រដ្ឋមន្ត្រីក្រសួងសុខាភិបាលគូសបញ្ជាក់ថា នឹងរឹតបន្តឹងការត្រួតពិនិត្យបន្ថែមទៀត នៅព្រលានយន្តហោះ

AKP ភ្នំពេញ ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០–

ដើម្បីចូលរួមទប់ស្កាត់ការចម្លងជំងឺកូវីដ-១៩ ពីខាងក្រៅចូលមកក្នុងប្រទេសនោះ រដ្ឋមន្ត្រី​ក្រសួង​​សុខាភិបាលបានគូសបញ្ជាក់ថា ក្រសួងនឹងរឹតបន្តឹងឱ្យបានខ្លាំងក្លាបន្ថែមទៀត​នៅ​ព្រលានយន្តហោះ ​ដើម្បីទប់ស្កាត់ការនាំជំងឺកូវីដ-១៩ មកពីខាងក្រៅ។ ការគូសបញ្ជាក់របស់​ឯកឧត្ដមរដ្ឋមន្ត្រីនេះ ធ្វើឡើងក្នុងសន្និសីទសារព័ត៌មាន ​នាព្រឹកថ្ងៃទី១១ ​ខែឧសភា ឆ្នាំ២០២០ នៅទីស្តីការក្រសួង។

ឯកឧត្ដម ម៉ម ប៊ុនហេង បានគូសបានបញ្ជាក់ថា “ខ្ញុំកំពុងចេញគោលការណ៍ប្រតិបត្តិ​នៅ​​តាមអាកាសយានដ្ឋាន ​ដើម្បី​ត្រួតពិនិត្យអ្នកចេញ-ចូលអាកាសយានដ្ឋាន ករណីនៅ​ស្រុក​ខ្មែរ គឺករណីនាំចូល អញ្ចឹងត្រូវធ្វើឱ្យបានតឹងរឹងថែមទៀត”។ ឯកឧត្ដមរដ្ឋមន្ត្រីបានបន្តថា ការរឹតបន្តឹងនេះដោយដាក់ម៉ាស៊ីនត្រួតពិនិត្យអ្នកធ្វើដំណើរទាំងអស់ដើម្បីស្វែករកអ្នកជំងឺកូវីដ-១៩ ហើយពង្រឹងការតាមដានជំងឺនេះ​បន្ថែមទៀត ពីព្រោះករណីនៅស្រុកខ្មែរ​ជាករណី​នាំចូល ដូច្នេះយើងពង្រឹងឱ្យបានហ្មត់ចត់ថែមទៀត។

ឯកឧត្ដមបានបន្តទៀតថា ​ការពង្រឹង​នោះ យើងដាក់បដា នៅតាមព្រលានយន្តហោះ ហើយអ្នកចេញ-ចូលព្រលានយន្ដហោះ ត្រូវ​មានលិខិតបញ្ជាក់ថាមិនមានវីរុសកូវីដ-១៩នោះទេ ហើយត្រូវពិនិត្យក្នុងរយៈពេល៧២​ម៉ោង។ ចំពោះអ្នកទាំងនោះត្រូវធ្វើចក្តាឡីស័ក១៤ថ្ងៃ ហើយត្រូវបង់លុយទុក បន្ទាប់មកក្រុម​ចត្តាឡីស័ក នឹងធ្វើការជាមួយអាកាសយានដ្ឋានក្នុងការធ្វើអនាម័យឱ្យកាន់តែល្អថែមទៀត ដើម្បីធានាថាកម្ពុជាគ្មានជំងឺកូវីដ-១៩។

ឯកឧត្ដមរដ្ឋមន្រ្ដីបន្ថែមថា ការធ្វើអ្វីៗគឺត្រូវធ្វើជាអន្តរក្រសួង មិនអាចធ្វើតែក្រុមចក្តាឡី​ស័ក​តែមួយនោះទេ៕

ដោយ៖ប៊ុនរិទ្ធ