារៗទទួលបាន​អង្ករ២០​គីឡូក្រាម និងក្រមា១។

​ ឯកឧត្តមបានថ្លែងទៀតថា ទោះបីជាអំណោយទាំងនេះបន្តិចបន្តួចក៏ពិតមែន តែវា បានបង្ហាញឱ្យឃើញពីទឹកចិត្តនៃការយកចិត្តទុកដាក់ថ្នាក់នាំរាជរដ្ឋាភិបាលរដ្ឋសភាព្រឹទ្ធសភាដែលជានិច្ចកាលតែងតែគិតគូរដល់ការរស់នៅរបស់បងប្អូនក្នុងគ្រាជួបការលំបាកនេះហើយអំណោយនេះអាចរួមចំណែកដោះស្រាយក្នុងជីវភាពគ្រួសារបានមួយរយៈអាជ្ញាធរនឹង​បន្ត យកមកចែកជូនប្រជាពលរដ្ឋ នៅថ្ងៃក្រោយៗទៀត។

សូមបញ្ជាក់ថា រហូតមកដល់ពេលនេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន១២២ករណី ក្នុងនោះបានព្យាបាលជាសះស្បើយចំនួន១២០ករណី នៅសល់ តែ២នាក់ប៉ុណ្ណោះ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ ទោះជាយ៉ាងនេះក្តី កម្ពុជាមិនបាន បន្ធូរបន្ថយវិធានការក្នុងការបង្ការ ការពារចំពោះការរីករាលដាលជំងឺកូវីដ១៩ នៅឡើយទេ ដោយសារតែប្រទេសផ្សេងៗនៅលើពិភពលោកក៏ដូចជាប្រទេសជិតខាងរបស់​​ខ្លួន កំពុងមាន ការឆ្លងរីករាលដាលបន្តបន្ទាប់នៅឡើយ៕ ដោយ៖ឈុនសារ៉ាត